
រាជធានីភ្នំពេញ៖ ក្នុងចំណោមទីតាំង២៧០០កន្លែងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលត្រូវបានឆែកឆេរ មានទីតាំងបោកលុយតាមអនឡាញ ឬ Online Scams Center ជាង៤០កន្លែង ដែលអាជ្ញាធររកឃើញ ខណៈមេខ្លោងរាប់សិបនាក់ ត្រូវបញ្ជូនខ្លួនទៅតុលាការ....។

របាយការណ៍ពីសមត្ថកិច្ច បង្ហាញថា យុទ្ធនាការបោសសម្អាតឧក្រិដ្ឋកម្មខាងលើ ប្រើពេលត្រឹម១៥ថ្ងៃប៉ុណ្ណោះ គឺចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំកម្លាំងទាំង១៤ខណ្ឌ ចុះត្រួតពិនិត្យតាមទីតាំងអគារ ខុនដូ អាផាតមិន បុរី ផ្ទះសំណាក់ និងសណ្ឋាគារស្ទើរគ្រប់ច្រកល្ហកក្នុងរាជធានីភ្នំពេញ។

ជាលទ្ធផល សមត្ថកិច្ចបានរកឃើញទីតាំងបោកប្រាស់លុយឆ្លងប្រទេសចំនួនជាង៤០កន្លែង ព្រមទាំងឃាត់មនុស្សប្រុសស្រី២៨៤នាក់ មាន១៣សញាតិ ដោយភាគច្រើនសុទ្ធសឹងតែជាជនជាតិចិន។ បច្ចុប្បន្ន សមត្ថកិច្ច កំពុងបំពេញនីតិវិធីដើម្បីបណ្ដេញជនបរទេសដែលពាក់ព័ន្ធនឹងអំំពើឧក្រិដ្ឋកម្មនេះ ទៅប្រទេសកំណើតវិញ។ រីឯ មេខ្លោងចំំនួន២៤នាក់ផ្សេងទៀត ត្រូវបញ្ជូនខ្លួនទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕









