អាម៉េរិកបើកឃ្លាំងអាវុធឱ្យកម្ពុជាបញ្ជាទិញ តើរាជរដ្ឋាភិបាលគួរទិញអាវុធអ្វីខ្លះ ដើម្បីការពារខ្លួនពីការឈ្លានពាន?
ហៀប ស៊ីថេត
13 ម៉ោងមុន

បទវិចារណកថា៖ នៅក្នុងរបត់នៃបរិយាកាសព្រំដែនមានភាពផុយស្រួយ សត្រូវឈ្លានពានជាប់ក្លៀកកម្ពុជាភាគខាងលិច កំពុងសម្លក់សម្លឹងមើលទឹកដីមាតុភូមិដ៏កម្សត់  ទាំងលេបទឹកមាត់ក្អឿកៗ ព្រោះពួកគេដឹងថា ប្រទេសតូចមួយនេះគ្មានយុទ្ធោបករណ៍តតាំងជាមួយខ្លួនបានឡើយ។ យ៉ាងណា ថ្មីៗនេះ សហរដ្ឋអាម៉េរិកបានផ្តល់ពន្លឺមួយ នោះគឺការបើកឃ្លាំងសព្វាវុធ ទុកសម្រាប់កម្ពុជាបញ្ជាទិញ...។

ការផ្ដល់ឱកាសឱ្យមេដឹកនាំកម្ពុជា ចូលរើសយុទ្ធោបករណ៍តាមចិត្ត គឺជារឿងសំខាន់ណាស់ ក្នុងស្ថានការណ៍ប្រទេសរងការឈ្លានពាននេះ។ យ៉ាងណាមិញ តើការសម្រេចចិត្តជ្រើសយកអាវុធពីសហរដ្ឋអាម៉េរិក អាចជួយកម្ពុជាទប់ស្កាត់បានពីការចូលលុកលុយទន្ទ្រានឈ្លានពានពីប្រទេសថៃ បានឬទេ? ជាការពិតណាស់សព្វាវុធសហរដ្ឋអាម៉េរិកមានសក្តានុពលទាំងផ្នែកការពាររ និងវាយលុក។ មានប្រទេសជាច្រើន បាននាំគ្នាដាក់សំណើស្នើសុំទិញអាវុធពីអាម៉េរិក យកមកទុកការពាររកំពែងព្រំដែន និងប្រទេសខ្លះទៀតបានយកសព្វាវុធទាំងនោះទៅឈ្លានពានប្រទេសដទៃ ក្នុងនោះ ជាឧទាហរណ៍ជាក់ស្តែង ប្រទេសថៃ ដែលបាននិងកំពុងបើកប្រិបត្តិការឈ្លានពានកម្ពុជាយ៉ាងសាហាវព្រៃផ្សៃនាពេលកន្លងទៅថ្មីៗនេះ។ ដូច្នេះ ដើម្បីទប់ស្កាត់ការចូលលុកលុយឈ្លានពានទឹកដីកម្ពុជា លើកទី៣ តើរាជរដ្ឋាភិបាលគួរទិញអាវុធអ្វីខ្លះដើម្បីការពាររខ្លួន គេចចេញពីក្រញ៉ាំចោរឈ្លានពានតជំនាន់មួយនេះ..?

កាលពីថ្ងៃទី៣កុម្ភៈ ឆ្នាំ២០២៦ ក្រសួងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក តាមរយៈការិយាល័យឧស្សាហកម្ម និងសន្តិសុខ បានប្រកាសអនុវត្តច្បាប់ចុងក្រោយ (ឬ Final Rule) ដកឈ្មោះប្រទេសកម្ពុជាចេញពីបញ្ជីក្រុមប្រទេស ដែលអាម៉េរិកផ្អាកលក់អាវុធឱ្យនាពេលកន្លងមក។ ដូច្នេះ ការសម្រេចជាផ្លូវការនៃការលុបឈ្មោះកម្ពុជាចេញពីបញ្ជីនេះ មានន័យថា អាម៉េរិកយល់ព្រមលក់អាវុធឱ្យរាជធានីភ្នំពេញឡើងវិញហើយ ឱ្យតែកម្ពុជាចង់ទិញ។ អាវុធរបស់សហរដ្ឋអាម៉េរិកច្រើនប្រភេទ ច្រើនម៉ាក ច្រើនបែប និងច្រើនសណ្ឋានជាមួយសក្តានុពលខ្លាំងក្លា។ ប៉ុន្តែបច្ចុប្បន្ន កម្ពុជា[ជា]ប្រទេសដែលមានការអភិវឌ្ឍតិចតួច ហើយថវិកាការពាររជាតិក៏មានកម្រិត ម្ល៉ោះហើយប្រសិនបើបញ្ជាទិញអាវុធពីអាម៉េរិក ក៏ត្រូវគិតគូរឱ្យបានដិតដល់ និងគ្រប់ជ្រុងជ្រោយទៅលើប្រភេទអាវុធ និងបរិមាណតម្លៃផងដែរ ដើម្បីត្រៀមតទល់ជាមួយចោរឈ្លានពាន។

FGM-148 Javelin
FGM-148 Javelin

ថ្ងៃនេះ SBM News សូមជម្រាបជូននូវអាវុធចំនួន៤ប្រភេទ ដែលរាជរដ្ឋាភិបាលគួរពិចារណាទិញ ដើម្បីជាខែលទប់ទល់ខ្មាំងសត្រូវពីការឈ្លានពាន។ អាវុធដំបូងគេ គឺ ឃាតកប្រមាញ់រថក្រោះ FGM-148 Javelin៖ វាជាប្រព័ន្ធមីស៊ីលប្រឆាំងរថក្រោះ និងរថពាសដែកចល័តកម្រិតខ្ពស់ ដែលផលិតនៅអាម៉េរិក ហើយត្រូវបានដាក់ឱ្យប្រើប្រាស់តាំងពីឆ្នាំ១៩៩៦ និងត្រូវបានធ្វើទំនើបកម្មជាបន្តបន្ទាប់រហូតមកដល់បច្ចុប្បន្ន។ FGM-148 Javelin មិនមែនត្រឹមតែជាមីស៊ីលប្រឆាំងរថក្រោះប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាមីស៊ីលបាញ់កម្ទេចទីតាំងសត្រូវនៅលើដី និងជាមីស៊ីលបាញ់ពីដីទៅអាកាសបានផងដែរ ដែលអាចហោះទៅកម្ទេចអគារ លេណដ្ឋាន និងឧទ្ធម្ភាចក្រ។ មីស៊ីលនេះមានទម្ងន់២២,៣គីឡូក្រាម, គ្រាប់ប្រវែង១,១ម៉ែត្រ, បំពង់បាញ់មានប្រវែង១,២ម៉ែត្រ, មុខកាត់១២៧មីលីម៉ែត្រ និងត្រូវការទាហានម្នាក់ឬ២នាក់ ដើម្បីប្រតិបត្តិការសឹកជាក់ស្តែង។

រូបភាពឯកសារ
រូបភាពឯកសារ

វាអាចបាញ់កម្ទេចសត្រូវបានក្នុងរយៈចម្ងាយ២,៥គីឡូម៉ែត្រ។ វាមានតម្លៃប្រហែល ២៥ម៉ឺនដុល្លារក្នុងមួយគ្រឿង។ ហេតុអ្វីបានជាអាវុធប្រភេទនេះសក្តិសមនៃកងទ័ពកម្ពុជា...? សក្តិសមក៏នៅត្រង់ថា វាអនុញ្ញាតឱ្យយោធាកម្ពុជាស្ពាយវាឡើងភ្នំ រត់កាត់ព្រៃ ឬពួនក្នុងកម្ពោតព្រៃ ដើម្បីលបបាញ់ប្រហារចោរឈ្លានពានបានយ៉ាងងាយស្រួល។ ប្រសិនបើកម្ពុជាបញ្ជាទិញអាវុធនេះបាន នោះ រថក្រោះ និងរថពាសដែករបស់ចោរឈ្លានពាននឹងក្លាយជាចំណីរបស់ឃាតកប្រមាញ់រថក្រោះប្រភេទ FGM-148 Javelin នេះជាក់ជាមិនខាន។ អាវុធដ៏សក្តិសមមួយទៀត នោះគឺ ឱម៉ាល់ពិឃាត FIM-92 Stinger៖ វាជាប្រព័ន្ធមីស៊ីលចល័តបាញ់ពីដីទៅអាកាស ដែលត្រូវបានរចនា និងផលិតឡើង ដោយឧស្សាហកម្មការពាររជាតិអាម៉េរិក។ វាជាប្រភេទប្រព័ន្ធមីស៊ីលការពាររដែនអាកាសចម្ងាយខ្លី ប្រឆាំងនឹងគោលដៅហោះហើរក្នុងរយៈកម្ពស់ទាប។ ប្រព័ន្ធនេះ ចូលបម្រើការងារជាមួយកងទ័ពសហរដ្ឋអាម៉េរិកក្នុងឆ្នាំ១៩៨១។

FIM-92 Stinger
FIM-92 Stinger

បច្ចុប្បន្ន វាត្រូវបានប្រើប្រាស់ដោយកងកម្លាំងប្រដាប់អាវុធសហរដ្ឋអាម៉េរិក និងប្រទេសចំនួន២០ផ្សេងទៀត។ ប្រព័ន្ធអាវុធ Stinger ផ្តល់នូវការការពាររផ្លូវអាកាសដ៏ល្អឥតខ្ចោះ សម្រាប់កងកម្លាំងចល័តនាពេលបច្ចុប្បន្ន។ ប្រព័ន្ធមីស៊ីលនេះ មានទម្ងន់សរុបចំនួន១៥,៧គីឡូក្រាម (ស្រាលជាឃាតកប្រមាញ់រថក្រោះ FGM-148 Javelin បន្តិច) និងមានមុខកាត់៧០មីលីម៉ែត្រ។ មិនត្រូវការគ្នាច្រើន ត្រូវការមនុស្សត្រឹមតែម្នាក់ប៉ុណ្ណោះ ដើម្បីប្រតិបត្តិការអាវុធនេះ។ វាអាចបាញ់បានចម្ងាយ៤ទៅ៥គីឡូម៉ែត្រ ល្មមអាចហោះជ្រែកអាកាសទៅកម្ទេចយន្តហោះគ្មានមនុស្សបើក ឧទ្ធម្ភាគចក្រ និងយន្តហោះចម្បាំងដែលហោះទាបៗ។ វាមានតម្លៃប្រមាណ១២ម៉ឺនដុល្លារក្នុងមួយគ្រឿង។ វាមានទម្ងន់ស្រាល ដូច្នេះ កងទ័ពថ្មើរជើងកម្ពុជាអាចដាក់ពង្រាយនៅតាមចង្កេះភ្នំ ឬលើអគារខ្ពស់ៗ ដើម្បីបាញ់ទម្លាក់ដ្រូន ឧទ្ធម្ភាគចក្រ ឬយន្តហោះចម្បាំងដែលហោះទាបៗ។

 HIMARS
 HIMARS

អាវុធមួយទៀតដែលអាចផ្លាស់ប្ដូរនិយមន័យសង្គ្រាមឈ្លានពានរបស់ថៃ មកលើកម្ពុជានោះគឺប្រព័ន្ធរ៉ុក្កែតកាំភ្លើងធំ M142 ឬHIMARS៖ HIMARS គឺជាប្រព័ន្ធបាញ់រ៉ុក្កែតកាំផ្លើងធំចល័តដែលមានទម្ងន់៥តោន និងអាចធ្វើដំណើរបាន៨០គីឡូម៉ែត្រក្នុង១ម៉ោង។ វាត្រូវបានផលិតឡើងដោយក្រុមហ៊ុនយក្សអាម៉េរិក Lockheed Martin។ HIMARS អាចផ្ទុកមីស៊ីលប្រភេទ GMLRS ចំនួន៥មួយគ្រាប់ ហើយអាចបាញ់បានចម្ងាយប្រហែល៧០ទៅ៨០គីឡូម៉ែត្រ ឬក៏អាចផ្ទុកមីស៊ីល ATACMS តែមួយគ្រាប់ ប៉ុន្តែអាចហោះទៅកម្ទេចគោលដៅសត្រូវនៅចម្ងាយប្រហែល ៣០០គីឡូម៉ែត្រ។ ប្រព័ន្ធរ៉ុក្កែតកាំភ្លើងធំនេះ ត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។ វាមានតម្លៃប្រហែល៥លានដុល្លារក្នុងមួយគ្រឿង។ ប្រសិនបើកម្ពុជាអាចមានលទ្ធភាពអាចទិញអាវុធនេះបាន នោះកម្ពុជាមិនចាំបាច់ដាក់កងទ័ពរាប់ម៉ឺននាក់នៅជួរមុខទៀតឡើយ ព្រោះថាហនុមានរំលងភ្នំ HIMARS អាចបង្កប់ខ្លួនជ្រៅក្នុងដីខ្មែរ ប៉ុន្តែអាចហោះទៅកម្ទេចលេណដ្ឋាន មូលដ្ឋានទ័ពអាកាស ឬឃ្លាំងគ្រាប់របស់សត្រូវបានយ៉ាងងាយ។

យន្តហោះគ្មានមនុស្សបើក ឬដ្រូន
យន្តហោះគ្មានមនុស្សបើក ឬដ្រូន

HIMARS មួយគ្រឿង មានសមត្ថភាពអាចបំផ្លិចបំផ្លាញស្មើនឹងការទម្លាក់គ្រាប់បែកចេញពីយន្តហោះចម្បាំងជាច្រើនគ្រឿង មិនតែប៉ុណ្ណោះវាមានតម្លៃថោក និងមានសុវត្ថិភាពជាងសម្រាប់យោធាប្រតិបត្តិការ។ ក្រៅពីអាវុធកំណាចទាំង៣ខាងលើ រាជរដ្ឋាភិបាលកម្ពុជា ក៏គួរពិចារណាលើការទិញយន្តហោះគ្មានមនុស្សបើកពីសហរដ្ឋអាម៉េរិកផងដែរ ដូចជា ដ្រូនស៊ើបការណ៍ RQ-21 Blackjack និងដ្រូនអត្តឃាត Switchblade ព្រោះថា សង្គ្រាមបច្ចុប្បន្នជាសង្គ្រាមបច្ចេកវិទ្យា ដូច្នេះ ការប្រើប្រាស់យន្តហោះគ្មានមនុស្សបើក គឺមានប្រសិទ្ធភាពបំផុតក្នុងសមរភូមិសង្គ្រាម។ សូមបញ្ជាក់ថា ប្រសិនបើមានការបញ្ជាទិញអាវុធខាងលើពីសហរដ្ឋអាម៉េរិកមែននោះ នោះប្រព័ន្ធការពារដែនអាកាសកម្ពុជា នឹងមានឥទ្ធិពលមួយកម្រិតទៀត បន្ទាប់ពី BM-២១ និងប្រព័ន្ធបាញ់រ៉ុក្លែតចល័ត PHL-03 ដែលកម្ពុជាស្រាប់ទៅហើយនោះ។ ដូច្នេះ ដើម្បីការពាររសន្តិភាពឱ្យបានយូអង្វែង កម្ពុជាគាប្បីពង្រឹងខែលការពាររជាតិឱ្យកាន់តែខ្លាំង ទើបអាចទប់ស្កាត់បានពីការឈ្លានពានរបស់ប្រទេសបច្ចាមិត្ត៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត