លោក វ៉ាង យី បង្ហាញជម្រើសពីរសម្រាប់ទំនាក់ទំនងជាមួយអាម៉េរិក ខណៈតៃវ៉ាន់នៅតែជាដុំថ្មក្ដៅ
N
Nary Vann
15 ម៉ោងមុន

ទីក្រុងមុយនិច៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានផ្ញើសារព្រមានយ៉ាងធ្ងន់ៗទៅកាន់សហរដ្ឋអាម៉េរិក នៅក្នុងសន្និសីទសន្តិសុខទីក្រុងមុយនិច កាលពីថ្ងៃទី១៤ ខែកុម្ភៈ ដោយបានជំរុញឱ្យរដ្ឋធានីវ៉ាស៊ីនតោន បោះបង់ចោលនូវនយោបាយផ្ដាច់ទំនាក់ទំនងតាមបែបអារម្មណ៍ឆេវឆាវ និងងាកមកចាប់យកកិច្ចសហប្រតិបត្តិការ ជាក់ស្ដែងវិញ...។

លោក វ៉ាង យី
លោក វ៉ាង យី

លោក វ៉ាង យី បានលើកឡើងថា ទោះបីជាមានសញ្ញាវិជ្ជមានខ្លះៗពីសេតវិមាន ដែលបង្ហាញពីការគោរពចំពោះលោកប្រធានាធិបតី ស៊ី ជីនពីង ក៏ដោយ ប៉ុន្តែនៅតែមានសំឡេងមួយចំនួននៅក្នុងសហរដ្ឋអាម៉េរិក កំពុងព្យាយាមបង្ខូចកេរ្តិ៍ឈ្មោះចិន និងធ្វើឱ្យទំនាក់ទំនងប្រទេសទាំងពីរធ្លាក់ក្នុងភាពវឹកវរ។ តាមរយៈជំនួបជាមួយរដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក​ ម៉ាកូ រូប៊ីអូ លោក វ៉ាង បានពិភាក្សាអំពីផែនការដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ទៅកាន់រដ្ឋធានីប៉េកាំង នាខែមេសាខាងមុខ ដើម្បីបន្ធូរកម្ដៅជម្លោះពាណិជ្ជកម្ម ដែលបានអូសបន្លាយអស់រយៈពេលជាងមួយឆ្នាំមកនេះ។

លោក ម៉ាកូ រូប៊ីអូ និងលោក វ៉ាង យី
លោក ម៉ាកូ រូប៊ីអូ និងលោក វ៉ាង យី

យ៉ាងណា លោក វ៉ាង យី បានសង្កត់ធ្ងន់ថា ទំនាក់ទំនងទ្វេភាគីកំពុងស្ថិតក្នុងចំណុចរបត់ដ៏សំខាន់ ដែលមានជម្រើសពីរផ្លូវ៖ ទី១.គឺការយល់ចិត្តគ្នា និងបង្កើតគោលនយោបាយវិជ្ជមាន និងទី២.ការប្រឈមមុខគ្នាគ្រប់រឿង តាមបែបអារម្មណ៍ជ្រុលនិយម។ លោកបានដាក់ការព្រមានចំៗថា ប្រសិនបើមានការព្យាយាមបំបែកតៃវ៉ាន់ចេញពីចិន ឬការដើរជាន់ «ខ្សែបន្ទាត់ក្រហម» របស់រដ្ឋធានីប៉េកាំង វានឹងរុញច្រានមហាយក្សទាំងពីរឱ្យធ្លាក់ចូលក្នុងវិវាទយោធាដោយជៀសមិនរួច។ លោកបានបញ្ជាក់ថា ចិនចង់ឃើញអាម៉េរិកជ្រើសយកជម្រើសទីមួយ ជាកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ តែលោកបានសង្កត់ធ្ងន់ថា ចិនបានត្រៀមខ្លួនរួចជាស្រេច ដើម្បីឆ្លើយតបនឹងរាល់ហានិភ័យគ្រប់បែបយ៉ាង ដែលកើតឡើងពីការសម្រេចចិត្តខុសឆ្គងរបស់សហរដ្ឋអាម៉េរិក និងបណ្តាប្រទេសអឺរ៉ុប ដែលកំពុងព្យាយាមកាត់បន្ថយការពឹងផ្អែកលើខ្សែសង្វាក់ផ្គត់ផ្គង់របស់ចិន៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត