ហ្សេឡេនស្គី ហោះទៅជួបមិត្តអឺរ៉ុប ស្ដីពីផែនការសន្តិភាពរបស់សហរដ្ឋអាម៉េរិក និងសន្តិសុខអ៊ុយក្រែន
N
Nary Vann
09 ធ្នូ 2025 06:00 AM

រាជធានីឡុងដ៍៖ ប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេឡេនស្គី បានជួបជាមួយមេដឹកនាំអង់គ្លេស បារាំង និងអាល្លឺម៉ង់ នៅរាជធានីឡុងដ៍ កាលពីថ្ងៃទី៨ធ្នូ ក្នុងការបង្ហាញការគាំទ្រអឺរ៉ុបសម្រាប់អ៊ុយក្រែន នៅក្នុងកិច្ចខិតខំប្រឹងប្រែងដឹកនាំដោយសហរដ្ឋអាម៉េរិក ដើម្បីបញ្ចប់សង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។

នាយករដ្ឋមន្ត្រីអង់គ្លេស លោក ឃារ ស្តាមឺ បានជួបពិភាក្សាជាមួយលោក ហ្សេឡេនស្គី ប្រធានាធិបតីបារាំង អេម៉ានូអែល ម៉ាក្រុង និងអធិការបតីអាល្លឺម៉ង់ លោក ហ្វ្រីឌ្រីច មើស (Friedrich Merz) នៅឯការិយាល័យមេដឹកនាំអង់គ្លេស ដើម្បីពង្រឹងការគាំទ្រសម្រាប់អ៊ុយក្រែន។ បន្ទាប់ពីកិច្ចប្រជុំនោះ លោក ស្តាមឺ លោក ហ្សេឡេនស្គី និងមេដឹកនាំផ្សេងទៀតបានទូរសព្ទទៅសម្ព័ន្ធមិត្តអឺរ៉ុបរបស់រដ្ឋធានីកៀវ ដោយជំរុញឱ្យពួកគេរក្សាសម្ពាធលើប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។ ការិយាល័យរបស់លោក ស្តាមឺ បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«មេដឹកនាំទាំងអស់បានព្រមព្រៀងគ្នាថា ឥឡូវនេះគឺជាពេលវេលាដ៏សំខាន់ ហើយថាយើងត្រូវបន្តបង្កើនការគាំទ្រដល់អ៊ុយក្រែន និងសម្ពាធសេដ្ឋកិច្ចលើលោក ពូទីណ ដើម្បីបញ្ចប់សង្រ្គាមដ៏ព្រៃផ្សៃនេះ»។ ការិយាល័យរបស់លោក ម៉ាក្រុង បានបង្ហាញថា សម័យប្រជុំបានអនុញ្ញាតឱ្យមេដឹកនាំបន្តការងាររួមគ្នាលើផែនការរបស់សហរដ្ឋអាម៉េរិក ដើម្បីបំពេញបន្ថែមជាមួយនឹងការរួមចំណែករបស់អឺរ៉ុប ដោយមានការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយអ៊ុយក្រែន។ 

ទន្ទឹមនេះ លោក ហ្សេឡេនស្គី បានឱ្យដឹងថា ផែនការសន្តិភាពរបស់សហរដ្ឋអាម៉េរិកបច្ចុប្បន្នមាន២០ចំណុចប៉ុណ្ណោះ ខុសពីកំណែមុនដែលមានដល់ ២៨ចំណុច ក្រោយចំណុចប្រឆាំងអ៊ុយក្រែនមួយចំនួនត្រូវបានដកចេញ។ យ៉ាងណា​ លោកបានលើកឡើងពីការព្រួយបារម្ភទាក់ទងនឹងការធានាសន្តិសុខក្រោយសង្គ្រាម ដោយចោទសួរថាតើដៃគូនឹងឆ្លើយតបយ៉ាងណាចំពោះការឈ្លានពាននាពេលអនាគតពីប្រទេសរុស្ស៊ី។ លោក ស្តាមឺ និងសមភាគីបានសម្ដែងការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការសម្របសម្រួលបទឈប់បាញ់មួយដោយយុត្តិធម៌ និងការពង្រឹងសន្តិសុខរបស់អ៊ុយក្រែន ដោយទទួលស្គាល់ថា កិច្ចសហប្រតិបត្តិការទាំងពីសហរដ្ឋអាម៉េរិក និងអឺរ៉ុបគឺមានសារសំខាន់ទៅលើការគាំទ្ររយៈពេលវែង​សម្រាប់អ៊ុយក្រែន៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត