អតីតរដ្ឋមន្ត្រីមហាផ្ទៃកូរ៉េខាងត្បូង ត្រូវបានតុលាការវាយខ្នោះបញ្ជូនចូលពន្ធនាគារ៧ឆ្នាំ ពីបទសមគំនិតក្នុងសំណុំរឿងច្បាប់អាជ្ញាសឹក
ហៀប ស៊ីថេត
15 ម៉ោងមុន

រដ្ឋធានីសេអ៊ូល៖ តុលាការកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍ទី១២ ខែកុម្ភៈនេះ បានផ្ដន្ទាទោសអតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក លី សាំងមីន (Lee Sang-min) ឱ្យជាប់ពន្ធនាគាររយៈពេល៧ឆ្នាំ ជុំវិញការរួមចំណែកក្នុងផែនការបរាជ័យរបស់អតីតប្រធានាធិបតី យូន ស៊ុកយ៉ូល ដែលបានព្យាយាមដាក់ប្រទេសក្រោមច្បាប់អាជ្ញាសឹក កាលពីខែធ្នូ ឆ្នាំ២០២៤។

លោក លី សាំងមីន
លោក លី សាំងមីន

សាលាដំបូងរាជធានីសេអ៊ូល បានរកឃើញថា លោក លី វ័យ ៦១ឆ្នាំ មានទោសកំហុសពីបទចូលរួមក្នុងអំពើបះបោរ តាមរយៈការបញ្ជាទៅកាន់ភ្នាក់ងារប៉ូលិស និងអាជ្ញាធរពន្លត់អគ្គិភ័យ ឱ្យកាត់ផ្ដាច់ចរន្តអគ្គិសនី និងទឹក នៅតាមស្ថាប័នផ្សព្វផ្សាយនានា។ ចៅក្រមបានបញ្ជាក់ថា ក្រៅពីអំពើបទចោទនេះ លោកក៏បានប្រព្រឹត្តបទល្មើសធ្វើសក្ខីកម្មក្លែងក្លាយផងដែរ ក្នុងអំឡុងពេលដំណើរការដកតំណែងលោក យូន នាពេលកន្លងមក។ ចៅក្រម រីយូ យុងជីន (Ryu Kyung-jin) បានសង្កត់ធ្ងន់ក្នុងសាលក្រមថា៖«ការប្រើប្រាស់កម្លាំងបាយទៅលើប្រព័ន្ធផ្សព្វផ្សាយ ដែលរិះគន់រដ្ឋាភិបាល គឺជាចេតនាធ្វើឱ្យសំឡេងប្រឆាំងចុះខ្សោយ ដើម្បីសម្រួលផ្លូវឱ្យផែនការបះបោរអាចឈានទៅមុខបានយ៉ាងរលូន»

សូមរំឭកថា កាលពីខែមុន រដ្ឋអាជ្ញាពិសេសបានទាមទារឱ្យផ្ដន្ទាទោសអតីតរដ្ឋមន្ត្រីរូបនេះរហូតដល់១៥ឆ្នាំ ដោយអះអាងថា លោកគឺជាតួអង្គដ៏សំខាន់ដែលបើកផ្លូវឱ្យមានអំពើបះបោរ។ យ៉ាងណា លោក លី បានបដិសេធរាល់ការចោទប្រកាន់ទាំងនេះ។ គួរបញ្ជាក់ថា លោក លី គឺជាសមាជិកគណៈរដ្ឋមន្ត្រីទី២ របស់លោក យូន ដែលត្រូវបានកាត់ទោសដាក់ពន្ធនាគារ ក្នុងសំណុំរឿងអនុម័តច្បាប់អាជ្ញាសឹក បន្ទាប់ពីអតីតនាយករដ្ឋមន្ត្រី ហាន់ ដាកស៊ូ (Han Duck-soo) ត្រូវបានកាត់ទោសឱ្យជាប់គុកដល់ទៅ ២៣ឆ្នាំ កាលពីខែមករាកន្លងទៅ៕

លោក យូន ស៊ុកយ៉ុល
លោក យូន ស៊ុកយ៉ុល
លោក ហាន់ ដាកស៊ូ
លោក ហាន់ ដាកស៊ូ
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត