
រាជធានីភ្នំពេញ៖ ក្រោយការចែកចាយវីដេអូក្មេងទំនើងមួយក្រុមប្រើដុំថ្ម និងដំបងសង្គ្រុបវាយទៅលើយុវជនម្នាក់ទ្រោមខ្លួន នៅចំណុចផ្លូវបេតុង ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ភ្លាមៗកម្លាំងជំនាញបានបើការស្រាវជ្រាវរហូតបង្ក្រាបបានជនសង្ស័យចំនួន៥នាក់..។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាក់នៅរសៀសថ្ងៃទី៨មេសា ឆ្នាំ២០២៥ ថា បន្ទាប់ពីមានការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គម ជុំវិញករណីហិង្សា នៅម៉ោងជាង៨ព្រឹក ថ្ងៃទី៨មេសា លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានបញ្ជាឱ្យកម្លាំងជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែទី១ ស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យ៥នាក់ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធីច្បាប់។

ជនសង្ស័យជាបុរសទាំងនោះ រួមមាន៖ ឈ្មោះ សាក់ វិសាល, ឈ្មោះ សៀ សំផន, ឈ្មោះ យ៉ាន វិត (ទាំង៣នាក់ស្នាក់នៅបន្ទប់ជួលភូមិផ្សារតូច), ឈ្មោះ ស៊្រូ ប៊ុនណា ស្នាក់នៅបន្ទប់ជួល សង្កាត់អូរឫស្សី និងឈ្មោះ ហេង សារ៉ុន មានទីលំនៅផ្ទះលេខ១៩០០ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ៕



