ពិភពលោក៖ ផែនទឹកកកដ៏មហិមាមួយដុំ កំពុងបណ្តែងខ្លួនផុសឡើងនៅចន្លោះមហាសមុទ្ទអាក់ទិក និងមហាសមុទ្ទអាត្លង់ទិច។ ពេលនេះ កោះទឹកកមួយដ៏ធំជាងគេលើកលោកមួយនេះ កំពុងឡើងកម្តៅរាប់សិបអង្សា ព្រោះតែមហិច្ឆតាឈ្លានពានរបស់ត្រាំ។ ពិភពលោកកំពុងចោលកន្ទុយនេត្រាសម្លឹងមើលដោយក្ដីព្រួយបារម្ភ ខណៈកោះទឹកកកអាក់ទិកត្រជាក់ដល់ឆ្អឹងមួយនេះ ក្លាយជាទំនិញនយោបាយដ៏ក្ដៅគគុករវាងសហរដ្ឋអាម៉េរិក ដាណឺម៉ាក សហភាពអឺរ៉ុប និងអង្គការណាតូ...។

ភាពផុយស្រួយនៃការបែកបាក់រវាងសហរដ្ឋអាម៉េរិក ជាមួយសម្ព័ន្ធមិត្តអឺរ៉ុប និងអង្គការណាតូ អាចកើតឡើងបានគ្រប់ពេល នោះក៏ដោយសារដែនកោះហ្គ្រីនឡែន ស្ថិតក្នុងសភាពកាន់តែគ្រោះថ្នាក់ ដាណឺម៉ាកដែលជាអាណាព្យាបាល បានបញ្ជូនទាហានបន្ថែមទៀតទៅកាន់កោះនោះ។ ដែលនេះមិនមែនគ្រាន់តែជាការបញ្ជូនយោធាទៅធម្មតាទេ ប៉ុន្តែវាជា«ការគូសបន្ទាត់ក្រហម» ប្រឆាំងនឹងមហិច្ឆតាឈ្លានពានរបស់ស្តេចឥន្ទ្រីអាម៉េរិក។ តែទោះជាយ៉ាងណា នេះក៏ជាយុទ្ធសាស្ត្រលំពែងមុខ២ ដែលមានន័យថា «ការពារអធិបតេយ្យភាព ក្នុងស្រមោលនៃការគំរាមកំហែងពីបច្ចាមិត្ត»។ ជាក់ស្តែង ការចុះចតនៃកងទ័ពដាណឺម៉ាកនៅលើកោះហ្គ្រីនឡែន គឺជាចុតហ្មាយព្រមានយ៉ាងច្បាស់ទៅកាន់រដ្ឋធានីវ៉ាស៊ីនតោន ថា អាម៉េរិកមិនអាចខ្វេះបេះដូងហ្គ្រីនឡែន ចេញពីទ្រូងដាណឺម៉ាកបានស្រួលៗនោះទេ។

ប៉ុន្តែសំណួរសួរថា តើលោក ដូណាល់ ត្រាំ ញញើតនឹងចុតហ្មាយនេះដែរទេ...? ជាការពិត បុរសខ្លាំង២សម័យកាលរបស់អាម៉េរិករូបនេះ ទំនងជាមិនព្រឺរោមបន្តិចឡើយ ប៉ុន្តែក៏មិនហ៊ានមើលងាយដាណឺម៉ាក និងសម្ព័ន្ធមិត្តឯទៀតដែរ ព្រោះពួកគេសុទ្ធសឹងជាសមាជិកណាតូដូចគ្នា។ ចុះបើមិនខ្លាច និងមិនព្រឺរោមមែន តើ ត្រាំ អាចបញ្ជាឱ្យមន្ទីរបញ្ចកោណ និងក្រសួងសង្គ្រាម ប្រើកម្លាំងយោធាដើម្បីយកកោះនេះឬយ៉ាងណា? ខណៈអ្នកវិភាគជាច្រើនជឿជាក់លើបងធំទីមួយនេះ យល់ឃើញថា ប្រសិនបើអាម៉េរិកចង់យកមែន គឺចំណាយពេលត្រឹមតែមួយចម្អិនកំពឹងប៉ុណ្ណោះ។ ប៉ុន្តែសំណួរមួយទៀតផ្ទុយពីការគិតខាងលើ ថាចុះបើអាម៉េរិកមិនហ៊ានវ៉ៃដណ្តើមយកវិញ តើអ្វីទៅជាឧបសគ្គរាំងស្ទះមហិច្ឆតារបស់ចៅហ្វាយសេតវិមានរូបនេះ..? ក៏មានមតិច្រើនដូចគ្នា លើកឡើងថា ត្រាំកំពុងរៀបចំស៊េណារីយោថ្មីឡើងវិញ បន្ទាប់ពីឃើញសមាជិកណាតូលូកដៃចូលជួយកោះហ្គ្រីនលែនច្រើនរហូតដល់ទៅ៨ប្រទេសចូលរួម។ និងម្យ៉ាងទៀត លោក ដូណាល់ ត្រាំ ក៏បានសម្លឹងឃើញផងដែរ នៃសម្ព័ន្ធមិត្តណាតូ និងសហភាពអឺរ៉ុប ដែលនៅតែជាខែលដ៏រឹងមាំ ដើម្បីការពារកោះហ្គ្រីនឡែន និងដាណឺម៉ាក។

ដូច្នេះ បើអាម៉េរិកមានជម្លោះជាមួយដាណឺម៉ាកមែននោះ វាជាជោគជ័យដ៏ត្រចេះត្រចង់មួយផ្នែកទៀតរបស់រុស្ស៊ី និងចិន ដែលចង់ឱ្យសហរដ្ឋអាម៉េរិកបាត់បង់សម្ព័ន្ធមិត្តធំៗ ហើយធ្លាក់ចុះឥទ្ធិពល ទើបបានជាត្រាំនៅអល់អែក។ អល់អែកមួយផ្នែកធំទៀត នោះគឺសមាជិកសភាអាម៉េរិកជាច្រើនក៏មិនយល់ស្របឱ្យត្រាំ ដណ្តើមយកកោះហ្គ្រីនឡែននៅពេលនេះដែរ ព្រោះវាហ្នឹងធ្វើឱ្យខូចគោលនយោបាយការបរទេស ខណៈដែលរដ្ឋនានានឹងចាត់ទុកអាម៉េរិកជាប្រទេសធំ ឈ្លានពានលើប្រទេសតូច និងខ្សោយជាងខ្លួន។ យ៉ាងណា គេមើលឃើញថា ក្រោយចរចាលួងលោមមិនបានសម្រេច ត្រាំ បានប្តូរវិធីមកជាគំរាមសម្លុតវិញម្ដង ប៉ុន្តែដាណឺម៉ាក និងហ្គ្រីនឡែន នៅតែមិនភ័យខ្លាច ទើបជម្រើសចុងក្រោយរបស់ ត្រាំ គឺការយកវិស័យសេដ្ឋកិច្ចធ្វើជាសង្គ្រាមពាណិជ្ជកម្មលើបណ្តាប្រទេសអឺរ៉ុបណា ដែលចេញមុខប្រឆាំងខ្លួនវិញម្ដង។ យ៉ាងណា មេណាតូធ្លាប់បានបង្ហើរពាក្យព្រមានតាមខ្យល់ខ្សឹបប្រាប់ត្រាំពីចម្ងាយផងដែរថា តំបន់អាក់ទិក មិនមែនជាទីផ្សារលក់ត្រី សម្រាប់តថ្លៃនោះទេ ប៉ុន្តែវាជាចំណុចស្លាប់រស់នៃសន្តិសុខរួម។

មិនខ្វល់នឹងសម្តីមេណាតូឡើយ ត្រាំ បានដាក់គំនាបពន្ធគយ១០ភាគរយលើសម្ព័ន្ធមិត្តអឺរ៉ុប ដែលជាអង្គុបសេដ្ឋកិច្ចមួយកំពុងធ្វើឱ្យរំជើបរំជួលសាជាថ្មី។ នេះមានន័យថា ក្រៅពីកម្លាំងយោធា សង្គ្រាមពាណិជ្ជកម្ម ក៏ជាអាវុធយុទ្ធសាស្ត្ររបស់ត្រាំ ប្រើសម្រាប់ជាន់-កសេដ្ឋកិច្ចប្រទេសនានាក្នុងសហភាពអឺរ៉ុបដែរ។ តើប្រទេសទាំង៨ដែលរងទណ្ឌកម្មពន្ធគយពីសហរដ្ឋអាម៉េរិក នឹងមានវិធានការឆ្លើយតបបែបណាទៅកាន់បុរសខ្លាំង ដូណាល់ ត្រាំ វិញ? យុទ្ធសាស្ត្ររួមគ្នាជាធ្លុងមួយរបស់សហភាពអឺរ៉ុប ដែលចង់វាយបកពន្ធគយត្រឡប់ទៅត្រាំវិញ តើអាចជួយទប់លំនឹងសេដ្ឋកិច្ចខ្លួនបានយូរប៉ុណ្ណា បើសហរដ្ឋអាម៉េរិកក្តោបក្តាប់សេដ្ឋកិច្ចទីផ្សារនាំចូលពួកគេ ស្ទើរតែទាំងស្រុងទៅហើយនោះ? ដូច្នេះ ការយកកោះហ្គ្រីនឡែន ធ្វើជាចំណាប់ខ្មាំងរបស់ត្រាំនៅពេលនេះ នឹងធ្វើឱ្យពិភពលោកកាន់តែវឹកវរ។ វឹកវរក៏នៅត្រង់ថា ជម្លោះពន្ធគយនេះ ក៏អាចនឹងរីករាលដាលទៅជាជម្លោះប្រដាប់អាវុធនាថ្ងៃខាងមុខផងដែរ ដ្បិតថា បើត្រាំហ៊ានឈ្លានពាន សម្ព័ន្ធមិត្តណាតូនឹងប្រេះបែកមិនខាន ព្រោះអាម៉េរិកខ្លួនឯងក៏ជាសមាជិកមួយក្នុងចំណោមសមាជិកទាំង៣២នោះដែរ តែបែរជាមានចិត្តដណ្តើមទ្រព្យសម្បត្តិសមាជិកដទៃទៅវិញ។

មែនទែនទៅ មិនមែនមានតែអឺរ៉ុប ណាតូ និងដាណឺម៉ាកទេ ដែលនិយាយពាក្យថា «ទេ» ចំពោះគំនិតរបស់ត្រាំ ប្រជាជនហ្គ្រីនឡែន ក៏មិនព្រមដូចគ្នា។ ជាតិតែមួយ ឆន្ទៈតែមួយ «ដីរបស់ខ្ញុំមិនមែនសម្រាប់លក់ទេ» នេះជាសម្តីបង្ហាញពីការប្តេជ្ញាការពារ បញ្ជាក់ពីសាមគ្គីភាព និងមិនអាចបំបែកបានរបស់ប្រជាជនហ្គ្រីនឡែន បើទោះបីពួកគេមានគ្នាត្រឹមតែជាង៥៧០០០នាក់ក៏ដោយ។ វាជាគំរូបង្ហាញយ៉ាងច្បាស់ដូចថ្ងៃ ថា ក្នុងយុគសម័យទំនើបនេះ ទឹកដីមិនមែនជារបស់ដែលអាចទិញដូរដូចមាសប្រាក់ តាមតែអំពើចិត្តចង់នោះឡើយ! ប្រជាជនហ្គ្រីនឡែនតិច ប៉ុន្តែតាន់! តាន់ ក៏ព្រោះតែពួកគេហ៊ានងើបតវ៉ាស្រុះដៃគ្នា ដោយមិនយកជាតិដូរជាមួយមាសប្រាក់ដាច់ខាត។ ដូចនេះ ត្រាំអាចនឹងបរាជ័យលើមហិច្ឆតាមួយនេះ លើកលែងតែ ត្រាំ បញ្ជាឱ្យក្រសួងសង្គ្រាមខ្លួនប្រើកម្លាំងបាយដូចប្រទេសថៃ បើកការឈ្លានពានលើកម្ពុជាទាំងកម្រោល និងសាហាវព្រៃផ្សៃ យង់ឃ្នង ទើបអាចយកកោះហ្គ្រីនឡែនបាន ប៉ុន្តែអង្គការណាតូ ក៏ប្រហែលជាមិននៅស្ងៀមឱ្យសហរដ្ឋអាម៉េរិកយកស្រួលៗ ដូចគ្នានឹងកម្ពុជាដែលព្យាយាយតស៊ូច្បាំងជាមួយចោរថៃឈ្លានពានយ៉ាងដូច្នោះដែរ៕



