អគារឃុំឃាំងអ្នកទោស«ចំណាត់ថ្នាក់សន្តិសុខខ្ពស់»នឹងត្រូវបំពាក់កាមេរ៉ាសុវត្ថិភាព
អុន សម្ផស្ស
14 ម៉ោងមុន

រាជធានីភ្នំពេញ៖ ឧត្តមអគ្គានុរក្ស១ លោក នុត សវនា អគ្គនាយករង និងជាប្រធានមណ្ឌលអប់រំកែប្រែទី១ បានសម្រេចបន្ថែមចំនួនកងកម្លាំង និងបំពាក់កាមេរ៉ាសុវត្ថិភាព តាមអគារឃុំឃាំងអ្នកទោស ដែលត្រូវចាត់ចូលក្នុង«ចំណាត់ថ្នាក់សន្តិសុខខ្ពស់» ឬនិយាយងាយយល់ជាអ្នកប្រព្រឹត្តបទល្មើសកម្រិតធ្ងន់ ទាមទារឱ្យមន្ត្រីជំនាញប្រុងប្រយ័ត្នតាមឃ្លាំមើល ដើម្បីបញ្ចៀសការរត់គេចខ្លួន...។  

ឧត្តមអគ្គានុរក្ស១ លោក នុត សវនា អគ្គនាយករង និងជាប្រធានមណ្ឌលអប់រំកែប្រែទី១។   
ឧត្តមអគ្គានុរក្ស១ លោក នុត សវនា អគ្គនាយករង និងជាប្រធានមណ្ឌលអប់រំកែប្រែទី១។   

ការសម្រេចរបស់ លោក នុត សវនា ត្រូវបានប្រកាសក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារជំនាញ ការិយាល័យប្រតិបត្តិ ដោយផ្តោតសំខាន់លើយន្តការគ្រប់គ្រងជនជាប់ឃុំ ប្រភេទចំណាត់ថ្នាក់សន្តិសុខខ្ពស់ កាលពីរសៀលថ្ងៃពុធទី១៨កុម្ភៈ ឆ្នាំ២០២៦។ តាមរយៈកិច្ចប្រជុំ លោក នុត សវនា ជំរុញដល់ការិយាល័យប្រតិបត្តិ និងមន្រ្តីគ្រប់គ្រងតាមអគារសហការជាមួយកម្លាំងសម្ងាត់ ស៊ើបការណ៍អប់រំ និងមន្ត្រីជំនាញបញ្ជាសុនខ ចុះល្បាតហិតក្លិន រុករកវត្ថុហាមឃាត់,​ ទង្វើល្មើសបទបញ្ជាផ្ទៃក្នុង តាមអគារឃុំឃាំង និងបរិវេណជុំវិញអគារជាប្រចាំ។  

កិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារជំនាញ ការិយាល័យប្រតិបត្តិ ដោយផ្តោតសំខាន់លើយន្តការគ្រប់គ្រងជនជាប់ឃុំ ប្រភេទចំណាត់ថ្នាក់សន្តិសុខខ្ពស់។
កិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារជំនាញ ការិយាល័យប្រតិបត្តិ ដោយផ្តោតសំខាន់លើយន្តការគ្រប់គ្រងជនជាប់ឃុំ ប្រភេទចំណាត់ថ្នាក់សន្តិសុខខ្ពស់។

ក្រៅពីនេះ ដើម្បីពង្រឹងប្រសិទ្ធភាពការងារគ្រប់គ្រង និងអប់រំកែប្រែ ការិយាល័យប្រតិបត្តិ ត្រូវបញ្ចូលប្រភេទបទល្មើសឆបោកមានស្ថានទម្ងន់ធ្វើឡើងជាប្រព័ន្ធអនឡាញស្កេម (Online Scam) និងអ្នកដែលធ្លាប់ជាប់ពន្ធនាគារច្រើនដង, ប្រភេទក្រុមឧក្រិដ្ឋជន ដែលធ្វើសកម្មភាពពាក់ព័ន្ធអនឡាញស្កេម ដូចជា បទល្មើសពាក់ព័ន្ធការចាប់បង្ខាំងមនុស្ស ចាប់ជំរិតឆ្លងដែនដោយខុសច្បាប់ ទៅក្នុង«ចំណាត់ថ្នាក់សន្តិសុខខ្ពស់» បន្ថែមពីលើអ្នកទោសករណីគ្រឿងញៀន និងករណីញុះញង់ ដែលធ្លាប់ឃ្លាំមើលកន្លងមក។ ក្នុងន័យនេះ ការិយាល័យរដ្ឋបាលសរុប ត្រូវពិនិត្យលើដីកាបង្គាប់ឱ្យឃុំ ក្នុងករណីប្រទះឃើញករណីពាក់ព័ន្ធនិងបទល្មើសអនឡាញស្កេម មន្ត្រីជំនាញត្រូវសរសេរបន្ថែម ដើម្បីគូសវាសហាយឡាយឱ្យបានច្បាស់។

ម៉្យាងវិញទៀតអនុប្រធាន ឬប្រធានការិយាល័យពាក់ព័ន្ធ ត្រូវត្រួតពិនិត្យឱ្យបានតឹងរឹងលើមន្ត្រី និងជនជាប់ឃុំ ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការទប់ស្កាត់ និងបង្ក្រាបបទល្មើសមិនឱ្យជ្រៀតចូលទៅក្នុងមណ្ឌល។ ចំណុចនេះ លោក នុត សវនា៖«[..]ឯកភាពតាមសំណើសុំរបស់ប្រធានអគារ និងអនុប្រធានមណ្ឌលទទួលផែន ក្នុងការដាក់កម្លាំងមន្ត្រីបន្ថែម និងបំពាក់កាមេរ៉ាសុវត្ថិភាពបន្ថែម សម្រាប់អគារឃុំជនជាប់ឃុំដែលមានចំណាត់ថ្នាក់សន្តិសុខខ្ពស់[..]»

រូបភាពតំណាង
រូបភាពតំណាង

ដោយឡែក ចំពោះអគារដែលនឹងដាក់ជនជាប់ឃុំស្ថិតក្នុង«ចំណាត់ថ្នាក់សន្តិសុខខ្ពស់» ពេលធ្វើរួចត្រូវបំពាក់គ្រឿងការពារ ដើម្បីធានាបាននូវសន្តិសុខសុវត្ថិភាព ហើយការត្រួសពិនិត្យត្រូវធ្វើឱ្យបានម៉ត់ចត់ និងរៀបចំកន្លែងពិនិត្យឱ្យខ្លាំងរឹងមាំ។ បន្ថែមលើនោះ កងកម្លាំងជំនាញទាំងអស់ ត្រូវពង្រឹងការងារសន្តិសុខ សណ្ដាប់ធ្នាប់ តាមអគារនីមួយៗឱ្យបានល្អ ជាពិសេស អគារដែលកំពុងមានការសាងសង់។ គួរជ្រាបថា តាមរបាយការណ៍បង្ហាញដោយក្រសួងមហាផ្ទៃ ក្នុងឆ្នាំ២០២៥ ជនជាប់ឃុំនៅកម្ពុជាចំនួន១០នាក់ បានរត់គេចខ្លួនចេញពីពន្ធនាគារ ខណៈសមត្ថកិច្ចជំនាញតាមចាប់ខ្លួនមកវិញបានតែ៩នាក់ប៉ុណ្ណោះ

រូបភាពតំណាង
រូបភាពតំណាង
រូបភាពតំណាង
រូបភាពតំណាង


អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត