មន្ត្រីជំនាញ រឹបអូសឈើប្រណិត២៥ដុំពីជនល្មើសនៅខេត្តក្រចេះ
អុន សម្ផស្ស
13 ម៉ោងមុន

ខេត្តក្រចេះ៖ ឈើប្រណិតមានតម្លៃចំនួន២៥ដុំ ត្រូវក្រុមការងារក្រសួងបរិស្ថាន និងមន្ត្រីជំនាញពាក់ព័ន្ធនៃមន្ទីរបរិស្ថានខេត្តក្រចេះ រឹបអូសបានពីក្រុមជនល្មើសនៅស្រុកសំបូរ ខេត្តក្រចេះ។ នេះបើតាមការប្រកាសរបស់ក្រសួងបរិស្ថាននៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦។

ប្រតិបត្តិការនេះ ធ្វើឡើងក្នុងកំលុងពេលមន្ត្រីក្រសួង និងភាគីពាក់ព័ន្ធ ចុះពិនិត្យវាយតម្លៃសកម្មភាពការងាររបស់មន្រ្តីតាមតំបន់ការពារធនធានធម្មជាតិ កាលពី ថ្ងៃទី១៩កុម្ភៈ។ ជាលទ្ធផល មន្រ្តីមានសមត្ថកិច្ច រឹបអូសម៉ូតូ៤គ្រឿង ដឹកឈើប្រភេទសុក្រំចំនួន២៥ដុំ។ ទោះជាយ៉ាងណា​ ក្រសួងអះអាថា ក្រុមជនល្មើសហាក់ដឹងខ្លួនមុន រួចក៏រត់គេចខ្លួនបាត់ដោយសុវត្ថិភាព។ ក្រសួងបញ្ជាក់ថា៖«ជនសង្ស័យបានរត់គេចខ្លួនមុនពេលសមត្ថកិច្ចទៅដល់»។ បើតាមក្រសួង ឈើទាំងនោះ ត្រូវបានប្រគល់ឱ្យសង្កាត់រដ្ឋបាលព្រៃឈើសណ្តាន់ ហើយបន្តស្វែងរកជនសង្ស័យមកដាក់ទោសតាមច្បាប់។

ចំពោះមុខករណីនេះ ក្រសួងប្តេជ្ញាថា បន្តសហការជាមួយអាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ រួមទាំងក្រុមហ៊ុនប្រកបអាជីវកម្មទូកចម្លង ឬស្រឡាងចម្លង ដើម្បីបញ្ឈប់ការចម្លងរថយន្ត ម៉ូតូ ឬគោយន្តកែច្នៃទាំងឡាយណា ដែលមានដឹកឈើ ឬធនធានធម្មជាតិខុសច្បាប់។ បន្ថែមពីនេះ ក្រសួង ជំរុញឱ្យម្ចាស់ទូក ឬស្រឡាងនានាចូលរួមសហការ ផ្តល់ព័ត៌មាន ដើម្បីសមត្ថកិច្ចចុះបង្ក្រាបឱ្យទាន់ពេលវេលា៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត