មេដឹកនាំកម្ពុជា បកអាក្រាតមុខមាត់ពិតរបស់ចោរថៃនៅរដ្ឋធានីវ៉ាស៊ីនតោន ថាបានលេបត្របាក់ទឹកដីខ្មែរទាំងបំពាន ទោះមានបទឈប់បា.ញ់របស់លោក ត្រាំ
ហៀប ស៊ីថេត
21 ម៉ោងមុន

រដ្ឋធានីវ៉ាស៊ីនតោន៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបកអាក្រាតមុខមាត់ពិតរបស់ថៃ នៅឯរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃអង្គារទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ ថា សង្គ្រាមឈ្លានពានកាលពីឆ្នាំមុន យោធាថៃបាននិងកំពុងកាន់កាប់ទឹកដីកម្ពុជាយ៉ាងជ្រៅដោយខុសច្បាប់ ទោះបីមានកិច្ចព្រមព្រៀងសន្តិភាព ដែលសម្របសម្រួលដោយលោកប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ ក៏ដោយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវឱ្យភាគីថៃ អនុញ្ញាតឱ្យគណៈកម្មការព្រំដែនរួម(JBC) ចាប់ផ្តើមធ្វើការលើតំបន់ព្រំដែនដែលមានជម្លោះ។ ការអំពាវនាវនេះ កើតឡើងក្រោយសម្តេចធិបតីអញ្ជើញធ្វើដំណើរទស្សនកិច្ចទៅកាន់រដ្ឋធានីវ៉ាស៊ីនតោន ដើម្បីចូលរួមកិច្ចប្រជុំនៃក្រុមប្រឹក្សាសន្តិភាពរបស់លោក ត្រាំ ដោយសម្តេចសង្ឃឹមថា ស្ថាប័នថ្មីនេះ អាចជួយកាត់បន្ថយភាពតានតឹងនៅតំបន់ព្រំដែនដ៏ផុយស្រួយ ទោះបីមានកិច្ចព្រមព្រៀងបទឈប់បាញ់ កាលពីខែធ្នូបន្ថែមលើកិច្ចព្រមព្រៀងសន្តិភាពរាជធានីគូឡាឡាំពួរក៏ដោយ។ បទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ បានបញ្ចប់ការប្រយុទ្ធគ្នាដ៏បង្ហូរឈាម បន្ទាប់ពីកិច្ចព្រមព្រៀងសន្តិភាពរាជធានីគូឡាឡាំពួរ កាលពីខែតុលា មានការចូលរួមសម្របសម្រួលដោយលោកប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ និងប្រធានអាស៊ាន«ម៉ាឡេស៊ី» ត្រូវបានថៃបោះចោលនៅកន្លៀតជញ្ជាំងត្រឹមតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ។

ជម្លោះដ៏ធ្ងន់ធ្ងរបំផុតក្នុងរយៈពេលជាងមួយទសវត្សរ៍មកនេះ បានឆាបឆេះឡើងកាលពីខែកក្កដា បណ្ដាលឱ្យជនស៊ីវិលកម្ពុជាជាច្រើននាក់បានស្លាប់ និងរងរបួស  ខណៈមនុស្សរាប់សែននាក់ទៀតត្រូវរត់ភៀសខ្លួន និងរំខានដល់ដង្ហើមពាណិជ្ជកម្មតាមបណ្តោយព្រំដែនគោកប្រវែង៨១៧គីឡូម៉ែត្រ។ នៅក្រោមមេឃក្នុងរដ្ឋធានីវ៉ាស៊ីនតោន សម្តេចធិបតី មានប្រសាសន៍ថា៖«នៅតែមានកងទ័ពថៃកាន់កាប់ជ្រៅក្នុងទឹកដីកម្ពុជា ក្នុងតំបន់ជាច្រើន។ នេះគឺស្ថិតនៅជ្រៅជាងខ្សែបន្ទាត់ព្រំដែន ដែលថៃអះអាងដោយឯកតោភាគីថែមទៀតផង។ កងទ័ពថៃ បានដាក់ទូកុងតឺន័រ និងលួសបន្លាក្នុងតំបន់ដែលថៃធ្លាប់ទទួលស្គាល់ថា[ជាទឹកដីកម្ពុជា] ធ្វើឱ្យប្រជាពលរដ្ឋស៊ីវិលមិនអាចវិលត្រឡប់ទៅផ្ទះវិញបាន។ នេះមិនមែនជាការចោទប្រកាន់ទេ ប៉ុន្តែជាការលើកឡើងពីការពិតនៅលើទឹកដី[កម្ពុជា]»។ លើសពីនេះ សម្តេចបានសង្កត់ធ្ងន់ថា៖«កម្ពុជាមិនអាចទទួលយកចំពោះការរំលោភបំពានលើអធិបតេយ្យភាព ឬបូរណភាពទឹកដីរបស់ខ្លួនបានទេ។ មធ្យោបាយតែមួយគត់ដើម្បីផ្ទៀងផ្ទាត់ គឺតាមរយៈយន្តការបច្ចេកទេសដែលមានមូលដ្ឋានលើសន្ធិសញ្ញា និងកិច្ចព្រមព្រៀងទាំងអស់។ ដូច្នេះ យើងសង្ឃឹមថា ភាគីថៃនឹងយល់ព្រម និងចាប់ផ្តើមអនុញ្ញាតឱ្យ JBC ធ្វើការឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។

បន្ថែមលើនេះ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ក៏បានលាតត្រដាងល្បិចកលរបស់ភាគីថៃ ថា រាជធានីបាងកកលើកឡើងពីការបោះឆ្នោតថ្ងៃទី៨ ខែកុម្ភៈ ជាលេសមិនព្រមចាប់ផ្តើមការងារកំណត់ព្រំដែន ទន្ទឹមនឹង លោក អនុទីន ឆានវីរគុល ទាញយកប្រយោជន៍ពីកំហឹងចរន្តជាតិនិយមរបស់ប្រជាជន មកធ្វើជាឈ្នាន់នយោបាយក្នុងបេសកកម្មបោះឆ្នោត ក្រោយផ្ទុះជម្លោះព្រំដែន។ «ឥឡូវ..ការបោះឆ្នោតបានបញ្ចប់ហើយ គួរតែចាប់ផ្តើមការងារបច្ចេកទេស វាស់វែង និងកំណត់ព្រំដែននៅតំបន់ក្ដៅ ដើម្បីឱ្យប្រជាជនត្រឡប់ទៅរស់នៅធម្មតាវិញ» នេះជាប្រសាសន៍ដ៏មានអត្ថន័យរបស់សម្តេចនាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានជម្រាបហេតុការណ៍ពិត ទៅកាន់ពិភពលោក។ សូមជម្រាបថា ការកាន់កាប់ទឹកដីកម្ពុជាខុសច្បាប់ដោយយោធាថៃ បន្ទាប់ពីកិច្ចព្រមព្រៀងបទឈប់បាញ់ គឺជាការរំលោភបំពានយ៉ាងប្រត្យក្សមិនអាចប្រកែកបាន ចំពោះអធិបតេយ្យភាពកម្ពុជា និងកិច្ចព្រមព្រៀងសន្តិភាពអន្តរជាតិ។

ម្យ៉ាងវិញទៀត ការដាក់ទូកុងតឺន័រ និងលួសបន្លាជ្រៅចូលព័ទ្ធក្នុងដីកម្ពុជា គឺជាសកម្មភាពឈ្លានពាន និងរារាំងប្រជាពលរដ្ឋស៊ីវិលកម្ពុជា មិនឱ្យត្រឡប់ទៅលំនៅឋានវិញ បង្កឱ្យប្រជាជនស៊ីវិលជាច្រើននាក់ បន្តរស់នៅក្នុងជំរំភៀសសឹកយ៉ាងលំបាកវេទនា។ ទាំងនេះ បានបញ្ជាក់យ៉ាងច្បាស់ថា ភាគីថៃ នៅតែប្រកាន់អាកប្បកិរិយាមិនស្មោះត្រង់ រំលោភបំពានឥតអៀនខ្មាស និងបន្តគោលនយោបាយឈ្លានពានរបស់ខ្លួន ទោះបីមានកិច្ចព្រមព្រៀងអន្តរជាតិក៏ដោយ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត