ក្រុងព្រះសីហនុ៖ ចំនួនភ្ញៀវទេសចរចូលកម្សាន្តកម្ពុជា តាមកំពង់ផែស្វយ័តក្រុងព្រះសីហនុ ហាក់មានការកើនឡើងតាមរយៈនាវាទេសចរណ៍ធំៗចូលសំចត។ ជាក់ស្តែងនៅព្រឹកថ្ងៃអង្គារទី២៧មករា ឆ្នាំ២០២៦នេះ នាវាទេសចរណ៍សញ្ជាតិ BAHAMAS ចំនួនពីរ បាននាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ប្រមាណជាង២ពាន់នាក់ ចូលទស្សនាកម្ពុជា…។

នាវាទាំងពីរដែលចូលសំចតបន្តបន្ទាប់គ្នានៅម៉ោង៧ និងម៉ោង៨:១០នាទីព្រឹកថ្ងៃអង្គារនេះ មានឈ្មោះ NORWEGIAN SUN និង SEABOURN ENCORE។ កំណត់ត្រានាវានេះ គឺសុទ្ធតែធ្វើដំណើរចេញពីប្រទេសវៀតណាម ហើយចូលទស្សនានៅកម្ពុជា រយៈពេលពេញ១ថ្ងៃ។ កំពង់ផែស្វយ័តក្រុងព្រះសីហនុ បង្ហាញរបាយការណ៍ថា នាវាទេសចរណ៍ SEABOURN ENCORE មានបណ្តោយ២១០,៥ម៉ែត្រ ទទឹង២៨ម៉ែត្រ និងជម្រៅទឹក៦ម៉ែត្រ ចូលចតនៅនៅកំពង់ផែដោយសុវត្ថិភាព ជាមួយនាវិកចំនួន៤០៩នាក់ និងភ្ញៀវទេសចរចំនួន៥៣៨នាក់ ភាគច្រើនជាជនជាតិអាម៉េរិក និងអង់គ្លេស។

ចំណែក នាវាទេសចរណ៍ NORWEGIAN SUN មានបណ្តោយ ២៥៨,៦០ម៉ែត្រ ទទឹង៣២ម៉ែត្រ ជម្រៅទឹកជាង៨ម៉ែត្រ បានចូលចតដោយសុវត្ថិភាព ក្នុងគោលបំណងមកទស្សនាប្រទេសកម្ពុជា រយៈពេល១ថ្ងៃ។ នាវាទេសចរណ៍នេះ មាននាវិកសរុបចំនួន៩០២នាក់ មកពី៤៨សញ្ជាតិ និងភ្ញៀវទេសចរសរុបចំនួន១៨៦៨នាក់ មកពី៤២សញ្ជាតិ។ តាមរយៈរូបភាពបង្ហាញដោយកំពង់ផែស្វយ័តក្រុងព្រះសីហនុ កម្ពុជាបានរៀបចំក្រុមសិល្បៈបុរាណមានរបាំ និងភ្លេង ទទួលស្វាគមន៍ដំណើរមកដល់របស់ភ្ញៀវទេសចរ ដោយភាពរួសរាយរាក់ទាក់ និងកក់ក្ដៅបំផុត ព្រមជាមួយស្នាមញញឹមត្រឡប់ពីភ្ញៀវទេសចរក្មេងចាស់ប្រុសស្រីចម្រុះជាតិសាសន៍៕









