
រាជធានីភ្នំពេញ៖ ដើម្បីកាត់បន្ថយភាពចង្អៀតណែនក្នុងពន្ធនាគារ ក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ កំពុងធ្វើការសិក្សាយ៉ាងម៉តចត់ ចំពោះការអនុវត្តទោសសហគមន៍។ គម្រោងនេះ ត្រូវបានសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ថ្លែងឱ្យដឹង ក្នុងពិធីផ្សព្វផ្សាយអំពីការរៀបចំ និងការប្រព្រឹត្តទៅនៃលេខាធិការដ្ឋានសម្រាប់គាំទ្រការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២។

សម្ដេចក្រឡាហោម មានប្រសាសន៍ថា៖ «នាពេលខាងមុខនេះ យើងក៏កំពុងជំរុញ ជាពិសេសក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ ទាក់ទងទៅនឹងគម្រោងអនុវត្តទោសសហគមន៍ ដែលមានចែកក្នុងច្បាប់ព្រហ្មទណ្ឌរបស់យើង ដើម្បីជៀសវាង និងដោះស្រាយចង្អៀតណែនក្នុងពន្ធនាគារ ចឹង[..]ទោសកម្រិតស្រាល អាហ្នឹងយើងនឹងខិតខំអនុវត្តនូវគម្រោងទោសហគមន៍»។

ការអនុវត្តទោសសហគមន៍គឺសម្រាប់តែអ្នកមានទោសស្រាលៗប៉ុណ្ណោះ។ ក្រោយតុលាការកាត់ទោសរួច ត្រូវបញ្ជូនជនល្មើសទៅផ្ទះពួកគាត់វិញ ដោយត្រូវបំពេញកាតព្វកិច្ចជាអ្នកទោសអនុវត្តតាមផ្លូវច្បាប់។ ឧទាហរណ៍ ទោសហគមន៍នេះ តម្រូវឱ្យអ្នកទោសទៅបោសសំរាម និងធ្វើអនាម័យនៅមូលដ្ឋានរបស់ខ្លួនដោយគ្មានប្រាក់កម្រៃឡើយ។ សម្ដេច ស ខេង អះអាងថា ក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ នឹងធ្វើការសិក្សាចំពោះទោសសហគមន៍នេះ ឱ្យបានម៉តចត់បំផុតមុនអនុវត្ត។ សម្ដេច ស ខេង ក៏បានណែនាំឱ្យអភិបាលរាជធានី-ខេត្ត ខិតខំបង្កើនកម្លាំងប្រជាការពារភូមិ ដើម្បីជួយដល់ប៉ុស្ដិ៍នគរបាលរដ្ឋបាល ហើយប្រជាពលរដ្ឋ ក៏ត្រូវគាំទ្រដល់កម្លាំងប្រជាការពារ និងកម្លាំងប៉ុស្ដិ៍នគរបាល ទើបការកសាងសន្ដិសុខនៅតាមមូលដ្ឋានទទួលបានជោគជ័យ៕



