មហាសន្និបាតបក្សលើកទី៩៖ លោក គីម ជុងអ៊ុន បើកទំព័រគោលនយោបាយថ្មី ផ្ដោតខ្លាំងលើការស្រោចស្រង់សេដ្ឋកិច្ច
N
Nary Vann
13 ម៉ោងមុន

រដ្ឋធានីព្យុងយ៉ាង៖ សហគមន៍អន្តរជាតិមួយចំនួន កំពុងចោលភ្នែកសម្លឹងទៅកាន់រដ្ឋធានីព្យុងយ៉ាង ខណៈមហាសន្និបាតបក្សពលករកូរ៉េលើកទី៩ ដែលជាព្រឹត្តិការណ៍នយោបាយដ៏មានឥទ្ធិពលបំផុតក្នុងរយៈពេល៥ឆ្នាំម្ដង បានចាប់ផ្ដើមបើកឆាកយ៉ាងអធិកអធម កាលពីថ្ងៃព្រហស្បតិ៍ទី១៩ខែកុម្ភៈ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងជើង (KCNA)។

លោកគីម ជុងអ៊ុន
លោកគីម ជុងអ៊ុន

អ្វីដែលជាការកត់សម្គាល់បំផុតនោះ គឺនៅក្នុងសុន្ទរកថាបើកឆាក លោក គីម ជុងអ៊ុន មេដឹកនាំកំពូលកូរ៉េខាងជើង មិនបានលើកឡើងសូម្បីមួយម៉ាត់អំពីប្រទេសជាគូបដិបក្ខ ដូចជា សហរដ្ឋអាម៉េរិក ឬកូរ៉េខាងត្បូងនោះទេ។ ផ្ទុយទៅវិញ លោកបានងាកមកសង្កត់ធ្ងន់លើរបៀបវារៈសេដ្ឋីកិច្ច ដោយចាត់ទុកថាជាភារកិច្ចបន្ទាន់បំផុត ដើម្បីស្ដារកម្រិតជីវភាពរបស់ប្រជាពលរដ្ឋ និងពង្រឹងកម្លាំងសេដ្ឋកិច្ចជាតិឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ មេដឹកនាំផ្តាច់ការរូបនេះបានថ្លែងយ៉ាងដូច្នេះថា៖«ចំពោះមុខបក្សយើងនាពេលនេះ គឺមានភារកិច្ចដ៏ធ្ងន់ធ្ងរ និងបន្ទាន់បំផុត ក្នុងការជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ច និងលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាជន ព្រមទាំងការផ្លាស់ប្ដូរគ្រប់ទិដ្ឋភាពនៃជីវភាពសង្គមនៅក្នុងប្រទេសឱ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន»

យោងតាមការវិភាគពីអ្នកជំនាញអន្តរជាតិ សេដ្ឋកិច្ចកូរ៉េខាងជើងកំពុងបង្ហាញសញ្ញាងើបឡើងវិញជាបណ្ដើរៗ។ កត្តាដែលជំរុញឱ្យមានការស្ទុះងើបឡើងវិញនេះ រួមមាន៖ ការបើកព្រំដែនឡើងវិញ បានធ្វើឱ្យរំហូរទំនិញមានសន្ទុះខ្លាំង ការនាំចេញគ្រាប់កាំភ្លើងធំ និងមីស៊ីលទ្រង់ទ្រាយយក្សទៅឱ្យរុស្ស៊ី និងការបញ្ជូនកម្លាំងទ័ពរាប់ពាន់នាក់នៅតំបន់ Kursk (ខឺស) ប្រទេសរុស្ស៊ី។ មហាសន្និបាតនេះត្រូវបានគេរំពឹងថានឹងបន្តប្រព្រឹត្តទៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខទៀត ដើម្បីកំណត់គោលដៅគោលនយោបាយថ្មីៗសម្រាប់៥ឆ្នាំខាងមុខ គឺពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៣១) រាប់ចាប់ពីវិស័យការពារជាតិ នុយក្លេអ៊ែ រហូតដល់ការផ្លាស់ប្ដូររចនាសម្ព័ន្ធដឹកនាំកំពូល៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត