
រដ្ឋធានីមូស្គូ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គី ឡាវរ៉ូវ បានបញ្ចេញវោហាសាស្ត្រព្រមានយ៉ាងមុតស្រួចទៅកាន់មេដឹកនាំសហរដ្ឋអាម៉េរិក ថា រាល់ការវាយប្រហារថ្មីណាមួយរបស់យោធាអាម៉េរិកទៅលើប្រទេសអ៊ីរ៉ង់ នឹងនាំមកនូវផលវិបាកធ្ងន់ធ្ងរដែលមិនអាចស្មានដល់...។

នៅក្នុងបទសម្ភាសជាមួយទូរទស្សន៍ Al-Arabiya ដែលត្រូវបានផ្សព្វផ្សាយកាលពីថ្ងៃទី១៨ ខែកុម្ភៈ លោក ឡាវរ៉ូវ បានលើកឡើងថា ការបង្កើនភាពតានតឹងយោធានៅក្នុងតំបន់មជ្ឈិមបូព៌ា ប្រៀបដូចជាការលេងជាមួយភ្លើង អាចធ្វើឱ្យប៉ះពាល់ដល់ស្ថិរភាពសកល។ លោក ឡាវរ៉ូវ គូសបញ្ជាក់ថា ការវាយប្រហារកន្លងមកលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) បានបង្កើតឱ្យមានហានិភ័យពិតប្រាកដនៃឧប្បត្តិហេតុនុយក្លេអ៊ែរ។ លោកបានសង្កត់ធ្ងន់ថា បណ្ដាប្រទេសអារ៉ាប់ និងរដ្ឋក្នុងតំបន់ឈូងសមុទ្ទ ក៏មិនចង់ឃើញការផ្ទុះអាវុធណាមួយកើតឡើងដែរ ព្រោះវាអាចបំផ្លាញសមិទ្ធផលការទូត ដែលបានកសាងឡើងនាប៉ុន្មានឆ្នាំចុងក្រោយនេះ រួមទាំងការផ្សះផ្សារវាងអ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីតផងដែរ។

ទន្ទឹមនឹងការព្រមានរបស់រុស្ស៊ី ស្ថានភាពនៅសេតវិមានកាន់តែក្ដៅគគុក បន្ទាប់ពីមន្ត្រីជាន់ខ្ពស់អាម៉េរិកម្នាក់ បង្ហើបប្រាប់ភ្នាក់ងារ Reuters ថា កងកម្លាំងយោធាអាម៉េរិកទាំងអស់ដែលត្រូវបានចាត់តាំងឱ្យទៅកាន់តំបន់មជ្ឈិមបូព៌ា នឹងត្រូវពង្រាយឱ្យរួចរាល់នៅត្រឹមពាក់កណ្ដាលខែមីនាខាងមុខ។ ទោះបីជាមានការត្រៀមលក្ខណៈយោធាក៏ដោយ ក៏សហរដ្ឋអាម៉េរិកនៅតែរង់ចាំមើលសំណើជាលាយលក្ខណ៍អក្សរពីភាគីអ៊ីរ៉ង់ ដើម្បីដោះស្រាយវិវាទនុយក្លេអ៊ែរ បន្ទាប់ពីជំនួបចរចាដោយប្រយោលនៅទីក្រុងហ្សឺណែវ។

រុស្ស៊ីនៅតែរក្សាជំហរគាំទ្រសិទ្ធិរបស់អ៊ីរ៉ង់ក្នុងការអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរក្នុងគោលបំណងសន្តិវិធី។ លោក ឡាវរ៉ូវ បានអះអាងថា រដ្ឋធានីមូស្គូមានទំនាក់ទំនងជិតស្និទ្ធជាមួយមេដឹកនាំអ៊ីរ៉ង់ ហើយជឿជាក់ថា រដ្ឋធានីតេហេរ៉ង់ពិតជាមានឆន្ទៈដោះស្រាយបញ្ហានេះ ដោយផ្អែកលើសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ។ បច្ចុប្បន្ន ពិភពលោកកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ថា តើការចរចានៅហ្សឺណែវ អាចបញ្ចៀសសង្គ្រាមថ្មីមួយនៅមជ្ឈិមបូព៌ាបាន ឬយ៉ាងណា?...៕



