សង្វេគណាស់! ប៉ាគីស្ថានវា.យ.ប្រ.ហា.រអាហ្គានីស្ថានឆក់ជីវិតជនស៊ីវិល១០នាក់
ហៀប ស៊ីថេត
25 វិច្ឆិកា 2025 05:30 AM

អាស៊ីខាងត្បូង៖ អ្នកនាំពាក្យក្រុមតាលីបង់អាហ្គានីស្ថាន លោក ហ្សាប៊ូហ៊ូឡាស៍ មូចាហ៊ីត (Zabihullah Mujahid) បានអះអាងនៅថ្ងៃអង្គារទី២៥ ខែវិច្ឆិកានេះថា យ៉ាងហោចណាស់មានកុមារចំនួន៩នាក់ និងស្ត្រីម្នាក់បានស្លាប់ បន្ទាប់ពីកងកម្លាំងប៉ាគីស្ថាន ទម្លាក់ស្រោចគ្រាប់បែកលើផ្ទះរបស់អ្នកស្រុកក្នុងខេត្តខូសត៍(Khost) នៃប្រទេសអាហ្គានីស្ថាន។

រូបភាព៖ Screenshot (Afghanistan Times)
រូបភាព៖ Screenshot (Afghanistan Times)

លោក មូចាហ៊ីត បានលើកឡើងថា ប្រទេសប៉ាគីស្ថានក៏បានវាយឆ្មក់នៅក្នុងខេត្តគូណារ (Kunar) និងប៉ាទីកា (Paktika) ផងដែរ ដោយបានបណ្ដាលឱ្យជនស៊ីវិល៤នាក់រងរបួស។ លោក មូចាហ៊ីត បានអះអាងនៅក្នុងសារបង្ហោះនៅលើបណ្តាញសង្គម X ថា៖«កាលពីយប់មិញនៅម៉ោង១២[..]កងកម្លាំងឈ្លានពានប៉ាគីស្ថាន បានទម្លាក់គ្រាប់បែកលើផ្ទះរបស់ជនស៊ីវិលក្នុងស្រុកវីឡាយ៉ាត់ខាន់(Wilayat Khan) ដែលបានសម្លាប់កុមារ៩នាក់ (ក្មេងប្រុស៥នាក់ និងក្មេងស្រី៤នាក់) និងស្ត្រីម្នាក់ ហើយបានបំផ្លាញផ្ទះរបស់ពួកគេ»។

លោក ហ្សាប៊ូហ៊ូឡាស៍ មូចាហ៊ីត, រូបភាព៖ Middle East Institute
លោក ហ្សាប៊ូហ៊ូឡាស៍ មូចាហ៊ីត, រូបភាព៖ Middle East Institute

មែនទែនទៅ ការវាយប្រហារនេះបានកើតឡើងមួយថ្ងៃ បន្ទាប់ពីការបំផ្ទុះគ្រាប់បែកអត្តឃាត២ដង ដោយបានសម្លាប់បុគ្គលិកយោធាប៉ារ៉ា៣នាក់នៅប៉េសាវ៉ា(Peshawar) ក្នុងប្រទេសប៉ាគីស្ថាន។ គួរជម្រាបថា យោធាប៉ាគីស្ថាន និងអាហ្គានីស្ថានបានប៉ះទង្គិចគ្នាក្នុងខែតុលា ដោយបានសម្លាប់មនុស្សរាប់សិបនាក់ នៅក្នុងអំពើហិង្សាដ៏អាក្រក់បំផុត ចាប់តាំងពីពួកតាលីបង់បានវិលត្រឡប់មកកាន់អំណាចក្នុងប្រទេសអាហ្គានីស្ថានវិញក្នុងឆ្នាំ២០២១៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត