
តំបន់ហ្កាហ្សា៖ ស្របពេលកិច្ចប្រជុំផ្លូវការលើកដំបូង នៃក្រុមប្រឹក្សាសន្តិភាពរបស់ប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ ត្រៀមនឹងចាប់ផ្ដើមនៅថ្ងៃទី១៩ ខែកុម្ភៈស្អែកនេះ ក្រុមហាម៉ាស បានចេញមុខដាក់សម្ពាធយ៉ាងខ្លាំងឱ្យស្ថាប័នថ្មីនេះ បង្ខំអ៊ីស្រាអែលបញ្ឈប់អ្វីដែលខ្លួនហៅថា ជាការរំលោភបំពានឥតឈប់ឈរលើកិច្ចព្រមព្រៀងសន្តិភាព ដែលអាម៉េរិកជាអ្នកសម្របសម្រួល កាលពីខែតុលាកន្លងទៅ...។

អ្នកនាំពាក្យក្រុមហាម៉ាស លោក ហាហ្សេម ហ្កាសស៊ែម (Hazem Qassem) បានថ្លែងក្នុងសេចក្តីថ្លែងការណ៍ជាវីដេអូមួយថា៖«សង្គ្រាមប្រល័យពូជសាសន៍នៅតំបន់ហ្គាហ្សានៅតែបន្តកើតមាន តាមរយៈការសម្លាប់ ការបង្ខំឱ្យចាកចេញពីលំនៅឋាន ការឡោមព័ទ្ធ និងការបង្អត់អាហារ ដែលមិនទាន់មានសញ្ញាឈប់ទាល់តែសោះ រហូតមកដល់នាទីនេះ»។ ការទាមទារនេះ ធ្វើឡើងចំពេលប្រជាជនប៉ាឡេស្ទីន ដែលកំពុងរងគ្រោះដោយសារសង្គ្រាម ទន្ទឹងរង់ចាំមើលដំណាក់កាលទីពីរនៃកិច្ចព្រមព្រៀងសន្តិភាព ចូលជាធរមានពេញលេញ។

យោងតាមរបាយការណ៍ពីក្រសួងសុខាភិបាលនៅហ្កាហ្សា ចាប់តាំងពីបទឈប់បាញ់រវាងហាម៉ាស និងអ៊ីស្រាអែល ចាប់ផ្ដើមកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ មក ទាហានអ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាលេស្ទីនអស់ជាង៦០០នាក់ទៅហើយ។ លើសពីនេះ មនុស្សយ៉ាងហោចណាស់១៦០០នាក់ផ្សេងទៀត បានរងរបួសដោយសារការបាញ់កាំភ្លើងធំ និងការវាយប្រហារតាមអាកាសពីសំណាក់ភាគីអ៊ីស្រាអែល។

កិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិភាពនៅរដ្ឋធានីវ៉ាស៊ីនតោន នាថ្ងៃព្រហស្បតិ៍នេះ នឹងក្លាយជាការសាកល្បងដ៏ធំមួយសម្រាប់រដ្ឋបាលលោក ត្រាំ ក្នុងការបង្ហាញថា តើស្ថាប័នដែលកំពុងរងការរិះគន់មួយនេះ ពិតជាមានឥទ្ធិពលអាចទប់ស្កាត់អំពើហិង្សា និងនាំមកនូវសន្តិភាពពិតប្រាកដដល់តំបន់ហ្កាហ្សាបានដែរឬទេ?...៕



