
សុខភាព៖ មនុស្សស្រីទាំងអស់តែងចង់បានស្បែកមុខស្អាត តែមួយចំនួនមិនហ៊ានប្រើគ្រឿងសម្អាងទ្បើយ ដោយខ្លាចមានផលប៉ះពាល់ណាមួយកើតឡើង តែយ៉ាងណាក៏មានវិធីជួយឱ្យមុខទន់ម៉ត់រលោង បានដោយមិនចាំបាច់ប្រើសម្អាងគីមី នោះគឺរូបមន្តស្ក្រាប់ធម្មជាតិទាំង៨ ដូចខាងក្រោមនេះ…។

១.ម្សៅបេកឃីងសូដា៖ ម្សៅបេកឃីងសូដា អាចជួយការពារស្បែកមុខពីការឆ្លងមេរោគ រក្សាកម្រិត PH ស្បែកមុខឱ្យមានតុល្យភាព និងមិនមានជាតិកាត់ខ្លាំង។ វិធីធ្វើ៖ អាចលាយម្សៅបេកឃីងសូដា មួយស្លាបព្រាបាយជាមួយទឹកពីរបីដំណក់ រួចលាបលើមុខទុកចោល១០នាទី ហើយលាងជាមួយទឹករួចជាការស្រេច។ ២.ទឹកឃ្មុំ៖ ទឹកឃ្មុំមានផ្ទុកសារធាតុប្រឆាំងនឹងបាក់តេរី អាចជួយកាត់បន្ថយការឆ្លងមេរោគស្បែក ការឡើងក្រហម និងការឡើងមុន។ មួយវិញទៀត ជួយឱ្យស្បែកមានសំណើម។ វិធីធ្វើ៖ លាយទឹកឃ្មុំមួយស្លាបព្រាកាហ្វេជាមួយម្សៅបេកឃីងសូដាកន្លះស្លាបព្រាកាហ្វេ រួចលាបលើមុខ ហាមលាបលើភ្នែក ទុក១៥នាទី រួចលាងសម្អាតជាមួយទឹក។

៣.ស្រូវសាលីអូត៖ ស្រូវសាលីអូត ល្អចំពោះអ្នកមានស្បែកស្ងួត អាចជួយស្រូបខ្លាញ់ពីស្បែកមុខ និងជួយការពារស្បែកមុខពីការរលាក។ វិធីធ្វើ៖ លាយស្រូវសាលីអូតមួយស្លាបព្រាបាយ ជាមួយ ស្ករត្នោតមួយស្លាបព្រាបាយ និងទឹកឃ្មុំមួយស្លាបព្រាបាយ ដូចគ្នា។ ៤.យ៉ាអួ៖ យ៉ាអួ មានផ្ទុកអាស៊ីដអាល់ហ្វាហាយដ្រូសូ ជួយផ្តល់សំណើមដល់ស្បែកមុខ និងល្អសម្រាប់អ្នកមានស្បែកស្ងួត។ វិធីធ្វើ៖ លាយយ៉ាអួមួយស្លាបព្រាកាហ្វេជាមួយទឹកឃ្មុំមួយស្លាបព្រាកាហ្វេ និងស្រូវសាលីអូតមួយស្លាបព្រាកាហ្វេ ហើយលាបលើមុខ ទុក៥ទៅ១០នាទី រួចលាងសម្អាតជាមួយទឹក។

៥.កាហ្វេ៖ កាហ្វេ ឬកាកកាហ្វេ អាចជួយកម្ចាត់កោសិកាស្បែកងាប់ចេញពីមុខ និងជួយឱ្យស្បែកមានសំណើម ជាជម្រើសល្អសម្រាប់អ្នកមានស្បែកស្ងួត។ វិធីធ្វើ៖ កាហ្វេ ឬកាកកាហ្វេ មួយស្លាបព្រាកាហ្វេលាយជាមួយប្រេងដូងមួយស្លាបព្រាកាហ្វេដូចគ្នា បន្ទាប់មកលាបលើមុខទុកចោល១៥នាទី ចាំលាងទឹកចេញ។ ៦.ទឹកក្រូចឆ្មារ៖ ក្រូចឆ្មារ មានផ្ទុកអាស៊ីដ អាល់ហ្វាអ៊ីដ្រូស៊ី អាចជួយកម្ចាត់កោសិកាស្បែកងាប់ និងខ្លាញ់ចេញពីស្បែកមុខ។ វិធីធ្វើ៖ លាយទឹកក្រូចឆ្មារពាក់កណ្តាលផ្លែជាមួយស្ករសកន្លះពែង ប្រេងអូលីវមួយស្លាបព្រាកាហ្វេ និងទឹកឃ្មុំមួយស្លាបព្រាកាហ្វេ លាយចូលគ្នាឱ្យសប់រួចលាបលើផ្ទៃមុខ ទុកចោល១០នាទី ហើយលាងសម្អាតជាមួយទឹកធម្មតា។

៧.ផ្លែល្ហុង៖ ល្ហុងមានផ្ទុកអង់ស៊ីម ជួយកម្ចាត់កោសិកាស្បែកងាប់ និងជួយឱ្យចរន្តឈាមលើផ្ទៃមុខរត់បានល្អ ក៏ដូចជាផ្តល់ភាពរលាស់ដល់ស្បែក។ វិធីធ្វើ៖ កិនល្ហុងម៉ដ្ឋរួចដាក់បួនស្លាបព្រាកាហ្វេលាយជាមួយទឹកឃ្មុំមួយស្លាបព្រាបាយបន្ទាប់មកលាបលើមុខទុក១០នាទីចាំលាងទឹកចេញ។ ៨.ស្ករត្នោត៖ ស្ករត្នោតមានសភាពទន់ជាងស្ករ-ស អាចយកមកខាត់ស្បែកដែលមុខងាយប្រតិកម្ម។ វិធីធ្វើ៖ លាយស្ករត្នោតមួយស្លាបព្រាបាយជាមួយប្រេងអូលីវមួយស្លាបព្រាបាយកូរឱ្យសប់ចូលគ្នាបន្ទាប់មក លាបលើមុខហើយទុក១០នាទី រួចលាងជាមួយទឹក៕ ដកស្រង់ពី៖ Hello គ្រូពេទ្យ



