
រដ្ឋធានីប៉េកាំង៖ ប្រទេសចិន បានប្រកាសបើកចំហជើងមេឃបន្ថែម ដោយអនុញ្ញាតឱ្យអ្នកកាន់លិខិតឆ្លងដែនចក្រភពអង់គ្លេស និងកាណាដា ចូលមកកាន់ទឹកដីចិនដោយពុំចាំបាច់មានទិដ្ឋាការ ខណៈវិធានការនេះចាប់ផ្តើមអនុវត្តជាផ្លូវការនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះតទៅ...។

ចំណាត់ការថ្មីនេះ បានធ្វើឱ្យចំនួនប្រទេសដែលទទួលបានសិទ្ធិចូលប្រទេសចិនដោយសេរី កើនឡើងដល់៧៩ប្រទេស ជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់រដ្ឋធានីប៉េកាំង ក្នុងការជំរុញវិស័យទេសចរណ៍ និងពង្រឹងសកម្មភាពធុរកិច្ចឱ្យកាន់តែមានភាពរស់រវើក។ ក្រោមកម្មវិធីថ្មីនេះ អ្នកធ្វើដំណើរអាចស្នាក់នៅក្នុងប្រទេសចិន បានរហូតដល់៣០ថ្ងៃ សម្រាប់គោលបំណងធុរកិច្ច ទេសចរណ៍ កម្មវិធីផ្លាស់ប្ដូរចំណេះដឹង ឬការសួរសុខទុក្ខសាច់ញាតិមិត្តភក្តិ។ ការសម្រេចចិត្តបន្ថែមអង់គ្លេស និងកាណាដា ធ្វើឡើងបន្ទាប់ពីដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស លោក ឃា ស្តាមឺ និងនាយករដ្ឋមន្ត្រីកាណាដា លោក ម៉ាក ខានី ទៅកាន់រដ្ឋធានីប៉េកាំង កាលពីខែមុន ក្នុងគោលដៅស្តារទំនាក់ទំនងការទូត ដែលបានធ្លាក់ចុះនាប៉ុន្មានឆ្នាំចុងក្រោយនេះ។

ទន្ទឹមគ្នា សម្រាប់ពលរដ្ឋមកពីសហរដ្ឋអាម៉េរិក និងឥណ្ឌូណេស៊ី ក៏អាចចូលប្រទេសចិនបានរយៈពេល១០ថ្ងៃផងដែរ ប្រសិនបើពួកគេស្ថិតក្នុងការប្តូវជើងយន្តហោះ។ បច្ចុប្បន្ន ប្រទេសនៅអឺរ៉ុបភាគច្រើន រួមទាំងបណ្ដាប្រទេសមួយចំនួននៅអាម៉េរិកឡាទីន អាស៊ីអាគ្នេយ៍ និងមជ្ឈិមបូព៌ា សុទ្ធតែទទួលបានសិទ្ធិពិសេសនេះ។ ក្រុមធុរជន និងភ្ញៀវទេសចរ បានសាទរយ៉ាងខ្លាំងចំពោះការផ្លាស់ប្ដូរនេះ ព្រោះវាបានជួយសម្រួលដល់នីតិវិធីនៃការដាក់ពាក្យសុំទិដ្ឋាការដែលធ្លាប់តែមានភាពស្មុគស្មាញ និងចំណាយពេលយូរ៕



