
រដ្ឋធានីអ៊ីស្លាម៉ាបាដ៖ មូលនិធិរូបិយវត្ថុអន្តរជាតិហៅកាត់ IMF ព្យាករថា ប្រទេសប៉ាគីស្ថាន អាចបង្កើនផលិតផលក្នុងស្រុកសរុប (GDP) ចន្លោះពី៥ទៅ៦,៥ភាគរយ ក្នុងរយៈពេលប្រាំឆ្នាំ ប្រសិនបើប្រទេសនេះដោះស្រាយអំពើពុករលួយ និងការបរាជ័យនៃអភិបាលកិច្ចដែលចាក់ឫសយ៉ាងជ្រៅ។

របាយការណ៍របស់ IMF អំពាវនាវឱ្យមានកំណែទម្រង់ចំពោះការយកពន្ធ ការផ្គត់ផ្គង់ និងការត្រួតពិនិត្យអាជ្ញាធរលើចំណូលរបស់ប្រទេសប៉ាគីស្ថាន។ របាយការណ៍នេះ ផ្តល់នូវការវាយតម្លៃលម្អិតបំផុតក្នុងរយៈពេលជាច្រើនឆ្នាំ អំពីរបៀបដែលបទប្បញ្ញត្តិបានបែកបាក់ ការរៀបចំថវិកាមិនច្បាស់លាស់ និងចលាចលនយោបាយ កំពុងរារាំងការវិនិយោគ និងធ្វើឱ្យប្រាក់ចំណូលធ្លាក់ចុះ។

ប៉ាគីស្ថាន កំពុងកំណត់គោលដៅកំណើន៤,២ភាគរយនៅឆ្នាំនេះ។ ប៉ាគីស្ថានប្រកាសថា ខ្លួនកំពុងធ្វើឌីជីថលភាវូបនីយកម្មរដ្ឋបាលពន្ធដារ កាត់បន្ថយការលើកលែងពន្ធ និងរៀបចំរចនាសម្ព័ន្ធក្រុមហ៊ុនរដ្ឋឡើងវិញ។ របាយការណ៍របស់IMF បានបង្ហាញថា ប្រព័ន្ធពន្ធដាររបស់ប្រទេសប៉ាគីស្ថាន មានភាពស្មុគស្មាញ និងមានការបង្ខូចទ្រង់ទ្រាយ ជាមួយនឹងការលើកលែងពន្ធ និងបទបញ្ជាច្បាប់ច្រើនពេក។ វាបង្ហាញពីការគ្រប់គ្រងផ្ទៃក្នុងខ្សោយនៅក្នុងស្ថាប័នពន្ធដាររបស់ប្រទេសប៉ាគីស្ថាន។ IMF ជំរុញឱ្យមានការធ្វើគោលនយោបាយពន្ធមានភាពសាមញ្ញ ការរៀបចំរចនាសម្ព័ន្ធក្រុមប្រឹក្សាភិបាលចំណូលសហព័ន្ធ (FBR) ឡើងវិញ និងការពង្រឹងការធ្វើសវនកម្ម។ ស្ថាប័ននេះ ក៏រិះគន់ការពឹងផ្អែករបស់ប្រទេសប៉ាគីស្ថាន លើជំនួយបន្ថែមដែលរំលងសភាផងដែរ។

សហគ្រាសរដ្ឋ ដែលមានទ្រព្យសកម្មស្មើនឹងជិតពាក់កណ្តាលនៃផលិតផលក្នុងស្រុកសរុប (GDP) ត្រូវបាន IMF ចាត់ទុកថា ជាហានិភ័យនៃការគ្រប់គ្រងដោយសារតែការត្រួតពិនិត្យខ្សោយ ការជ្រៀតជ្រែកខាងនយោបាយ និងការផ្គត់ផ្គង់មិនច្បាស់លាស់។ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) អំពាវនាវឱ្យមានតម្លាភាពកាន់តែខ្លាំងលើក្រុមប្រឹក្សាសម្របសម្រួលការវិនិយោគពិសេស (SIFC) របស់ប្រទេសប៉ាគីស្ថាន ដែលគាំទ្រដោយយោធា ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២៣ ជាបង្អួចតែមួយ» សម្រាប់ការវិនិយោគ៕


