អគ្គនាយកដ្ឋានពន្ធនាគារ ក្រើនរំឭកមន្ត្រីគុកខេត្តព្រះសីហនុ ពង្រឹងសន្តិសុខបង្ការសកម្មភាពទណ្ឌិតគេចខ្លួន
អុន សម្ផស្ស
12 វិច្ឆិកា 2024 05:00 AM

រាជធានីភ្នំពេញ៖ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយកដ្ឋានពន្ធនាគារ បានណែនាំដល់មន្រ្តីពន្ធនាគារខេត្តព្រះសីហនុទាំងអស់ ត្រូវយកចិត្តទុកដាក់គ្រប់គ្រង់ឱ្យបានមុឺងម៉ាត់ ម៉ត់ចត់ តាមតួនាទីភារកិច្ច និងបន្តពង្រឹងការងារសន្តិសុខ ដើម្បីបង្ការជៀសវាង មានសកម្មភាពអ្នកទោសលួចរត់គេចខ្លួន...។

ការណែនាំរបស់លោកអគ្គនាយកដ្ឋានពន្ធនាគាររូបនេះ ធ្វើឡើងក្នុងឱកាសចុះត្រួតពិនិត្យវឌ្ឍនភាពការងារ និងជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីពន្ធនាគារខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤។ ក្នុងជំនួបជាមួយមន្រ្តីពាក់ព័ន្ធនាពេលនោះ លោកបានណែនាំឱ្យមន្រ្តីទាំងអស់ រក្សាសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អប្រសើរ និងមានទម្លាប់ធ្វើការងារជាក្រុម ជាពិសេសត្រូវរួបរួមគ្នាដោះស្រាយបញ្ហានានា ទោះកិច្ចការងារតូចក្ដី ធំក្ដី ដោយរាយការណ៍អំពីសច្ចភាព តម្លាភាព ភាពស្មោះត្រង់ និងភាពជឿទុកចិត្តគ្នា។ លោកក៏បានក្រើនរំឭកដល់មន្រ្តីពន្ធនាគារ ត្រូវយកចិត្តទុកដាក់ឱ្យបានម៉ឺងម៉ាត់លើការងារគ្រប់គ្រងបញ្ជីវត្តមានមន្រ្តី និងអនុវត្តការងារដឹកនាំគ្រប់គ្រងតាមតួនាទីភារកិច្ច និងបែងចែកការទទួលខុសត្រូវ ដើម្បីធានាបានការងារប្រកបដោយប្រសិទ្ធភាពខ្ពស់ និងមានតម្លាភាព។

លោកសង្កត់ធ្ងន់ថា៖«ត្រូវបន្តពង្រឹងការងារសន្តិសុខ សុវត្ថិភាពពន្ធនាគារ ជាពិសេសបង្ការចៀសវាងមានសកម្មភាពរត់គេចខ្លួន ដោយបង្កើនការយកចិត្តទុកដាក់ ការត្រួតពិនិត្យរកវត្ថុហាមឃាត់ចូលក្នុងពន្ធនាគារ»។ ទន្ទឹមគ្នានោះ លោកថា មន្រ្តីពន្ធនាគារគ្រប់រូប គប្បីមានអកប្បកិរិយាសុខភាពរាបសារ ថ្លៃថ្នូរ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍វិជ្ជាជីវៈ ដើរតួនាទីជាអ្នកអប់រំកែប្រែ និងគោរពអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌ បទវិន័យមន្រ្តីពន្ធនាគារ ចៀសវាងភាពអសកម្មនានា និងមិនត្រូវយកឥទ្ធិពល ឬអំណាចនៅក្នុងមុខងាររបស់ខ្លួន ទៅប្រើប្រាស់ខុសពីគោលការណ៍ច្បាប់ ឬដើម្បីគំរាមកំហែង ឬរំលោភបំពានដល់សិទ្ធិជនជាប់ឃុំ ឬជនដទៃឡើយ។

គួរកត់សម្គាល់ថា ការណែនាំនេះធ្វើឡើងក្រោយពីមានករណីទណ្ឌិតជនជាតិវៀតណាមរត់គេចខ្លួនចេញពីពន្ធនាគារ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ នៅពន្ធនាគារខេត្តស្វាយរៀង ក្រោយមកនៅថ្ងៃទី៤ ខែវិច្ឆិកា នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ហាញថា ជនសង្ស័យដែលមករំដោះរួមជាមួយទណ្ឌិត ត្រូវសមត្ថកិច្ចជំនាញឃាត់ខ្លួនបានមកវិញ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត