
រដ្ឋធានីព្យុងយ៉ាង៖ មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានធ្វើការសម្ពោធសង្កាត់លំនៅឋានថ្មីដ៏ប្រណីតមួយ នៅក្នុងរដ្ឋធានីព្យុងយ៉ាង នៅថ្ងៃទី១៦ ខែកុម្ភៈនេះ ដើម្បីជាការផ្ដល់កិត្តិយសដល់គ្រួសារទាហានកូរ៉េខាងជើង ដែលបានពលីជីវិតក្នុងសមរភូមិនៅប្រទេសអ៊ុយក្រែន ជាមួយកងទ័ពរុស្ស៊ី។

រូបភាពដែលចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានបង្ហាញពីវត្តមានរបស់លោក គីម បណ្ដើរកូនស្រីសំណព្វចិត្តរបស់លោក គឺ កញ្ញា គីម ជូអេ ដើរពិនិត្យតាមបណ្ដាយផ្លូវថ្មីដែលមានឈ្មោះថាស៊ែពព្យូល (Saeppyol) និងបានចូលសួរសុខទុក្ខដល់ក្នុងផ្ទះរបស់គ្រួសារទាហានពលី ដោយលោកបានប្ដេជ្ញាថា នឹងតបស្នងចំពោះយុទ្ធជនវ័យក្មេង ដែលបានលះបង់អ្វីៗគ្រប់យ៉ាងដើម្បីមាតុភូមិ។

យុទ្ធនាការលើកតម្កើងយុទ្ធជនដែលបញ្ជូនទៅជួយសង្គ្រាមរុស្ស៊ីនេះ ត្រូវបានក្រុមអ្នកវិភាគមើលឃើញថា ជាការខិតខំប្រឹងប្រែងរបស់រដ្ឋធានីព្យុងយ៉ាង ក្នុងការបង្រួបបង្រួមផ្ទៃក្នុង និងទប់ស្កាត់ការមិនពេញចិត្តពីសំណាក់មហាជន ខណៈចំនួនជនរងគ្រោះកើនឡើងជាបន្តបន្ទាប់។ កាលពីសប្តាហ៍មុន ទីភ្នាក់ងារសម្ងាត់កូរ៉េខាងត្បូង បានប៉ាន់ប្រមាណថា មានទាហានកូរ៉េខាងជើងប្រហែល៦០០០នាក់ បានស្លាប់ ឬរងរបួសនៅក្នុងសង្គ្រាមនៅអ៊ុយក្រែន បន្ទាប់ពីលោក គីម បញ្ជូនកម្លាំងទ័ពរាប់ម៉ឺននាក់ រួមទាំងគ្រាប់កាំភ្លើងធំ និងមីស៊ីលជាច្រើន ដើម្បីជួយអុជភ្លើងសង្គ្រាមឈ្លានពានឱ្យរុស្ស៊ី ក្នុងគោលដៅពង្រឹងសម្ព័ន្ធភាពប្រឆាំងនឹងរដ្ឋធានីវ៉ាស៊ីនតោន។

ទោះបីជាត្រូវបាត់បង់ជីវិតកងទ័ពក៏ដោយ ប៉ុន្តែទីភ្នាក់ងារសម្ងាត់ជឿថា កូរ៉េខាងជើងកំពុងទទួលបានផលចំណេញយ៉ាងច្រើនពីសង្គ្រាមនេះ រួមមាន បទពិសោធប្រយុទ្ធសម័យទំនើប និងការគាំទ្រផ្នែកបច្ចេកទេសពីរុស្ស៊ី ដែលអាចជួយពង្រឹងសមត្ថភាពប្រព័ន្ធអាវុធរបស់ខ្លួនឱ្យកាន់តែខ្ពស់។ ការសម្ពោធលំនៅឋានថ្មីនេះ ក៏ជាសញ្ញាមួយបង្ហាញពីការត្រៀមខ្លួនសម្រាប់សមាជបក្សកាន់អំណាចដ៏ធំមួយនៅចុងខែនេះ ដែលលោក គីម ជុងអ៊ុន ត្រូវបានគេរំពឹងថា នឹងប្រកាសពីគោលដៅធំៗក្នុងគោលនយោបាយក្នុងស្រុក និងការបរទេសសម្រាប់រយៈពេល៥ឆ្នាំខាងមុខ ក៏ដូចជាការរឹតបន្តឹងការគ្រប់គ្រងអំណាចរបស់លោកឱ្យកាន់តែរឹងមាំបន្ថែមទៀត៕





