រដ្ឋមន្ត្រីការបរទេសតៃវ៉ាន់ ចោទចិនថាជា«មហាយក្សលាក់ពុត» និងជាអ្នកបំផ្លាញសន្តិសុខតំបន់
N
Nary Vann
13 ម៉ោងមុន

ក្រុងតៃប៉ិ៖ ភាពតានតឹងរវាងមហាយក្សចិន និងកោះតៃវ៉ាន់ បានផ្ទុះឡើងជាថ្មីនៅលើឆាកអន្តរជាតិ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសតៃវ៉ាន់ លោក លីន ជៀឡុង (Lin Chia-lung) ចេញសេចក្តីថ្លែងការណ៍វាយបកយ៉ាងខ្លាំងៗ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ទៅកាន់សមភាគីចិន លោក វ៉ាង យី

លោកលីន ជៀឡុង
លោកលីន ជៀឡុង

លោក លីន បានរិះគន់ចំៗថា រដ្ឋធានីប៉េកាំងគឺជា «មហាយក្សលាក់ពុត» ដែលមាត់អះអាងថា គោរពគោលការណ៍សន្តិភាពរបស់អង្គការសហប្រជាជាតិ ប៉ុន្តែសកម្មភាពជាក់ស្ដែង គឺជាអ្នកគំរាមកំហែងសន្តិសុខតំបន់យ៉ាងធ្ងន់ធ្ងរ។ ការឆ្លើយតបនេះ ធ្វើឡើងបន្ទាប់ពី លោក វ៉ាង យី ថ្លែងក្នុងសន្និសីទសន្តិសុខទីក្រុងមុយនិច ដោយបានចោទប្រកាន់បណ្តាប្រទេសមួយចំនួនថា ព្យាយាមបំបែកតៃវ៉ាន់ចេញពីចិន និងបានទម្លាក់កំហុសលើប្រទេសជប៉ុន ចំពោះភាពតានតឹងជុំវិញកោះនេះ។ លោក លីន ជៀឡុង បកស្រាយថា បើផ្អែកលើអង្គហេតុប្រវត្តិសាស្ត្រ តថភាពវត្ថុបំណង ឬច្បាប់អន្តរជាតិ អធិបតេយ្យភាពរបស់តៃវ៉ាន់ មិនដែលស្ថិតក្រោមការគ្រប់គ្រងរបស់សាធារណរដ្ឋប្រជាមានិតចិនឡើយ។

លោក វ៉ាង យី
លោក វ៉ាង យី

លោកបញ្ជាក់ថា កាលពីឆ្នាំ១៩៤៥ ជប៉ុនបានប្រគល់កោះនេះមកឱ្យ «សាធារណរដ្ឋចិន» ដែលជារដ្ឋាភិបាលតៃវ៉ាន់បច្ចុប្បន្ន មិនមែនប្រគល់ឱ្យរដ្ឋាភិបាលកុម្មុយនីស្ដ នៅរដ្ឋធានីប៉េកាំង ដែលមិនទាន់ចាប់កំណើតនៅឡើយទេ។ រដ្ឋមន្ត្រីការបរទេសតៃវ៉ាន់ បានសង្កត់ធ្ងន់ថា ខណៈលោក វ៉ាង យី ខំប្រឹងអួតអាងពីការគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ ប៉ុន្តែជាក់ស្ដែង ចិនបានបង្កើនការធ្វើសមយុទ្ធយោធាជាបន្តបន្ទាប់នៅជុំវិញកោះតៃវ៉ាន់ ជាពិសេសសមយុទ្ធទ្រង់ទ្រាយធំកាលពីខែធ្នូ ឆ្នាំមុន។ លោក លីន បានលើកឡើងថា៖«សកម្មភាពទាំងនេះ បង្ហាញឱ្យឃើញនូវផ្នត់គំនិតចង់ត្រួតត្រា ដែលសម្ដី និងទង្វើដើរមិនស្របគ្នា»

ទោះបីជាមន្ត្រីជាន់ខ្ពស់តៃវ៉ាន់ មិនត្រូវបានគេអញ្ជើញឱ្យចូលរួមក្នុងសន្និសីទនៅទីក្រុងមុយនិចក៏ដោយ ក៏សំឡេងទីក្រុងតៃប៉ិនៅតែបន្លឺឡើងយ៉ាងច្បាស់ថា មានតែប្រជាជនតៃវ៉ាន់ប៉ុណ្ណោះ ដែលអាចសម្រេចវាសនាអនាគតរបស់ខ្លួនបាន។ សម្រាប់តៃវ៉ាន់ ការដែលចិនព្យាយាមប្រើកម្លាំងបាយគំរាមកំហែង គឺជាការរំលោភដោយចំហលើគោលការណ៍អន្តរជាតិ ស្តីពីការមិនប្រើប្រាស់កម្លាំងទ័ព ដែលចិនខ្លួនឯងតែងតែលើកមកនិយាយ ដើម្បីបង្អួតពិភពលោក៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត