
សុខភាព៖ ចេក គឺផ្លែឈើដែលមនុស្សជាច្រើននិយមទទួល បើនិយាយពីអត្ថប្រយោជន៍វិញ គឺជួយដល់រាងកាយ៧យ៉ាង តែយ៉ាងណា ផ្លែចេកក៏មានហានិភ័យមួយចំនួនផងដែរ។ ដើម្បីដឹងថាហានិភ័យទាំងនោះមានអ្វីខ្លះ និងមានគុណប្រយោជន៍សុខភាពបែបណា ថ្ងៃនេះ SBM News នឹងបរិយាយស្រាយចម្ងល់ជូនលោកអ្នកបានជ្រាប…។

១.សុខភាពបេះដូង៖ ផ្លែចេកមានជាតិសរសៃ ប៉ូតាស្យូម អាស៊ីដហ្វូឡាត និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដូចជា វីតាមីន C ដែលទាំងនេះ ជួយទ្រទ្រង់ដល់សុខភាពបេះដូង។ ការសិក្សានៅឆ្នាំ២០១៧ បានរកឃើញថា មនុស្សដែលញ៉ាំអាហារមានជាតិសរសៃខ្ពស់មានហានិភ័យទាបកើតក្នុងការជំងឺបេះដូង ជាងអ្នកដែលញ៉ាំអាហារជាតិសរសៃតិច ព្រោះអ្នកញ៉ាំអាហារជាតិសរសៃខ្ពស់អាចកាត់បន្ថយកម្រិតជាតិខ្លាញ់អាក្រក់ LDL។ ២.សម្ពាធឈាម៖ សមាគមជំងឺបេះដូងអាម៉េរិក (AHA)បានលើកទឹកចិត្តឱ្យកាត់បន្ថយអាហារដែលមានជាតិប្រៃ ឬសូដ្យូម និងងាកមកញ៉ាំអាហារដែលមានជាតិប៉ូតាស្យូមវិញ។ ប៉ូតាស្យូម អាចជួយគ្រប់គ្រងសម្ពាធឈាម និងកាត់បន្ថយសម្ពាធក្នុងប្រព័ន្ធសរសៃឈាមបេះដូង ដែលប៉ូតាស្យូមនេះ មានច្រើននៅក្នុងផ្លែចេក។

៣.ជំងឺហឺត៖ ការសិក្សាមួយនៅឆ្នាំ២០១៧ បានផ្តល់យោបល់ថា ញ៉ាំចេកអាចជួយបង្ការអាការពិបាកដកដង្ហើមរបស់ក្មេងដែលមានជំងឺហឺត ដោយសារតែសារធាតុប្រឆាំងអុកស៊ីតកម្ម និងប៉ូតាស្យូម ដែលមានក្នុងផ្លែចេក ប៉ុន្តែការរកឃើញត្រូវការសិក្សាបន្ថែមទៀតដើម្បីឱ្យកាន់តែប្រាកដ។ ៤.ប្រព័ន្ធរំលាយអាហារ៖ ផ្លែចេកមានផ្ទុកជាតិទឹក និងជាតិសរសៃ អាចសម្រួលដល់ការរំលាយអាហារ។ ផ្លែចេក ក៏ត្រូវបានគ្រូពេទ្យណែនាំឱ្យញ៉ាំពេលរាករូសដែរ។ ពេលរាករូសធ្វើឱ្យបាត់បង់ជាតិទឹក និងអេឡិចត្រូលីតដូចជា ប៉ូតាស្យូម ហើយផ្លែចេកអាចបំពេញសារធាតុចិញ្ចឹមទាំងនេះបាន។ ការសិក្សាឆ្នាំ២០១២ លើកឡើងថា អាហារដែលមានជាតិសរសៃខ្ពស់អាចធ្វើឱ្យហើមពោះ និងរមួលពោះ សម្រាប់អ្នកមានជំងឺរលាកពោះវៀន ប៉ុន្តែផ្លែចេកអាចធ្វើឱ្យអាការទាំងនេះ មានភាពប្រសើរឡើង។

៥.ការចងចាំ និងការគ្រប់គ្រងអារម្មណ៍៖ ផ្លែចេកមានផ្ទុកនូវទ្រីបតូផាន ជាអាស៊ីដអាមីណូ អាចជួយថែរក្សាការចងចាំ បង្កើនសមត្ថភាពក្នុងការរៀន និងគ្រប់គ្រងអារម្មណ៍។ ៦.ជំងឺមហារីក៖ ការស្រាវជ្រាវបានលើកឡើងថា ឡេទីន ដែលជាប្រូតេអ៊ីនមានក្នុងផ្លែចេក អាចជួយបង្ការការលូតលាស់កោសិកាជំងឺមហារីកគ្រាប់ឈាម។ ឡេទីន មានតួនាទីជាសារធាតុប្រឆាំងអុកស៊ីតកម្មក្នុងការជួយកម្ចាត់ពពួករ៉ាឌីកាល់សេរីពីរាងកាយ ព្រោះកាលណារាងកាយមានពពួករ៉ាឌីកាល់សេរីច្រើន កោសិកាខូចខាតកាន់តែច្រើនដែលអាចបង្កឱ្យមានជំងឺមហារីក។ នៅឆ្នាំ២០១៤ អ្នកស្រាវជ្រាវបានសង្កេតឃើញថា កុមារដែលញ៉ាំចេក និងទឹកក្រូចស្រស់ មានហានិភ័យទាបនឹងជំងឺមហារីកគ្រាប់ឈាម នេះក៏អាចមកពីវីតាមីន C ដែលមាននៅក្នុងផ្លែចេក។

៧.ជំងឺទឹកនោមផ្អែម៖ សមាគមជំងឺទឹកនោមផ្អែមអាម៉េរិក បានណែនាំឱ្យញ៉ាំចេក និងផ្លែឈើមានជាតិសរសៃ ដោយពួកគេសង្កេតឃើញថា ការញ៉ាំអាហារមានជាតិសរសៃអាច ជួយកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាម។ ការសិក្សានៅឆ្នាំ២០១៨ ក៏បានលើកឡើងថា ការញ៉ាំអាហារមានជាតិសរសៃខ្ពស់ អាចកាត់បន្ថយហានិភ័យនឹងជំងឺទឹកនោមផ្អែមប្រភេទ២ និងកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាម សម្រាប់អ្នកមានជំងឺទឹកនោមផ្អែមស្រាប់។ តែយ៉ាងណា បើទោះបីជាផ្លែចេកមានគុណប្រយោជន៍ច្រើន ប៉ុន្តែមានមនុស្សមួយចំនួន គួរប្រយ័ត្នកុំញ៉ាំផ្លែចេកច្រើនហួសកម្រិត។ អាការទាំងនោះមានដូចជា ឈឺក្បាលប្រកាំង៖ អ្នកមានអាការឈឺក្បាលប្រកាំង បើញ៉ាំផ្លែចេកអាចបង្កឱ្យមានអាការឈឺក្បាលប្រកាំងកាន់តែខ្លាំង។ ប្រតិកម្ម៖ ផ្លែចេកអាចធ្វើឱ្យមានប្រតិកម្មចំពោះមនុស្សមួយចំនួន។ អ្នកដែលមានអាការដូចជា រមាស់ កន្ទាលត្រអាក ហើម ពិបាកដកដង្ហើម គួរទៅជួបគ្រូពេទ្យ ព្រោះអាចឈានទៅរកប្រតិកម្មធ្ងន់ធ្ងរ គ្រោះថ្នាក់ដល់អាយុជីវិត។

មួយវិញទៀត អ្នកប្រើប្រាស់ពពួកថ្នាំបញ្ចុះឈាម Beta blockers៖ គ្រូពេទ្យតែងចេញវេជ្ជបញ្ជាពពួកថ្នាំនេះ ដើម្បីកាត់បន្ថយហានិភ័យផលវិបាកផ្សេងៗ ដែលបង្កពីជំងឺបេះដូង។ ពពួកថ្នាំបញ្ចុះឈាមនេះ អាចធ្វើឱ្យកម្រិតប៉ូតាស្យូមក្នុងឈាមឡើង។ ការញ៉ាំអាហារមានប៉ូតាស្យូមខ្ពស់ អាចប៉ះពាល់ដល់អ្នកមានបញ្ហាតម្រងនោម។ ប្រសិនជាតម្រងនោម មិនអាចកម្ចាត់នូវប៉ូតាស្យូម ដែលលើសក្នុងឈាមបានទេនោះ អាចនឹងមានគ្រោះថ្នាក់ដល់អាយុជីវិត។ ដូច្នេះ អ្នកជំងឺដែលប្រើប្រាស់ពពួកថ្នាំបញ្ចុះឈាម Beta blockers គួរញ៉ាំអាហារដែលមានប៉ូតាស្យូមខ្ពស់ដូចជា ផ្លែចេក ក្នុងកម្រិតតិចតួចបានហើយកុំច្រើនពេក៕ ដកស្រង់ពី៖ Hello គ្រូពេទ្យ



