
រដ្ឋធានីសេអ៊ូល៖ លោកស្រី គីម យ៉ូជុង (Kim Yo Jong) ប្អូនស្រីសំណព្វចិត្តរបស់មេដឹកនាំផ្តាច់ការកូរ៉េខាងជើង បានអះអាងនៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃសុក្រទី១៣ ខែកុម្ភៈនេះថា អាជ្ញាធរកូរ៉េខាងត្បូង គួរចាត់វិធានការ[ការពារ]ការកើតឡើងវិញ នៃការរំលោភលើអធិបតេយ្យភាពបង្កហេតុជាថ្មី បន្ទាប់ពីមានករណីយន្តហោះគ្មានមនុស្សបើក ឬដ្រូន ហោះចូលដែនអាកាសរបស់កូរ៉េខាងជើង។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA។

លោកស្រី គីម យ៉ូជុង បានអះអាងថា លោកស្រីពេញចិត្តចំពោះការសម្ដែងការសោកស្ដាយរបស់រដ្ឋមន្ត្រីក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង លោក ជុង ដុងយ៉ាំង (Chung Dong-young) ដែលបានលើកឡើងថា ការឈ្លានពានដោយយន្តហោះគ្មានមនុស្សបើកជា «អាកប្បកិរិយាសមហេតុផល»។ នេះបើយោងតាមការចុះផ្សាយដោយ KCNA។ គេនៅចាំបានថា កាលពីដើមសប្តាហ៍នេះ លោក ជុង បានសម្ដែងការសោកស្ដាយយ៉ាងខ្លាំង ចំពោះយន្តហោះគ្មានមនុស្សបើក ដែលបញ្ជូនដោយជនស៊ីវិលកូរ៉េខាងត្បូងម្នាក់ ចូលទៅក្នុងប្រទេសកូរ៉េខាងជើង។ នេះយោងតាមទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់។

លោកស្រី គីម យ៉ូជុង លើកឡើងថា វាជារឿងសំណាងណាស់ ដែលលោក ជុង បានធ្វើការអត្ថាធិប្បាយបែបនេះ ប៉ុន្តែរដ្ឋធានីព្យុងយ៉ាងមិនខ្វល់ថា នរណាជាអ្នកបញ្ជូនយន្តហោះគ្មានមនុស្សបើកឡើយ មិនថាជាបុគ្គល ឬអង្គការស៊ីវិលនោះទេ។ សូមរំឭកថា កាលពីខែមករា ប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ជេម្យុង បានស្វែងរកវិធីសាស្ដ្រផ្សះផ្សាជាមួយរបបព្យុងយ៉ាង និងប្រកាសត្រួតពិនិត្យភាពចន្លោះប្រហោងលើការគ្រប់គ្រងយន្តហោះគ្មានមនុស្សបើក ដែលដំណើរការដោយជនស៊ីវិលក្នុងស្រុក៕



