ពិភពលោក៖ កំណើនសេដ្ឋកិច្ចក្នុងប្រទេសអភិវឌ្ឍន៍នៅអាស៊ី ត្រូវបានព្យាករថា នឹងថយចុះបន្តិចនៅក្នុងឆ្នាំ២០២៥ និងឆ្នាំ២០២៦ ដោយសារតំបន់នេះទទួលរងនូវការរំខានយ៉ាងខ្លាំងដែលបង្កឡើងដោយពន្ធគយបដិការរបស់សហរដ្ឋអាម៉េរិក។ នេះបើយោងតាមការព្យាករនាពេលថ្មីៗ របស់ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ជាភាសាអង់គ្លេសថា ADB។

កំណើនក្នុងប្រទេសជាសមាជិក ADB ទាំង៤៦ ឥឡូវត្រូវបានព្យាករថា នឹងមានអត្រា ៤,៨ភាគរយសម្រាប់ឆ្នាំនេះ និង៤,៥ភាគរយសម្រាប់ឆ្នាំក្រោយ តែទាបជាងការព្យាករមុនចំនួន០,១ភាគរយ និង០,២ភាគរយរៀងគ្នា។ កំណើនរបស់អាស៊ីអាគ្នេយ៍ កូរ៉េខាងត្បូង ហុងកុង និងម៉ុងហ្គោលី ប្រឈមនឹងការធ្លាក់ចុះខ្លាំងបំផុត ខណៈទស្សនវិស័យរបស់តៃវ៉ាន់ មានភាពប្រសើរឡើងគួរឱ្យកត់សម្គាល់។ ADB បានឱ្យដឹងថា ប្រទេសអភិវឌ្ឍន៍នៅអាស៊ី ជាពិសេសប្រទេសចិន បានទទួលរងផលប៉ះពាល់ខ្លាំងជាងប្រទេសដទៃទៀតនៃពិភពលោក ដោយប្រឈមនឹងពន្ធគយដែលលើសពីតម្លៃស្ដង់ដារពិភពលោកចំនួន២៨,១ភាគរយ។

យ៉ាងណា ការនាំចេញនៅទូទាំងតំបន់បានកើនឡើង៨,១ភាគរយ នៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៥ ដែលមួយផ្នែកដោយសារតែការនាំចូលទៅសហរដ្ឋអាម៉េរិកត្រូវបានធ្វើឡើងមុនពន្ធគយកម្រិតខ្ពស់ចូលជាធរមាន។ ការកើនឡើងនេះ ត្រូវបានគេសង្កេតឃើញនៅទូទាំងក្រុមហ៊ុននាំចេញបច្ចេកវិទ្យា ដឹកនាំដោយតៃវ៉ាន់ ដែលឃើញមានកំណើនការនាំចេញ២០ភាគរយនៅក្នុងត្រីមាសទីមួយ ជំរុញដោយតម្រូវការសម្រាប់បន្ទះឈីប AI server។ ដោយឡែក ការព្យាករកំណើនរបស់អាស៊ីអាគ្នេយ៍ ត្រូវបានកែប្រែមកត្រឹម ៤,៣ភាគរយ សម្រាប់ទាំងឆ្នាំនេះ និងបន្ទាប់។ ការរំពឹងទុករបស់សមាជិកអាស៊ានទាំងអស់ត្រូវបានកែសម្រួលទាបជាងមុន លើកលែងតែប្រទេសវៀតណាម ដែលកំណើននៅឆ្នាំនេះត្រូវបានគេរំពឹងថានឹងមាន៦,៧ភាគរយ។ ប្រទេសដែលត្រូវបានកែប្រែច្រើនជាងគេ គឺប្រទេសថៃ ម៉ាឡេស៊ី និងកម្ពុជា។ ប្រទេសទាំងនេះ ត្រូវបានរំពឹងថា នឹងទទួលបានកំណើន២ភាគរយ, ៤,៣ភាគរយ និង៤,៩ភាគរយ រៀងគ្នានៅឆ្នាំនេះ និង ១,៦ភាគរយ, ៤,២ភាគរយ និង ៥ភាគរយ រៀងគ្នានៅឆ្នាំ២០២៦។

កោះតៃវ៉ាន់ ត្រូវបានព្យាករថានឹងកើនឡើង៥,១ភាគរយនៅឆ្នាំនេះ និង២,៣ភាគរយនៅឆ្នាំក្រោយ។ កំណើនសេដ្ឋកិច្ចរបស់មហាយក្សចិននៅតែមានស្ថិរភាពក្នុងអត្រា ៤,៧ភាគរយ ខណៈការព្យាកររបស់ប្រទេសឥណ្ឌាបានធ្លាក់ចុះមកនៅត្រឹម៦,៥ភាគរយ សម្រាប់ឆ្នាំនេះ និងឆ្នាំបន្ទាប់។ ទន្ទឹមនោះ ADB ចង្អុលបង្ហាញថា ពន្ធតាមវិស័យរបស់សហរដ្ឋអាម៉េរិក រួមទាំងពន្ធ២៥ភាគរយលើរថយន្ត និងគ្រឿងបន្លាស់ និង ៥០ភាគរយលើអាលុយមីញ៉ូម និងដែក បានប៉ះពាល់យ៉ាងខ្លាំងដល់ប្រទេសកូរ៉េខាងត្បូង។ ក្រៅពីពន្ធដែលបង្កការគំរាមកំហែងដល់ទស្សនវិស័យកំណើនក្នុងតំបន់ ADB បាននិយាយថា ភាពតានតឹងដែលមិនទាន់ដោះស្រាយរវាងសហរដ្ឋអាម៉េរិក និងចិន ក៏ដូចជាពន្ធលើឧបករណ៍អេឡិចត្រូនិក និងឱសថ និងសក្ដានុពលនៃការដំឡើងពន្ធបន្ថែមទៀត អាចប៉ះពាល់ដល់សេដ្ឋកិច្ចដល់កម្រិតផ្សេងៗគ្នា៕
