រដ្ឋធានីអ៊ីស្លាម៉ាបាដ-ហ្សាការតា៖ រដ្ឋមន្ត្រីការពារជាតិឥណ្ឌូណេស៊ី បានជួបមេទ័ពអាកាសប៉ាគីស្ថានក្នុងរដ្ឋធានីអ៊ីស្លាម៉ាបាដ ដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងដ៏មានសក្តានុពល ដែលរួមមានការទិញ-លក់យន្តហោះចម្បាំង និងយន្តហោះគ្មានមនុស្សបើកសម្រាប់ប្រយុទ្ធ។ នេះបើតាមមន្ត្រីសន្តិសុខ៣នាក់ ដែលចុះផ្សាយដោយកាសែតរ៉យទ័រ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦...។

មែនទែនទៅ កិច្ចពិភាក្សានេះកើតឡើងនៅពេលដែលឧស្សាហកម្មការពារជាតិរបស់ប៉ាគីស្ថានជោគជ័យជាបន្តបន្ទាប់ លើកិច្ចចរចារលទ្ធកម្មការពារជាតិ រួមទាំងកិច្ចព្រមព្រៀងជាមួយកងទ័ពជាតិរបស់លីប៊ី និងកងទ័ពស៊ូដង់ ខណៈរដ្ឋធានីអ៊ីស្លាម៉ាបាកំពុងដើរតួនាទីចែកចាយវិស័យការពារជាតិក្នុងតំបន់ដ៏សំខាន់មួយ។ ប្រភពមួយបានអះអាងថា កិច្ចចរចារឥណ្ឌូណេស៊ី-ប៉ាគីស្ថាន ផ្តោតលើការលក់យន្តហោះ JF-17 ដែលជាយន្តហោះប្រយុទ្ធពហុតួនាទី បង្កើតឡើងដោយប្រទេសប៉ាគីស្ថាន និងចិន និងយន្តហោះគ្មានមនុស្សបើកដែលត្រូវបានរចនាឡើងសម្រាប់ការឃ្លាំមើល និងវាយប្រហារលើគោលដៅជាក់សលាក់។ ចំណែកប្រភព២ផ្សេងទៀត បានបញ្ជាក់ថា កិច្ចពិភាក្សាកំពុងស្ថិតក្នុងដំណាក់កាលរលូន និងមានយន្តហោះចម្បាំង JF-17 ជាង ៤០គ្រឿង។ ជាមួយគ្នានេះ ឥណ្ឌូណេស៊ីក៏ចាប់អារម្មណ៍លើយន្តហោះគ្មានមនុស្សបើក Shahpar (សាផា) របស់ប៉ាគីស្ថានផងដែរ។ យ៉ាងណា គេមិនបានបញ្ជាក់ពីពេលវេលានៃការចែកចាយ និងចំនួនឆ្នាំដែលកិច្ចព្រមព្រៀងនេះមានវិសាលភាពនោះទេ។

អ្នកនាំពាក្យក្រសួងការពារជាតិឥណ្ឌូណេស៊ី លោក រីកូ រីខាដូ ស៊ីរ៉េត (Rico Ricardo Sirait) បានប្រាប់រ៉យទ័រថា ៖«កិច្ចប្រជុំបានផ្តោតលើការពិភាក្សាអំពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ រួមទាំងកិច្ចសន្ទនាជាយុទ្ធសាស្ត្រ ការពង្រឹងទំនាក់ទំនងរវាងស្ថាប័នការពារជាតិ និងឱកាសសម្រាប់កិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមកក្នុងវិស័យផ្សេងៗក្នុងរយៈពេលវែង»។ ជាមួយគ្នានេះ យោធាប៉ាគីស្ថានបានបញ្ជាក់ពីកិច្ចប្រជុំនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កិច្ចពិភាក្សាផ្តោតលើបញ្ហាផលប្រយោជន៍ទៅវិញទៅមក ការវិវត្តនៃសក្ដានុពលសន្តិសុខក្នុងតំបន់ និងពិភពលោក និងការស្វែងរកមធ្យោបាយសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគី។ ប្រភពសន្តិសុខមួយបន្ថែមទៀតបញ្ជាក់ថា ប៉ាគីស្ថានកំពុងពិភាក្សាអំពីការលក់យន្តហោះ JF-17 Thunder ប្រព័ន្ធការពារដែនអាកាស ការបណ្ដុះបណ្ដាលសម្រាប់មន្ត្រីកម្រិតមូលដ្ឋាន កម្រិតមធ្យម និងជាន់ខ្ពស់របស់កងទ័ពអាកាសឥណ្ឌូណេស៊ី និងបុគ្គលិកវិស្វកម្មយោធា។

គួរជម្រាបថា ប្រទេសឥណ្ឌូណេស៊ីបានដាក់ការបញ្ជាទិញយន្តហោះចម្បាំងមួយចំនួនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រួមទាំងយន្តហោះ Rafale (រ៉ាហ្វែល) របស់បារាំងចំនួន ៤២គ្រឿងដែលមានតម្លៃ ៨,១ពាន់លានដុល្លារក្នុងឆ្នាំ២០២២២ និងយន្តហោះចម្បាំង KAAN (ខាន) ចំនួន ៤៨គ្រឿងពីប្រទេសទួរគីកាលពីឆ្នាំមុន ដើម្បីពង្រឹងកម្លាំងទ័ពអាកាសរបស់ខ្លួន និងជំនួសទ័ពអាកាសដែលមានវ័យចំណាស់របស់ខ្លួន។ ជាងនេះ រដ្ឋធានីហ្សាការតាក៏បានពិចារណាទិញយន្តហោះចម្បាំង J-10 របស់ចិនផងដែរ ហើយកំពុងពិភាក្សាដើម្បីទិញយន្តហោះចម្បាំង F-15EX ដែលផលិតដោយសហរដ្ឋអាម៉េរិក៕


