
រាជធានីភ្នំពេញ៖ អង្គការ Exceed Worldwide ជាអង្គការគ្រប់គ្រងមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា មានផែនការពង្រីកការផ្ដល់សេវាកម្មស្តារកាយនីតិសម្បទានៅតាមមន្ទីរពេទ្យរដ្ឋមួយចំនួននៅកម្ពុជា។

ការអះអាងដូច្នេះ ធ្វើឡើងក្នុងពេល លោក ខាសុន ហាត (Carson Harte) នាយកប្រតិបត្តិអង្គការ Exceed Worldwide ចូលជួបសម្ដែងការគួរសមជាមួយ លោក លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នាថ្ងៃព្រហស្បតិ៍ទី១៩កុម្ភៈ ឆ្នាំ២០២៦។ លោក ខាសុន ហាត បានធ្វើសេចក្តីរាយការណ៍អំពីការផ្ដល់សេវាកម្មដល់ជនមានពិការភាព និងកិច្ចសង្រ្គោះជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា ព្រមទាំងបានថ្លែងអំណរគុណដល់អាជ្ញាធរមីន ដែលបានផ្តល់នូវការគាំទ្រដល់អង្គការ។

ជាមួយគ្នា លោកបានបញ្ជាក់ថា អង្គការបានគ្រប់គ្រងមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាភ្នំពេញ កំពង់ឆ្នាំង និងព្រះសីហនុ មានផែនការពង្រីកការផ្ដល់សេវាកម្មស្តារកាយនីតិសម្បទានៅតាមមន្ទីរពេទ្យ។ លោកក៏ស្នើសុំឱ្យមានការគាំទ្រពីក្រសួងស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជាផងដែរ។ លោក លី ធុជ បានវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់អង្គការ Exceed Worldwide ដែលបានរួមចំណែកយ៉ាងសកម្មក្នុងកិច្ចគាំពារបីបាច់ថែទាំ និងការផ្ដល់សេវាកម្មនានា ដល់ជនមានពិការភាព ជាពិសេស ជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទះពីសង្រ្គាម រួមទាំងការគាំទ្រសហគមន៍ឱ្យទទួលបាននូវឱកាសអប់រំ បណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ការងារ ឬការបង្កើតអាជីវកម្មថ្មីៗ ជាដើម។

ឆ្លើយតបទៅលោក ខាសុន ហាត អនុប្រធានទី១នៃអាជ្ញាធរមីន បានសម្ដែងការស្វាគមន៍ចំពោះផែនការពង្រីកសេវាកម្មរបស់អង្គការនៅតាមមន្ទីរពេទ្យរដ្ឋ ហើយអះអាងថា អាជ្ញាធរមីន និងអង្គការ នឹងបន្តពង្រឹងកិច្ចសហការរវាងគ្នា ក្នុងការគាំទ្រផ្តល់សេវាស្តារកាយនីតិសម្បទាដល់ជនមានពិការភាព ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ និងកិច្ចគាំទ្រដល់សហគមន៍ងាយរងគ្រោះ។ លោកគូសបញ្ជាក់ថា៖«ទោះបីកម្ពុជា ទទួលបានជោគជ័យក្នុងការដោះស្រាយបញ្ហាគ្រាប់មីន បានច្រើនយ៉ាងណាក្តី ប៉ុន្តែកម្ពុជានៅតែបន្តរងផលប៉ះពាល់ដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ដែលនៅសេសសល់ តម្រូវឱ្យមានការចូលរួមចំណែកពីប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធជួយដោះស្រាយ ក្នុងនោះ អង្គការ Exceed Worldwide គឺជាដៃគូមួយ ក្នុងការផ្ដល់សេវាដល់ជនមានពិការភាព»។

គួរបញ្ជាក់ថា អង្គការ Exceed បានចាប់ផ្តើមធ្វើការនៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩៨៩។ អង្គការបានបណ្ដុះបណ្ដាលអ្នកជំនាញអវយវៈសិប្បនិម្មិត និងអ្នកបច្ចេកទេស និងផ្តល់សេវាស្តារនីតិសម្បទារាងកាយយ៉ាងទូលំទូលាយ ដោយឥតគិតថ្លៃ ដល់អ្នកដែលត្រូវការបំផុត៕



