
រដ្ឋធានីប៉េកាំង៖ អំឡុងពេលប្រជាជនចិនកំពុងអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ហេតុការណ៍ផ្ទុះដ៏រន្ធត់បានកើតឡើងនៅហាងលក់កាំជ្រួច និងផាវមួយកន្លែងក្នុងខេត្តហឺប៉ី (Hubei) ភាគកណ្ដាលប្រទេសចិន កាលពីថ្ងៃទី១៨ ខែកុម្ភៈ បណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់១២នាក់បាត់បង់ជីវិត។ នេះបើយោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV។

តាមរបាយការណ៍បឋម គ្រោះថ្នាក់នេះបានកើតឡើងនៅវេលាម៉ោងប្រហែល២រសៀល នៅក្នុងទីប្រជុំជន ចឹងជី (Zhengji) ដោយអគ្គិភ័យបានឆាបឆេះគ្របដណ្ដប់លើផ្ទៃដីប្រមាណ៥០ម៉ែត្រការ៉េ។ ការដុតកាំជ្រួច និងផាវ គឺជាទម្លាប់ទូទៅរបស់ប្រជាជនចិនក្នុងឱកាសបុណ្យចូលឆ្នាំ ប៉ុន្តែវាក៏ជាហានិភ័យដ៏ធំផងដែរ ជាពិសេសនៅតាមតំបន់ជនបទដែលមិនទាន់មានការរឹតបន្តឹងការហាមឃាត់ដូចទីក្រុងធំៗ។

នេះគឺជាករណីផ្ទុះហាងកាំជ្រួចលើកទីពីរហើយក្នុងសប្ដាហ៍នេះ បន្ទាប់ពីហេតុការណ៍ស្រដៀងគ្នានៅខេត្ត ជៀងស៊ូ (Jiangsu) កាលពីថ្ងៃអាទិត្យមុន បានសម្លាប់មនុស្ស៨នាក់។ ឆ្លើយតបនឹងសោកនាដកម្មបន្តបន្ទាប់នេះ ក្រសួងគ្រប់គ្រងគ្រោះអាសន្នរបស់ចិន បានចេញបញ្ជាឱ្យសហគ្រាសកាំជ្រួចទូទាំងប្រទេសត្រួតពិនិត្យសុវត្ថិភាពជាបន្ទាន់ និងបានព្រមានពលរដ្ឋកុំឱ្យមានការធ្វេសប្រហែសដូចជាការជក់បារី ឬសាកល្បងដុតផាវនៅក្បែរទីតាំងលក់ដូរ។

ក្រៅពីបញ្ហាផាវកាំជ្រួច ប្រទេសចិនក៏កំពុងរងការរិះគន់លើស្ដង់ដារសុវត្ថិភាពឧស្សាហកម្មផងដែរ ខណៈក្នុងខែកុម្ភៈនេះ មានករណីផ្ទុះរោងចក្រជីវបច្ចេកវិទ្យានៅខេត្តសានហ្ស៊ី (Shanxi) បណ្តាលមនុស្ស៨នាក់ស្លាប់ និងការផ្ទុះរោងចក្រដែកនៅតំបន់ អ៊ីននើ ម៉ុងហ្កូលៀ (Inner Mongolia) សម្លាប់មនុស្សអស់៩នាក់ទៀត កាលពីចុងខែមករា។ បច្ចុប្បន្ន អាជ្ញាធរកំពុងបន្តស៊ើបអង្កេតយ៉ាងច្បាស់លាស់អំពីមូលហេតុពិតប្រាកដដែលបង្កឱ្យមានការផ្ទុះក្នុងហាងលក់កាំជ្រួច នៅខេត្តហឺប៉ីនេះ៕



