
ក្រុងដូនកែវ៖ ធ្លាយដំណឹងថា លោកវរសេនីយ៍ឯក ឥន្ទ មណ្ឌល អធិការនៃអធិការដ្ឋាននគរបាលក្រុងដូនកែវ ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យដាក់ឱ្យចូលនិវត្តន៍ពីតួនាទីតាំងពីចុងឆ្នាំ២០២៥ ប៉ុន្តែរូបលោកនៅតែមកបំពេញការងារនៅអធិការដ្ឋាននគរបាលក្រុងដូនកែវ ជាធម្មតា។ យ៉ាងណា មហាជនមានចម្ងល់ថា តើការមិនចាកចេញពីតួនាទីរបស់លោកវរសេនីយ៍ឯក ឥន្ទ មណ្ឌល គឺជាការបង្ហាញឆន្ទៈស្រឡាញ់ការងារ ឬមួយក្រសោបតំណែងជាប់ មិនឱ្យអ្នកដទៃមកទទួលភារកិច្ចបន្ត..?

អនុក្រឹត្យដែលមានចុះហត្ថលេខាដោយ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ បានសម្រេចដាក់ឱ្យចូលនិវត្តន៍នូវក្របខ័ណ្ឌមន្រ្តីនគរបាលជាតិកម្ពុជានៃក្រសួងមហាផ្ទៃ ចំនួន១២រូប ក្នុងនោះ លេខរៀងទី៧ មានឈ្មោះលោកវរសេនីយ៍ឯក ឥន្ទ មណ្ឌល អត្តលេខ០៨៦៣៨ ត្រូវបានសម្រេចឱ្យសម្រាកពីការងារ(ចូលនិវត្តន៍)។ អនុក្រឹត្យក៏បានបញ្ជាក់ច្បាស់ដែរថា សាមីខ្លួនត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។ យ៉ាងណា រហូតមកដល់ខែកុម្ភៈ ឆ្នាំ២០២៦ តាមរយៈផេកផ្លូវការរបស់ អធិការដ្ឋាននគរបាលក្រុងដូនកែវ នៅតែបង្ហាញសកម្មភាពការងារយ៉ាងសកម្មរបស់ លោកវរសេនីយ៍ឯក ឥន្ទ មណ្ឌល ជាធម្មតានៅឡើយ ធ្វើឱ្យមហាជនមានចម្ងល់ថា ហេតុអ្វី លោកអធិការដ្ឋាននគរបាលក្រុងដូនកែវ មិនទាន់ទៅផ្ទះសម្រាកតាមសេចក្តីសម្រេច ឬមួយថ្នាក់លើមិនទាន់រកអ្នកមកជំនួសលោកបាន ?

ឆ្លើយតបនឹងចម្ងល់មហាជន លោកឧត្តមសេនីយ៍ត្រី សៅ សារុន អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តតាកែវ នៅរសៀលថ្ងៃទី១៩កុម្ភៈ ឆ្នាំ២០២៦នេះ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ ពាក់ព័ន្ធករណីខាងលើ ជាបែបបទការងាររដ្ឋបាល ក្រសួងមហាផ្ទៃនឹងចេញប្រកាសកាត់ផ្តាច់ចេញពីក្របខ័ណ្ឌនគរបាលជាតិ និងផ្ទេរភារកិច្ចការងារលោក ឥន្ទ មណ្ឌល ទៅមន្ទីរសង្គមកិច្ច។ អ្នកនាំពាក្យស្នងការនគរបាលខេត្តរូបនេះ បន្ថែមថា មកដល់ពេលនេះ ក្រសួងមហាផ្ទៃ ក៏បាននិងកំពុងដំណើរការនីតិវិធីលើរឿងនេះហើយ៕







