អាជីវករថៃដាច់បាយ ស្រែកជេររាជរដ្ឋាភិបាលខ្លួនឯង ដែលប្រកាសបិទច្រកព្រំដែនជាមួយកម្ពុជាដោយឯកតោភាគី
ហៀប ស៊ីថេត
12 ម៉ោងមុន

រាជធានីបាងកក៖ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ របាយការណ៍ពីស្រុកអារញ្ញប្រទេស ខេត្តស្រះកែវ បង្ហាញថា សេដ្ឋកិច្ចថៃនៅតំបន់ព្រំដែនជាប់កម្ពុជា កំពុងរងផលប៉ះពាល់ធ្ងន់ធ្ងរ ដោយសារភាពតានតឹងជាបន្តបន្ទាប់រវាងប្រទេសទាំង២ និងការប្រកាសបិទច្រកព្រំដែនដោយឯកតោភាគីរយៈយូររបស់ភាគីថៃ ដែលបានធ្វើឱ្យអាជីវកម្មក្នុងស្រុក និងប្រជាពលរដ្ឋថៃរងទុក្ខវេទនាជាខ្លាំង ជាពិសេសនៅផ្សាររុងក្លឿ ដែលជាដង្ហើមពាណិជ្ជកម្មនៅព្រំដែនដ៏សំខាន់។ ប្រជាជន និងអាជីវករថៃនៅតាមតំបន់ព្រំដែន បានស្រែករំពងទាមទារឱ្យរាជរដ្ឋាភិបាលខ្លួន បញ្ឈប់ការបង្កជម្លោះជាមួយកម្ពុជា និងប្រញាប់ដោះស្រាយបញ្ហាជាបន្ទាន់ មុនពេលសេដ្ឋកិច្ចរបស់ពួកគេត្រូវរលាយទាំងស្រុង...។

រូបភាព៖ The Nation
រូបភាព៖ The Nation

បើយោងតាមការចុះផ្សាយដោយកាសែតថៃ បានបង្ហាញថា ហាងជាច្រើននៅផ្សាររុងក្លឿបានបិទទ្វារ និងមានភាពស្ងាត់ជ្រងំ ដោយមានតែហាងមួយចំនួនតូចប៉ុណ្ណោះដែលនៅបើក ប៉ុន្តែស្ទើរគ្មានអតិថិជនទាល់តែសោះ។ ម្ចាស់ហាងនៅស្រុកអារញ្ញប្រទេសបានចែករំលែកថា ៖«អាជីវកម្មធ្លាក់ចុះយ៉ាងគំហុក ចាប់តាំងពីបិទច្រកព្រំដែន មានថ្ងៃខ្លះគ្មានអតិថិជនសោះ។ រយៈពេល២-៣ខែចុងក្រោយនេះ គ្រួសារជាច្រើនកំពុងជួបបញ្ហាកង្វះខាតហិរញ្ញវត្ថុធ្ងន់ធ្ងរ ព្រោះគ្មានចំណូលគ្រប់គ្រាន់ដើម្បីចំណាយ»។ ចំណែកឯអ្នកជំនួញថៃម្នាក់បានលើកឡើងទាំងកំហឹងថា ៖«ប្រជាជននៅតំបន់ព្រំដែនកំពុងទុក្ខវេទនាខ្លាំងណាស់។ ខ្លះស្ទើរមិនអាចបន្តរស់រានបានទៀត។ យើងចង់ឱ្យរាជរដ្ឋាភិបាលធ្វើសកម្មភាពជាក់ស្តែង មិនមែនគ្រាន់តែនិយាយឱ្យតែល្អស្ដាប់នោះទេ។ យើងពឹងផ្អែកលើអាជីវកម្មនេះ បើត្រូវផ្លាស់ទីកន្លែងផ្សេង យើងក៏មិនដឹងទៅណាដែរ»។

រូបភាព៖ The Nation
រូបភាព៖ The Nation

ស្រដៀងគ្នានេះ ក៏មានការលើកឡើងផងដែរថា ៖«ជម្លោះជាបន្តបន្ទាប់បានបំផ្លាញសេដ្ឋកិច្ចប្រទេសទាំងសងខាង ហើយប្រជាពលរដ្ឋធម្មតា ជាអ្នករងគ្រោះខ្លាំងបំផុត។ គ្មាននរណាចង់ឃើញការបង្ហូរឈាម ឬការបាត់បង់ជីវិតទេ។ យើងចង់ឱ្យថៃ និងកម្ពុជាអង្គុយចរចាគ្នាឱ្យបានត្រឹមត្រូវ។ បើជម្លោះផ្ទុះឡើងម្ដងទៀត នោះគឺប្រជាជន និងពាណិជ្ជករទាំងសងខាងជាអ្នករងទុក្ខ។ គ្មាននរណាទទួលបានផលប្រយោជន៍ពីសង្គ្រាមឡើយ»។ ដោយមិនទាន់ឃើញមានដំណោះស្រាយច្បាស់លាស់ ប្រជាជនថៃក្នុងតំបន់កំពុងព្រួយបារម្ភកាន់តែខ្លាំងឡើង ព្រោះថា ជម្លោះនេះអាចកើនឡើងជុំទី៣។ គ្រួសារជាច្រើនកំពុងរស់នៅក្នុងសភាពភ័យខ្លាច ខណៈសេដ្ឋកិច្ចតាមបណ្តោយព្រំដែននៅតែបន្តជួបការលំបាក។ ជុំវិញបញ្ហានេះ ទាំងប្រជាជនក្នុងតំបន់ និងម្ចាស់អាជីវកម្មថៃកំពុងទាមទារឱ្យរាជរដ្ឋាភិបាលខ្លួនចាត់វិធានការយ៉ាងម៉ឺងម៉ាត់ បើកចំហសម្រាប់កិច្ចសន្ទនា បន្ធូរបន្ថយភាពតានតឹង និងស្តារសេដ្ឋកិច្ចតាមព្រំដែនឡើងវិញ ដើម្បីឱ្យប្រជាជនអាចវិលត្រឡប់ទៅរកជីវិត និងជីវភាពរស់នៅធម្មតារបស់ពួកគេវិញ។

រូបភាព៖ The Nation
រូបភាព៖ The Nation

ការបិទច្រកព្រំដែនដោយឯកតោភាគី និងការបន្តកាន់កាប់ទឹកដីកម្ពុជាដោយយោធាថៃ គឺជាគោលនយោបាយឈ្លានពាន ដែលមិនត្រឹមតែប៉ះពាល់ដល់ប្រជាជនស៊ីវិលកម្ពុជាទេ ប៉ុន្តែក៏កំពុងតែបង្កគ្រោះថ្នាក់ដល់ប្រជាជនថៃខ្លួនឯងដែរ ជាពិសេសស្រុកអារញ្ញប្រទេស មានផ្សាររុងក្លឿ អាទិ៍ ដែលធ្លាប់តែជាដង្ហើមពាណិជ្ជកម្មដ៏រស់រវើក ឥឡូវស្ទើរក្លាយជាផ្សារខ្មោច ដោយហាងត្រូវបិទទ្វារ គ្មានអតិថិជន និងគ្រួសារជាច្រើនបាត់បង់ជីវភាព រស់នៅទាំងរងទុក្ខវេទនា ដោយសាររាជរដ្ឋាភិបាលថៃនៅតែប្រកាន់គោលនយោបាយជាតិនិយមជ្រុល ដែលនៅតែបន្តចិញ្ចឹមចិត្តឈ្លានពានកម្ពុជា៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត