
រដ្ឋធានីវ៉ាស៊ីនតោន៖ លោក ឡត ស៊ីម (Lorth Sim) ជនជាតិខ្មែរ អាយុ៥៩ឆ្នាំ ដែលត្រូវបានឃុំឃាំងដោយការិយាល័យអន្តោប្រវេសន៍ និងគយអាម៉េរិក (ICE) បានស្លាប់នៅរដ្ឋឥណ្ឌីអាណា (Indiana) កាលពីថ្ងៃទី១៦ ខែកុម្ភៈ ខណៈមូលហេតុនៃការស្លាប់កំពុងស្ថិតក្នុងការស៊ើបអង្កេត។ នេះបើតាមការបញ្ជាក់របស់ ICE កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦។

លោក ឡត ស៊ីម បានទៅដល់សហរដ្ឋអាម៉េរិក ក្នុងនាមជាជនភៀសខ្លួនកាលពីអំឡុងឆ្នាំ១៩៨៣ និងទទួលបានសិទ្ធិក្លាយជាអ្នកស្នាក់នៅអចិន្ត្រៃយ៍នៅឆ្នាំ១៩៨៦។ យ៉ាងណា លោកត្រូវបានចាប់ខ្លួន កាលពីខែធ្នូ ឆ្នាំ២០២៥ នៅទីក្រុងបូស្តុន (Boston) នៃរដ្ឋម៉ាសាឈូសេត (Massachusetts) ហើយបញ្ជូនទៅកាន់មណ្ឌលឃុំឃាំងម៉ៃអាមី ក្នុងរដ្ឋឥណ្ឌីអាណា។ ICE អះអាងថា ចៅក្រមអន្តោប្រវេសន៍ ធ្លាប់បញ្ជាឱ្យបញ្ជូនលោកមកកម្ពុជាវិញកាលពីឆ្នាំ២០០៦ ក្រោមហេតុផលថា លោកធ្លាប់ត្រូវបានចាប់ខ្លួនពីមុន ជុំវិញប្រព្រឹត្តិបទល្មើសរំខានសណ្តាប់ធ្នាប់ និងបទល្មើសផ្សេងទៀត។

គេនៅចាំបានថា នៅក្នុងការបង្ក្រាបអន្តោប្រវេសន៍ដ៏ខ្លាំងក្លារបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ចំនួនមនុស្សដែលត្រូវបានឃុំឃាំងដោយ ICE និងករណីអ្នកស្លាប់បានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល២ទសវត្សរ៍ចុងក្រោយ។ គួរបញ្ជាក់ថា ICE បានឃុំខ្លួនមនុស្សប្រមាណ៦,៨ម៉ឺននាក់ គិតត្រឹមដើមខែកុម្ភៈនេះ៕



