លើសពីលើកមុន មេដឹកនាំកម្ពុជាផ្តល់បទសម្ភាសដល់សារព័ត៌មានអន្តរជាតិមួយទៀត បង្ហាញទាំងឯកសារអំពីការចូលមកកាន់កាប់ទឹកដីទាំងខុសច្បាប់ពីសំណាក់យោធាឈ្លានពានថៃ
Mao Sopha
20 កុម្ភៈ 2026 04:00 AM

រាជធានីភ្នំពេញ៖ បន្ទាប់ពីសារព័ត៌មាន Reuters គឺ Fox News ដែលបានសម្ភាសសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅរដ្ឋធានីវ៉ាស៊ីតោន សហរដ្ឋអាម៉េរិក ហើយបានចេញផ្សាយទាំងវីដេអូ និងអត្ថបទ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦។ លើសពីបទសម្ភាសជាមួយ Reuters បន្តិច ក្នុងបទសម្ភាសជាមួយ Fox News មេដឹកនាំកម្ពុជា​ បង្ហាញឯកសារជារូបភាពឱ្យមើលតែម្តង ហើយអះអាងបណ្តើរ ចង្អុលទៅលើចំណុចនានាក្នុងឯកសារនោះបណ្តើរថា យោធាថៃបានចូលមកដាក់ទូកុងតឺន័រ ស្រាស់បន្លាលួស និងបន្តឈរជើងក្នុងតំបន់មួយចំនួនស្ថិតក្នុងទឹកដីកម្ពុជា បើទោះជាមានកិច្ចព្រមព្រៀងសន្តិភាពជាមួយគ្នា ក្រោមគំនិតផ្តួចផ្តើមបង្កើតឡើងដោយលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិកក៏ដោយ។     

«ការកាន់កាប់នេះ គឺហួសពីការទាមទារចង់បានជាឯកតោភាគីរបស់យោធាថៃទៅទៀត» នេះជាការបញ្ជាក់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ ហើយបន្ទាប់មកក៏បន្ថែមថា «តំបន់ទាំងនេះ គឺជាកម្មសិទ្ធិរបស់ប្រជាជនកម្ពុជាដែលបានរស់នៅ ឥឡូវ ពួកគាត់ មិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញឡើយ»។ មេកនាំកម្ពុជាបន្តថា អ្វីដែលយោធាថៃកំពុងធ្វើ គឺផ្ទុយនឹងកិច្ចព្រមព្រៀងរបស់ភាគីទាំងពីរ ក្នុងការអនុញ្ញាតឱ្យប្រជាជនទាំងសងខាងវិលទៅផ្ទះសម្បែងវិញ។ ជាថ្មីម្តងទៀត តាមរយៈកិច្ចសម្ភាសជាមួយសារព័ត៌មានអន្តរជាតិមួយនេះ មេដឹកនាំកម្ពុជា ជំរុញភាគីថៃបើកឱ្យប្រជាជនកម្ពុជាវិលទៅផ្ទះសម្បែងវិញ ហើយគួរណាស់យល់ព្រមកំណត់ខណ្ឌសីមាជាមួយកម្ពុជា ដោយប្រើយន្តការទ្វេភាគីដែលព្រមព្រៀងគ្នា។ 

នៅថ្ងៃទី១៩ កុម្ភៈ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំលើកដំបូងនៃក្រុមប្រឹក្សាសន្តិភាព ដែលមានលោក ត្រាំ ជាប្រធាន។ មុនចូលរួមកិច្ចប្រជុំនេះ មេដឹកនាំកម្ពុជា បានផ្តល់បទសម្ភាសដល់សារព័ត៌មាន Reuters ម្តងរួចមកហើយ ហើយបន្ទាប់មកផ្តល់បទសម្ភាសដល់ Fox News ជុំវិញស្ថានការណ៍កម្ពុជា-ថៃ។ ក្នុងបទសម្ភាសជាមួយ Reuters ក៏ដូចក្នុងបទសម្ភាសជាមួយ Fox News ដែរ មេដឹកនាំកម្ពុជាបានលើកឡើងចំៗក្នុងន័យតែមួយថា យោធាថៃបន្តកាន់កាប់តំបន់មួយចំនួនរបស់កម្ពុជា៕   

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត