
រាជធានីភ្នំពេញ៖ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឆែម សាវុធ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ លើកឡើងថា ពន្ធនាគារនៅខ្វះហេដ្ឋារចនាសម្ព័ន្ធ និងក្របខណ្ឌមន្ត្រីពន្ធនាគារ ជាហេតុធ្វើឱ្យការឆ្លើយតបទៅតាមបទដ្ឋានអប្បបរមាសម្រាប់ការឃុំខ្លួន និងការគ្រប់គ្រងជនជាប់ឃុំ នៅមានគម្លាតនៅឡើយ។ ការថ្លែងរបស់ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ ធ្វើឡើងនៅក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ និងផែនការសកម្មភាពឆ្នាំ២០២២ របស់អគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២។

ឯកឧត្តម ឆែម សាវុធ បន្តលើកឡើងថា ត្រូវខិតខំបំពេញបន្ថែមទៀតដើម្បីឆ្លើយតបបានទៅតាមបទដ្ឋាន សម្រាប់ការងារគ្រប់គ្រងជនជាប់ឃុំ ដែលធានាបានសន្តិសុខ សុវត្ថិភាព សុខភាព និងមនុស្សធម៌។

ចាប់តាំងពីរាជរដ្ឋាភិបាលកម្ពុជាបានប្រកាស “សង្គ្រាម ប្រឆាំងគ្រឿងញៀន” នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ មក អត្រានៃការជាប់ពន្ធនាគារបានកើនឡើងខ្លាំង ខណៈពន្ធនាគារនៅខ្វះហេដ្ឋារចនាសម្ព័ន្ធ ធ្វើឱ្យពន្ធនាគារ ក្លាយជាចង្អៀតណែន។ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៥ ខែមីនា អះអាងថា ក្រសួងមហាផ្ទៃកំពុងយកចិត្តទុកដាក់ខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធបន្ថែមដើម្បីដោះស្រាយបញ្ហានេះ និងកំពុងតែគិតគូរការលើកលែងនូវការឃុំខ្លួនរង់ចាំនីតិវិធីតុលាការចំពោះបទល្មើសស្រាលៗមួយចំនួន ដើម្បីរួមចំណែកកាត់បន្ថយភាពចង្អៀតណែនបានមួយផ្នែក។ សម្ដេច ស ខេង បន្ថែមថា «យុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង និងភាពចង្អៀតណែនក្នុងពន្ធនាគារ គឺជាកិច្ចការសំខាន់បំផុតមួយរបស់ក្រសួងមហាផ្ទៃនិងក្រសួងយុត្តិធម៌ ទន្ទឹមនឹងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់»។

បច្ចុប្បន្ននេះ នៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគារ រាជធានី-ខេត្ត មានអគារឃុំឃាំងសរុបចំនួន១៧៣អគារ ស្មើនឹង១,០១៤បន្ទប់ មានផ្ទៃក្រឡាសរុប៥៤.០៨១ម៉ែត្រក្រឡា។ ចំនួនជនជាប់ឃុំគិតត្រឹមថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ មានសរុប ៣៨,០៧០នាក់ ស្ត្រី៦៦នាក់ ស្ត្រីមានផ្ទៃពោះ ២២នាក់ កូនតាមម្តាយ១៤០នាក់ ពិការ៤៧៥នាក់។ ក្នុងចំណោម ជនឃុំមានបទល្មើសភាគច្រើនគឺគ្រឿងញៀនស្មើនឹង៥៤.៥២% បទល្មើសលួចមានស្ថានទម្ងន់ទោស ៦.៨៨% បទល្មើសលួច ៧.០៧% រំលោភសេពសន្ថវៈ ៤.៧២% បទល្មើសឃាតកម្ម ៥.៤០% និងបទល្មើសផ្សេងៗទៀត ២១.៤១%៕



