ខ្លាកំណាចជប៉ុនក្ដៅស្លឹកត្រចៀក ក្រោយនាគរាជចិនព្រួសពិសភ្លើងគំរាម
ហៀប ស៊ីថេត
មួយថ្ងៃមុន

រាជធានីតូក្យូ៖ ទំនាក់ទំនងរវាងខ្លាកំណាចជំនាន់សង្គ្រាមលោក[ជប៉ុន] និងនាគរាជអាស៊ី[ចិន] បានដាំក្បាលចុះយ៉ាងគំហុក ហើយការប្រឈមមុខដាក់គ្នា អាចនឹងផ្ទុះឡើងគ្រប់វិនាទី។ ទន្ទឹមនឹងរដ្ឋាភិបាលជប៉ុនប្រកាសថា រាជធានីតូក្យូ នឹងដាក់ទណ្ឌកម្មយ៉ាងម៉ឺងម៉ាត់ទៅកាន់ប្រទេសចិន បន្ទាប់ពីអ្នកការទូតចចកចម្បាំងរដ្ឋធានីប៉េកាំង លោក វ៉ាង យី ចោទប្រកាន់ក្រុមស្ដាំនិយមជ្រុលនៅប្រទេសជប៉ុន ថាកំពុងដុតបញ្ឆេះលទ្ធិយោធានិយមឱ្យរស់ឡើងវិញ...។

ក្នុងសន្និសីទសន្តិសុខទីក្រុងមុយនិចនៅប្រទេសអាល្លឺម៉ង់ លោក វ៉ាង យី បានផ្តល់យោបល់ជុំវិញទំនាក់ទំនងបច្ចុប្បន្នរវាងរដ្ឋធានីប៉េកាំង និងរាជធានីតូក្យូ កំពុងស្ថិតក្នុងភាពតានតឹងខ្លាំង ចាប់តាំងពីនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី សាណា តាកៃឈី បានព្រមានកាលពីខែវិច្ឆិកាកន្លងទៅថា ជប៉ុននឹងអន្តរាគមន៍យោធា ប្រសិនបើរដ្ឋធានីប៉េកាំង ហ៊ានវាយយកកោះតៃវ៉ាន់។ នៅពេលនោះដែរ លោក វ៉ាង បានថ្លែងថា៖«ប្រជាជនជប៉ុន មិនគួរអនុញ្ញាតឱ្យខ្លួនឯងត្រូវបានកេងប្រវញ្ច ឬបោកប្រាស់ដោយក្រុមស្ដាំនិយមជ្រុលទាំងនោះ ឬដោយអ្នកដែលស្វែងរកការរស់ឡើងវិញ នៃលទ្ធិយោធានិយមនោះឡើយ»។ លោកបន្ថែមថា៖«ប្រទេសដែលស្រឡាញ់សន្តិភាពទាំងអស់ គួរតែផ្ញើការព្រមានឱ្យច្បាស់ៗទៅកាន់ជប៉ុនថា ប្រសិនបើខ្លួនជ្រើសរើសដើរថយក្រោយលើវិថីនេះ វានឹងមានតែឆ្ពោះទៅរកការបំផ្លាញខ្លួនឯងតែប៉ុណ្ណោះ»

លោក វ៉ាង យី
លោក វ៉ាង យី

បន្ទាប់ពីឮសម្រែកដ៏ព្រឺព្រួចចេញពីមាត់អ្នកការទូតចចកចម្បាំងចិន ក្រសួងការបរទេសជប៉ុន បានច្រានចោលការអះអាងខាងលើ និងចាត់ទុកថា ជាសម្តីមិនត្រឹមត្រូវតាមការពិត និងគ្មានមូលដ្ឋាន។ សេចក្តីថ្លែងការណ៍មួយបញ្ជាក់ថា៖«កិច្ចខិតខំប្រឹងប្រែងរបស់ជប៉ុន ក្នុងការពង្រឹងសមត្ថភាពការពារជាតិ គឺជាការឆ្លើយតបទៅនឹងបរិយាកាសសន្តិសុខ ដែលកាន់តែមានភាពធ្ងន់ធ្ងរឡើង ហើយមិនមែនសំដៅប្រឆាំងនឹងប្រទេសណាមួយជាក់លាក់ឡើយ»។ ក្នុងនោះដែរ ជប៉ុនបានលើកឡើងថា មានប្រទេសខ្លះក្នុងសហគមន៍អន្តរជាតិ បានបង្កើនសមត្ថភាពយោធារបស់ខ្លួនយ៉ាងគំហុក ក្នុងលក្ខណៈមិនមានតម្លាភាព ជប៉ុនប្រឆាំងនឹងទង្វើបែបនេះ ហើយនឹងដកខ្លួនចេញឱ្យឆ្ងាយពីសកម្មភាពទាំងនោះ។

លោកស្រី សាណា តាកៃឈី
លោកស្រី សាណា តាកៃឈី

សេចក្តីថ្លែងការណ៍បន្តថា រដ្ឋមន្ត្រីការបរទេស លោក ម៉ូតេហ្គី តូស៊ីមីត្សសូ (Toshimitsu Motegi) បានបង្ហាញជំហររិះគន់យ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងភាគីចិន តាមរយៈបណ្តាញការទូត។ សូមបញ្ជាក់ថា ជប៉ុនមានបុគ្គលិកយោធាអាម៉េរិកប្រហែល ៦ម៉ឺននាក់ ខណៈអតីតខ្លាកំណាចជំនាន់សង្គ្រាមលោកមួយនេះ កំពុងព្យាយាមសម្រួចចង្កូមយោធារបស់ខ្លួនឱ្យកាន់តែមុតស្រួច ក្នុងបរិយាកាសពិភពលោកដ៏ផុយស្រួយមួយ​ដែលបានជួយឱ្យជប៉ុនវិលមករកការផលិតសព្វាវុធទំនើបៗឡើងវិញ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត