ហ្កាហ្សាត្រជាក់ខ្លាំងពេក ទារិកាទើបកើតបាន២១ថ្ងៃម្នាក់ «កកដល់ស្លាប់» ខណៈអ៊ីស្រាអែលបិទលែងឱ្យអង្គការអន្តរជាតិចូលទៅផ្តល់ជំនួយ
N
Nary Vann
02 មករា 2026 08:00 AM

តំបន់ហ្កាហ្សា៖ អាណោចអាធ័មណាស់! ដោយសារអាកាសធាតុចុះត្រជាក់ខ្លាំង ទារិកាម្នាក់ បានកករហូតដល់ស្លាប់នៅក្នុងជំរំតង់ នូស៊ីរាត់ (Nuseirat) ភាគកណ្តាលតំបន់ហ្កាហ្សា។​ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុក ហើយត្រូវបានចុះផ្សាយបន្តដោយសារព័ត៌មានអន្តរជាតិផ្សេងៗទៀត ដូចជា អាល់ ចាស៊ីរ៉ា (Al Jazeera) ជាដើម។ សារព័ត៌មានបរទេសមួយចំនួន ផ្សាយដូចគ្នាថា ទារិកាដ៏គួរឱ្យអាណិតនោះ ទើបមានអាយុ៣សប្តាហ៍ ឬ២១ថ្ងៃប៉ុណ្ណោះ ក៏លាចាកលោកទៅវិញ។ 

សោកនាដកម្មនេះ បានកើតឡើង ស្របពេលដែលជនជាតិប៉ាឡេស្ទីនរាប់ពាន់គ្រួសារក្នុងតំបន់ហ្កាហ្សា កំពុងប្រឈមមុខនឹងកង្វះជម្រក សម្លៀកបំពាក់កក់ក្ដៅ និងប្រព័ន្ធកម្តៅ ក្នុងអំឡុងពេលសីតុណ្ហភាពបានធ្លាក់ចុះទាបបំផុត។ ទន្ទឹមគ្នានេះ អ៊ីស្រាអែល បានសម្រេចបិទខ្ទប់ និងលុបអាជ្ញាបណ្ណអង្គការមនុស្សធម៌អន្តរជាតិចំនួន៣៧ មិនឱ្យចូលទៅផ្តល់ជំនួយនៅក្នុងតំបន់ហ្កាហ្សា និងតំបន់ West Bank។ ពាក្យរិះគន់ និងការថ្កោលទោស ស្រោចលើអ៊ីស្រាអែលដូចទឹកភ្លៀង។ គេចាត់ទុក ថាបិទអង្គការអន្តរជាតិ ស្មើនឹងផ្តាច់ជំនួយចេញពីប្រជាជនហ្កាហ្សា ដែលកំពុងរងទុក្ខវេទនាដោយសារសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ក្នុងតំបន់ហ្កាហ្សា។ 

ក្រុមសិទ្ធិមនុស្ស បានហៅសកម្មភាពនេះ ថាជាការបន្តគោលនយោបាយប្រល័យពូជសាសន៍ និងរំលោភលើច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ ដោយបង្អត់អាហារ ថ្នាំពេទ្យ និងសម្ភារៈចាំបាច់ ដែលធ្វើឱ្យពលរដ្ឋប៉ាឡេស្ទីនក្នុងតំបន់ហ្កាហ្សាកាន់តែរងគ្រោះ និងនៅដាច់ឆ្ងាយពីជំនួយសង្គ្រោះជីវិត។ ដោយឡែក ក្រុមសិទ្ធិមនុស្សប៉ាឡេស្ទីន បានអំពាវនាវឱ្យរដ្ឋចាត់វិធានការជាក់ស្តែង រួមទាំងការដាក់ទណ្ឌកម្ម និងការហាមឃាត់អាវុធ ហើយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងដើម្បីអនុវត្តដីការបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ក្នុងការចាប់ខ្លួនមន្ត្រីអ៊ីស្រាអែល៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត