
ក្រុងសៀមរាប៖ ប្រាសាទធម្មនន្ទ មានទីតាំងនៅក្រៅក្រុងអង្គរធំ លក្ខណៈពិសេសនៃប្រសាទនេះ គឺមានបង្ហាញពីចម្លាក់ក្រទ្បោតខ្ពស់ ឧទ្ទិសដល់ព្រហ្មញ្ញសាសនា និកាយព្រះនារាយណ៍ ដូចប្រាសាទអង្គរវត្តដែរ។ នេះបើតាមការឱ្យដឹងពីអាជ្ញាធរជាតិអប្សរា នៅថ្ងៃទី១៩កុម្ភៈ...។

អាជ្ញាធរជាតិអប្សរា គូសបញ្ជាក់ថា ប្រាសាទធម្មនន្ទ មានទ្រង់ទ្រាយតូច ក្នុងទម្រង់រចនាបថប្រាសាទអង្គរវត្ត កសាងនៅដើមសតវត្សរ៍ទី១២ នៅក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី២។ ប្រាសាទនេះ មានរាងចតុកោណ ហើយមានប្រាង្គបែរមុខទៅទិសខាងកើត និងមានកសិន្ធុទឹក កំពែងថ្មបាយក្រៀម និងមានខ្លោងទ្វារពីរនៅខាងកើត និងខាងលិច និងមានហោត្រៃមួយនៅទិសអាគ្នេយ៍។ រីឯតួកណ្តាលមានយ៉៤ ដែលខាងកើតបើកជាច្រកចូលសំខាន់ រីឯយ៉៣ទៀតបិទដោយទ្វារបញ្ឆោត។ នៅលើទ្វារបញ្ឆោតនៃយ៉ទាំង៣នេះ មានចម្លាក់ល្អវិចិត្រ និងអមដោយចម្លាក់ទេវតាជាច្រើនដូច ប្រាសាទអង្គរវត្តដែរ។ ផ្តែរលើខ្លោងទ្វារខាងកើតមានចម្លាក់ព្រះនារាយណ៍គង់លើជំនិះគ្រុឌ។

លើសពីនេះ នៅលើហោជាងខាងត្បូងនៃមណ្ឌប មានចម្លាក់រឿងព្រះឥសូរគង់ធ្វើតាបសនៅភ្នំមួយ ដែលត្រូវក្រុងរាពណ៍អង្រួនរំខាន តែព្រះអង្គចុចចុងម្រាមជើងចុះដីសង្កត់ក្រុងរាពណ៍មិនឱ្យរើខ្លួនរួច។ ក្នុងនោះក៏មានចម្លាក់រឿងរាមកេរ្តិ៍ជាច្រើនកន្លែងទៀត បង្ហាញនៅតាមផ្តែរ និងហោជាងផ្សេងទៀត។ សូមជម្រាបថា ដើម្បីលើកតម្លៃប្រាង្គប្រាសាទបុរាណ ដែលភ្ញៀវទេសចរអាចដើរទស្សនាបានគ្រប់ជ្រុងជ្រោយ នៃចំណុចសំខាន់ៗរបស់ប្រាសាទ អាជ្ញាធរជាតិអប្សរា កាលពីកន្លងទៅ បានដាក់ឱ្យដំណើរការវង់ទស្សនាថ្មី ចំនួន១ខ្សែនៅប្រាសាទធម្មនន្ទ៕






