
រដ្ឋាភិបាលប៉ាគីស្ថាន បានប្រកាសកាលពីថ្ងៃទី១ ខែកុម្ភៈថា កងកម្លាំងនគរបាល និងយោធា បានសម្លាប់សមាជិកក្រុមភេរវករចំនួន១៤៥នាក់ ក្នុងរយៈពេល៤០ម៉ោងចុងក្រោយ នាភាគនិរតីនៃខេត្តបាឡូជីស្តង់ (Balochistan)។ ប្រតិបត្តិការវាយបកនេះកើតឡើងបន្ទាប់ពីមានការវាយប្រហារដោយគ្រាប់បែកអត្តឃាត និងការបាញ់រះដែលបានសម្លាប់មនុស្ស៣៣នាក់ ក្នុងនោះមានទាំងជនស៊ីវិល និងមន្ត្រីសន្តិសុខផងដែរ...។

លោក សាហ្វ្រាស ប៊ូកទី (Sarfraz Bugti) អភិបាលខេត្តបាឡូជីស្តង់ បញ្ជាក់ថា ខ្មាន់កាំភ្លើងដែលស្លាប់ទាំងនោះ គឺជាសមាជិកនៃក្រុមបះបោរ បាឡូច លីប៊ើរេតសិន អាមី Baloch Liberation Army (BLA) ដែលរដ្ឋាភិបាលប៉ាគីស្ថានហៅថា ជាក្រុមហ្វីតណា អាល់-ហិនឌូស្តង់ Fitna al-Hindustan ឬក្រុមភេរវករដែលមានឥណ្ឌានៅពីក្រោយខ្នង។ លោកបន្ថែមថា ក្នុងចំណោមសាកសពកងទ័ពកំពុងរក្សាទុក ក៏មានជនជាតិអាហ្គានីស្ថានផងដែរ ហើយការសម្លាប់ខ្មាន់កាំភ្លើងក្នុងចំនួនដ៏ច្រើនបែបនេះ គឺជាតួលេខខ្ពស់បំផុតមិនធ្លាប់មាន ក្នុងរយៈពេលរាប់ទសវត្សរ៍មកនេះ។ លោក ប៊ូកទី បានចោទប្រកាន់ចំៗទៅលើប្រទេសឥណ្ឌា និងអាហ្គានីស្ថានថា ជាអ្នកផ្ដល់ជំនួយ និងជម្រកដល់ក្រុម BLA ដើម្បីបង្កចលាចលក្នុងតំបន់ដែលមានធនធានរ៉ែដ៏សម្បូរបែប ដែលប៉ាគីស្ថានកំពុងព្យាយាមទាក់ទាញការវិនិយោគពីបរទេស។

គួររំឭកថា កាលពីខែកញ្ញា ឆ្នាំ២០២៥ ក្រុមហ៊ុនអាម៉េរិកមួយបានចុះកិច្ចព្រមព្រៀងវិនិយោគ៥០០លានដុល្លារក្នុងតំបន់នេះ បន្ទាប់ពីក្រសួងការបរទេសអាម៉េរិកចាត់ទុកក្រុម BLA ជាអង្គការភេរវកម្មបរទេស។ ជាការឆ្លើយតប រដ្ឋាភិបាលរដ្ឋធានីញូវដេលីបានបដិសេធដាច់អហង្កា ចំពោះការចោទប្រកាន់របស់ប៉ាគីស្ថាន ដោយចាត់ទុកថា ជាការប៉ុនប៉ងទម្លាក់កំហុសលើបរទេស ដើម្បីបិទបាំងបរាជ័យនៃសន្តិសុខផ្ទៃក្នុងរបស់ខ្លួន។ ក្រសួងការបរទេសឥណ្ឌាបានបញ្ជាក់ថា ឥណ្ឌាមិនមានការពាក់ព័ន្ធជាមួយក្រុមបំបែកខ្លួននៅក្នុងខេត្តបាឡូជីស្តង់នោះទេ ហើយបានជំរុញឱ្យប៉ាគីស្ថានចាត់វិធានការប្រឆាំងនឹងក្រុមភេរវករដែលកំពុងជ្រកកោននៅលើទឹកដីរបស់ខ្លួនពិតប្រាកដវិញ៕



