ជប៉ុន ផ្តល់ប្រព័ន្ធម៉ាស៊ីនមេ សម្រាប់ការគ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោតនៅកម្ពុជា
L
Linda Sorn
15 ម៉ោងមុន

រាជធានីភ្នំពេញ៖ រាជរដ្ឋាភិបាលជប៉ុន កាលពីថ្ងៃទី១៨កុម្ភៈ ឆ្នាំ២០២៦ បានប្រគល់ជំនួយជាសម្ភារ បរិក្ខារបច្ចេកទេសប្រព័ន្ធម៉ាស៊ីនមេ (SERVERS) សម្រាប់ការគ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោតនៅកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។

ពិធីប្រគល់-ទទួល នៃប្រព័ន្ធចុះបញ្ជី និងគ្រប់គ្រងព័ត៌មានអ្នកបោះឆ្នោត។ រូបភាព៖ គ.ជ.ប
ពិធីប្រគល់-ទទួល នៃប្រព័ន្ធចុះបញ្ជី និងគ្រប់គ្រងព័ត៌មានអ្នកបោះឆ្នោត។ រូបភាព៖ គ.ជ.ប

ពិធីប្រគល់ និងទទួលជំនួយ ត្រូវបានធ្វើឡើងក្រោមវត្តមានលោក អ៊ូអិណូ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងលោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ លោក អ៊ូអិណ អាត់ស៊ូស៊ី បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលជប៉ុន បានសម្រេចបន្តផ្តល់ជំនួយសម្ភារ និងបរិក្ខារបច្ចេកទេសសុវត្ថិភាពពាក់ព័ន្ធម៉ាស៊ីនមេនេះ គឺដើម្បីធានាឱ្យការបោះឆ្នោតនៅកម្ពុជា ប្រព្រឹត្តទៅដោយត្រឹមត្រូវ និងយុត្តិធម៌ ខណៈការប្រើប្រាស់ប្រព័ន្ធដែលមានលក្ខណៈរឹងមាំ និងសុវត្ថិភាព សម្រាប់ការគ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោត មានសារសំខាន់បំផុត។ លោក មានជំនឿថា ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងប្រទេសជប៉ុន ដែលចាត់ជា «ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» នឹងបន្តអភិវឌ្ឍ និងពង្រឹងបន្ថែមទៀត ដែលនឹងនាំឱ្យប្រទេសទាំងពីរកាន់តែមានអនាគតភ្លឺស្វាង។

លោក អ៊ូអិណ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។ រូបភាព៖ គ.ជ.ប  
លោក អ៊ូអិណ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។ រូបភាព៖ គ.ជ.ប  

លោក ប្រាជ្ញ ចន្ទ ចាត់ទុកជំនួយសម្ភារបរិក្ខារបច្ចេកទេសរបស់ប្រទេសជប៉ុននេះ ពិតជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាង និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដែលគាំទ្រដល់ការធ្វើកំណែទម្រង់ និងទំនើបកម្មឆ្ពោះទៅរៀបចំការបោះឆ្នោតសកលនាឆ្នាំ២០២៧ និងឆ្នាំ២០២៨ ខាងមុខ សំដៅលើកកម្ពស់ប្រសិទ្ធភាព ព្រមទាំងតម្លាភាពក្នុងការរៀបចំ ការចាត់ចែង និងការគ្រប់គ្រងការបោះឆ្នោតនៅកម្ពុជា និងការបង្កើនទំនុកចិត្តមកលើលទ្ធផលបោះឆ្នោត។

លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ រូបភាព៖ គ.ជ.ប
លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ រូបភាព៖ គ.ជ.ប

ប្រធានគ.ជ.ប បានថ្លែងអំណរគុណរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានជួយឧបត្ថម្ភជំនួយនេះ និងអរគុណលោក អ៊ូអិណុ អាត់ស៊ូស៊ី និងមន្ត្រីស្ថានទូតទាំងអស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា ព្រមទាំងទីភ្នាក់ងារ JICA (ចាយការ) ប្រចាំនៅកម្ពុជា ចំពោះកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈរក្នុងការអនុវត្តកម្មវិធី ODA (អូឌីអេ) របស់ជប៉ុន មូលនិធិ JICS (ជីអាយស៊ីអេស) និងក្រុមហ៊ុន KDDI Asia Pacific (ខេឌីឌីអាយ អេសៀ ប៉ាស៊ីហ្វិគ) ដែលខិតខំអនុវត្តគម្រោងផ្តល់ជំនួយសម្ភារ បរិក្ខារបច្ចេកទេស ប្រព័ន្ធម៉ាស៊ីនមេ (SERVERS) សម្រាប់ការគ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោតដល់គ.ជ.ប តាំងពីដំណាក់កាលចាប់ផ្តើម រហូតដល់បានសម្រេច។

ពិធីប្រគល់-ទទួល នៃប្រព័ន្ធចុះបញ្ជី និងគ្រប់គ្រងព័ត៌មានអ្នកបោះឆ្នោត។ រូបភាព៖ គ.ជ.ប
ពិធីប្រគល់-ទទួល នៃប្រព័ន្ធចុះបញ្ជី និងគ្រប់គ្រងព័ត៌មានអ្នកបោះឆ្នោត។ រូបភាព៖ គ.ជ.ប

គួរបញ្ជាក់ថា ជប៉ុនតែងតែផ្តល់ការគាំទ្រដល់គ.ជ.បជាហូរហែ ចាប់តាំងពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី២ ឆ្នាំ១៩៩៨ មានជាអាទិ៍ ការផ្ដល់ ជំនួយជាសម្ភារ បរិក្ខារបច្ចេកទេស អ្នកជំនាញការ ការងារអប់រំអ្នកបោះឆ្នោត ការបណ្ដុះបណ្ដាលមន្ត្រី គ.ជ.ប ព្រមទាំងដំណើរទស្សនកិច្ចសិក្សា និងសង្កេតការណ៍បោះឆ្នោតដោយផ្ទាល់នៅប្រទេសជប៉ុន ជាដើម។ កាលពីចុងឆ្នាំ២០១៥ ប្រទេសជប៉ុន ក៏ធ្លាប់បានផ្តល់ជំនួយជាសម្ភារ បរិក្ខារបច្ចេកទេសប្រព័ន្ធម៉ាស៊ីនមេ (SERVERS) ដើម្បីប្រើប្រាស់ក្នុងការអនុវត្តការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មីឆ្នាំ២០១៦ ហើយបញ្ជីបោះឆ្នោតថ្មីនេះ គ.ជ.ប បានបន្តធ្វើបច្ចុប្បន្នភាពជារៀងរាល់ឆ្នាំ និងបានយកទៅប្រើប្រាស់ ក្នុងការបោះឆ្នោតទាំងសកល ទាំងអសកលសរុបចំនួន៨លើករួចមកហើយ៕

ពិធីប្រគល់-ទទួល នៃប្រព័ន្ធចុះបញ្ជី និងគ្រប់គ្រងព័ត៌មានអ្នកបោះឆ្នោត។ រូបភាព៖ គ.ជ.ប
ពិធីប្រគល់-ទទួល នៃប្រព័ន្ធចុះបញ្ជី និងគ្រប់គ្រងព័ត៌មានអ្នកបោះឆ្នោត។ រូបភាព៖ គ.ជ.ប
ពិធីប្រគល់-ទទួល នៃប្រព័ន្ធចុះបញ្ជី និងគ្រប់គ្រងព័ត៌មានអ្នកបោះឆ្នោត។ រូបភាព៖ គ.ជ.ប
ពិធីប្រគល់-ទទួល នៃប្រព័ន្ធចុះបញ្ជី និងគ្រប់គ្រងព័ត៌មានអ្នកបោះឆ្នោត។ រូបភាព៖ គ.ជ.ប
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត