
រាជធានីបាងកក៖ នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ សាលារៀនចំនួន១៤កន្លែងនៅស្រុកឡាតលំកែវ (ลาดหลุมแก้ว) ខេត្តបទុមធានី ប្រទេសថៃ បានប្រកាសបិទជាបន្ទាន់ ដោយសារបុរសជនជាតិថៃម្នាក់ កាន់អាវុធបាញ់បោះសេរី ដែលងាយនឹងបង្កគ្រោះថ្នាក់ជាយថាហេតុ។ បុរសនោះបានបង្កើតភាពវឹកវរជាច្រើនករណី រួមទាំងការបាញ់ប្រហារប្រពន្ធខ្លួនឯងផងដែរ...។

ប៉ូលិសរាយការណ៍ថា ជនសង្ស័យមានឈ្មោះ នព្វរ័ត្ន ជីនតូ (นพรัตน์ จีนโต หรือ แอล) ឬហៅថា អែល អាយុ៣១ឆ្នាំ បានរត់គេចខ្លួនទៅកាន់ខេត្តចន្ទបុរី បន្ទាប់ពីបានបាញ់ប្រពន្ធ និងបាញ់ទៅលើរថយន្តសង្គ្រោះបន្ទាន់ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦។ ក្រោយមក ខ្មាន់កាំភ្លើងរូបនេះ យកកាំភ្លើងភ្ជង់គំរាមឪពុកក្មេកទៀត ដើម្បីបង្ខំឱ្យប្រពន្ធទៅជួបរូបគេ ប៉ុន្តែឪពុកក្មេកបានរត់គេចខ្លួនដើម្បីសុវត្ថិភាព និងបានដាក់ពាក្យបណ្តឹងភ្លាមៗ។ ក្នុងប្រតិបត្តិការត្រួតពិនិត្យផ្ទះជនសង្ស័យ ប៉ូលិសរកឃើញកាំភ្លើងជាច្រើនដើម។ បើទោះបីមិនទាន់មានរបាយការណ៍អំពីការបាញ់ប្រហារទៅលើសាលារៀនណាមួយក៏ដោយ ប៉ុន្តែដើម្បីការពារសុវត្ថិភាពសិស្ស និងគ្រូបង្រៀន សាលារៀនទាំងអស់ ក្នុងតំបន់ត្រូវបានបញ្ជាឱ្យបិទទ្វារជាបន្ទាន់។ ជាមួយគ្នា ប៉ូលិសបានបញ្ជាក់ថា ទោះបីមិនមានការគំរាមកំហែងផ្ទាល់ទៅលើសាលារៀនណាមួយក៏ដោយ ប៉ុន្តែការបិទសាលារៀនជាវិធានបង្ការ ជាពិសេស អាកប្បកិរិយាឃោរឃៅរបស់ជនសង្ស័យ គឺជាការគំរាមកំហែងដល់សហគមន៍។

ជុំវិញករណីខាងលើ បង្ហាញពីភាពគ្មានសុខសវត្ថិភាព និងការគ្រប់គ្រងអាវុធយ៉ាងអន់បំផុតនៅក្នុងប្រទេសថៃ ដែលអនុញ្ញាតឱ្យមនុស្សម្នាក់កាន់កាំភ្លើងបានជាច្រើនដើម បង្កភាពវឹកវរ បាញ់ប្រហារគ្រួសារ និងបាញ់ទៅលើរថយន្តជួយសង្គ្រោះ រហូតដល់បង្ខំឱ្យបិទសាលារៀននៅទូទាំងស្រុក ប៉ះពាល់ដល់ការសិក្សាសិស្សរាប់ពាន់នាក់។ នេះជាឧទាហរណ៍យ៉ាងច្បាស់ថា បញ្ហាសង្គម និងសុវត្ថិភាពសាធារណៈនៅប្រទេសថៃកំពុងដាំក្បាលចុះ៕


