
រាជធានីភ្នំពេញ៖ កម្ពុជា តាមរយៈក្រសួងបរិស្ថាន បានប្រកាសពីការបញ្ជាទិញឡបច្ចេកទេសសម្រាប់ដុតសំណល់វេជ្ជសាស្ត្រ និងសំណល់ប្លាស្ទិកពីប្រទេសជប៉ុន ដែលមិនបញ្ចេញផ្សែងបំពុលបរិយាកាស។ នេះបើតាមប្រសាសន៍របស់ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលបានយកមកផ្សាយដោយក្រសួងព័ត៌មាន។

លោក អ៊ាង សុផល្លែត បានសម្រេចទិញឡបច្ចេកទេសសម្រាប់ដុតសំណល់វេជ្ជសាស្ត្រ និងសំណល់ប្លាស្ទិកនេះ ក្នុងឱកាសលោកទៅបំពេញបេសកកម្មនៅប្រទេសជប៉ុន ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦។ លោកបញ្ជាក់ក្នុងពេលធ្វើសន្និសីទសារព័ត៌មាន បន្ទាប់ពីត្រឡប់មកដល់កម្ពុជា នៅថ្ងៃព្រហស្បត៍ទី១៩កុម្ភៈ ឆ្នាំ២០២៦ ថា៖«យើងបានទៅធ្វើទស្សនកិច្ចរោងចក្រផលិតឡសំណល់វេជ្ជសាស្ត្រ និងសំណល់ប្លាស្ទិក ដែលជាឡមួយដុតទៅអត់មានផ្សែងទេ មានតែចំហាយទឹកមកវិញ! បច្ចេកទេសគាត់ល្អ! យើងបានទៅមើល ហើយយើងបានបញ្ជាទិញ ដើម្បីយកមកប្រើប្រាស់នៅកម្ពុជាយើងផងដែរ។ ការបញ្ជាទិញនេះ សង្ឃឹមថា កិច្ចសហប្រតិបត្តិការជាមួយភាគីជប៉ុន ក្រសួងបរិស្ថានជប៉ុន និងក្រុមហ៊ុនជប៉ុន នឹងជួយយើងឱ្យបានច្រើនគ្រឿង។ គោលដៅរបស់យើង គឺធ្វើយ៉ាងណាឱ្យមួយស្រុកមានមួយគ្រឿង»។

លោកបានឱ្យដឹងដែរថា ឡដុតសំណល់វេជ្ជសាស្ត្រ និងសំណល់ប្លាស្ទិក ក៏នឹងមិនប្រើប្រាស់ថាមពលអគ្គិសនីដែរ ប៉ុន្តែនឹងជំនួសមកវិញដោយការប្រើប្រាស់ថាមពលទាញពីប្រភពពន្លឺព្រះអាទិត្យ(Sola)។ គួរបញ្ជាក់ថា ក្នុងកិច្ចសហប្រតិបត្តិការរួមគ្នា ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងសំណល់ លោក អ៊ាង សុផល្លែត និងរដ្ឋមន្ត្រីក្រសួងបរិស្ថានជប៉ុន បានឯកភាពគ្នាលើចំណុចចំនួន៦រួមមាន៖ ១.យន្តការឥណទានរួម ដែលមានស្រាប់ និងគម្រោងផ្នែកជីវម៉ាស, ២.សកម្មភាពឆ្លើយតប នឹងការប្រែប្រួលអាកាសធាតុក្នុងក្របខណ្ឌអាស៊ាន, ៣.ការគាំទ្រលើផែនការជាតិ ការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ ជាពិសេសប្រព័ន្ធព្រមានជាមុន, ៤.ការកែច្នៃសំរាម-សំណល់ឡើងវិញ និងការទាញយកថាមពលអគ្គិសនីពីសំណល់, ៥.ការផ្សព្វផ្សាយព័ត៌មាន អំពីផលប៉ះពាល់នៃសំរាម-សំណល់ ការផលិតថង់ជីវម៉ាសងាយបំបែកធាតុ, និង៦.ការផ្លាសប្តូរបទពិសោធ លើការគ្រប់គ្រងឧទ្យានជាតិ។

ជាមួយគ្នានោះ ក៏មានការចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងបរិស្ថានកម្ពុជា និងសហព័ន្ធសមាគមមេធាវីជប៉ុន លើការលើកកម្ពស់ការអនុវត្តច្បាប់បរិស្ថាន, ការពង្រឹងតម្លាភាពក្នុងការអនុញ្ញាត និងអភិបាលកិច្ចបរិស្ថាន, និងការកសាងក្របខ័ណ្ឌស្ថាប័នឱ្យកាន់តែរឹងមាំ សម្រាប់ការគ្រប់គ្រងធនធានធម្មជាតិ៕



