
រាជធានីភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ស្ថានភាពក្នុងពន្ធនាគារនៅកម្ពុជា មានបញ្ហាចង្អៀតណែន។ ក្រសួងមហាផ្ទៃកំពុងយកចិត្តទុកដាក់ខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធបន្ថែមដើម្បីដោះស្រាយបញ្ហានេះ និងកំពុងតែគិតគូរការលើកលែងនូវការឃុំខ្លួនរង់ចាំនីតិវិធីតុលាការចំពោះបទល្មើសស្រាលៗមួយចំនួន ដើម្បីរួមចំណែកកាត់បន្ថយភាពចង្អៀតណែនបានមួយផ្នែក។ សម្ដេចក្រឡាហោម ស ខេង ថ្លែងដូច្នេះក្នុងជំនួបពិភាក្សាការងារជាមួយនឹងអ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោក វិទិត មុនតាប៊ន តាមប្រព័ន្ធវីដេអូ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២។

សម្តេច ស ខេង បានឱ្យដឹងថា ចំនួនអ្នកជាប់ឃុំនៅកម្ពុជាមានប្រមាណជាង៣ម៉ឺននាក់ ក្នុងនោះជាង៥០ភាគរយជាអ្នកជាប់ឃុំមានការពាក់ព័ន្ធករណីគ្រឿងញៀន។ សម្តេច ស ខេង កាលពីដើមខែកុម្ភៈឆ្នាំ២០២២ បានលើកឡើងថា ពន្ធនាគារក្លាយជាចង្អៀតណែន និងមានភាពច្របូកច្របល់ ខណៈអត្រាអ្នកជាប់ឃុំច្រើនជាង៥០ភាគរយ ជាប់ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ដែលមានទាំងអ្នកជួញដូរ ទាំងអ្នកប្រើប្រាស់គ្រឿងញៀន (ក្នុងចំណោមអ្នកជាប់ឃុំ ៣៨០០០នាក់ មានជាង២០០០០នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ដែលស្មើនឹង ៥៤,៥២ភាគរយ)។ នៅចំពោះមុខបញ្ហានេះ សម្តេច ស ខេង បានសំដែងក្ដីកង្វល់ និងបានអំពាវនាវជាថ្មីទៀត ឱ្យអាជ្ញាធរពាក់ព័ន្ធសហការគ្នាដើម្បីបង្ក្រាប[បទល្មើសគ្រឿងញៀន]។

កាលពីខែឧសភា ឆ្នាំ២០២០ សម្តេចក្រឡាហោម ស ខេង លើកឡើងថា៖ «ក្នុងស្ថានភាពនៃការប្រឈមមុខនឹងវិបត្តិកូវីដ១៩ ថ្វីដ្បិតថា មានបណ្ដាប្រទេសមួយចំនួនបានសម្រេចដោះលែងអ្នកទោសខ្លះ ប៉ុន្តែនៅកម្ពុជាស្ថានភាពមិនទាន់ឈានដល់ដំណាក់កាលនេះនៅឡើយទេ។ យុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង និងភាពចង្អៀតណែនក្នុងពន្ធនាគារ គឺជាកិច្ចការសំខាន់បំផុតមួយរបស់ក្រសួងមហាផ្ទៃនិងក្រសួងយុត្តិធម៌ ទន្ទឹមនឹងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់»។

ស្របពេលដែលស្ថានភាពក្នុងពន្ធនាគារនៅកម្ពុជា ចង្អៀតណែន ដល់កម្រិតប្រកាសអាសន្ន សហព័ន្ធគោលនយោបាយគ្រឿងញៀនអន្តរជាតិ (IPDC) តាមរយៈរបាយការណ៍ឆ្នាំ២០២១ បានលើកឡើងថា ចាប់តាំងពីរាជរដ្ឋាភិបាលកម្ពុជាបានប្រកាស “សង្គ្រាម ប្រឆាំងគ្រឿងញៀន” នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧មក អត្រានៃការជាប់ពន្ធនាគារបានកើនឡើងក្នុងកម្រិតមួយគួរឱ្យព្រួយបារម្ភ។ ក្នុងខែធ្នូ ឆ្នាំ២០១៦ មានអ្នកជាប់ឃុំចំនួន១៦,៩១៨នាក់ នៅក្នុងពន្ធនាគារចំនួន១៨ ក្នុងចំណោមពន្ធនាគារចំនួន២៨ ដែលត្រូវបានឃ្លាំមើលដោយសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស (អង្គការលីកាដូ)។ ក្នុងរយៈពេលជិតបួនឆ្នាំក្រោយ គិតត្រឹមខែតុលា ឆ្នាំ២០២០ មានអ្នកជាប់ឃុំចំនួន៣៤,៧៩៤នាក់ នៅក្នុងពន្ធនាគារដដែល ដែលបង្ហាញពីការកើនឡើងលើស១០០% នៃចំនួនអ្នកទោសសរុបនៅក្នុងពន្ធនាគារ។

យោងតាមអង្គការលើកលែងទោសអន្តរជាតិ ជាង៧២%នៃអ្នកទោសទាំងអស់នៅក្នុងប្រទេសកម្ពុជា ត្រូវបានរាយការណ៍ថា បានជាប់ឃុំខ្លួនបណ្តោះអាសន្នរង់ចាំសវនាការ ហើយមនុស្សរាប់ពាន់នាក់ផ្សេងទៀត ត្រូវបានឃុំខ្លួនពីបទល្មើសលហុអហិង្សា ដូចជាការប្រើប្រាស់ ឬកាន់កាប់គ្រឿងញៀនជាដើម៕




