មុនចូលតុចរចានុយក្លេអ៊ែរនៅហ្សឺណែវ! អ៊ីរ៉ង់សម្ញែងសាច់ដុំយោធាយ៉ាងព្រឺព្រួចនៅច្រកសមុទ្ទហ័រមូស្ស
ហៀប ស៊ីថេត
15 ម៉ោងមុន

វ៉ាស៊ីនតោន-តេហេរ៉ង់៖ ឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានបើកសមយុទ្ធយោធាគ្រហឹមពេញច្រកសមុទ្ទហ័រមូស្ស កាលពីថ្ងៃទី១៦កុម្ភៈ ដើម្បីបង្អួតសាច់ដុំយោធា មុនឈានជើងចូលតុចរចានុយក្លេអ៊ែរនៅទីក្រុងហ្សឺណែវ។ លោក ដូណាល់ ត្រាំ បោះសម្តីថា លោកនឹងលូកដៃចូលរួមដោយប្រយោលក្នុងកិច្ចចរចានេះ ហើយរដ្ឋធានីតេហេរ៉ង់កំពុងចង់បានកិច្ចព្រមព្រៀងថ្មីមួយ ចំពេលយោធាអាម៉េរិកកំពុងតម្រង់កាណុងកាំភ្លើងភ្ជង់អ៊ីរ៉ង់នៅមាត់ទ្វារផ្ទះ។

កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ បានចាប់ផ្តើមសមយុទ្ធយោធាជាបន្តបន្ទាប់នៅច្រកសមុទ្ទហ័រមូស្ស។ សមយុទ្ធសង្គ្រាម មិនកំណត់រយៈពេលនេះ មានគោលបំណងរៀបចំឆ្មាំសម្រាប់សន្តិសុខ និងការគំរាមកំហែងយោធាដែលអាចកើតមាន នៅក្នុងច្រកសមុទ្ទ ដែល​ជា​ផ្លូវទឹក​យុទ្ធសាស្ត្រ​។ នេះបើយោងតាមទូរទស្សន៍រដ្ឋអ៊ីរ៉ង់ បន្ទាប់ពីសហរដ្ឋអាម៉េរិក ដាក់ពង្រាយកងកម្លាំងជើងទឹកដ៏ធំបំផុតមួយទៅកាន់តំបន់មានជម្លោះ។ ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ បានរាយការណ៍ថា សមយុទ្ធនេះមានគោលបំណងជំរុញសមត្ថភាពរបស់កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ ក្នុងការឆ្លើយតបយ៉ាងឆាប់រហ័ស។ សមយុទ្ធនេះ ធ្វើឡើងចំពេលរដ្ឋធានីតេហេរ៉ង់ និងរដ្ឋធានីវ៉ាស៊ីនតោន កំពុងរៀបចំកិច្ចចរចាជុំថ្មីនៅទីក្រុងហ្សឺណែវ នៅថ្ងៃអង្គារទី១៧កុម្ភៈនេះ ដែលសម្របសម្រួលដោយប្រទេសអូម៉ង់។

គេនៅចាំបានថា បន្ទាប់ពីបានបញ្ជូននាវាផ្ទុកយន្តហោះ យូអេសអេស អាប្រហាំ លីនខូលន៍ (USS Abraham Lincoln) និងនាវាចម្បាំងអមដំណើរទៅឈរតម្រៀបគ្នានៅមុខផ្ទះអ៊ីរ៉ង់ កាលពីខែមករា លោក ត្រាំ ក៏បានបញ្ជាឱ្យនាវាផ្ទុកយន្តហោះទី២ គឺ ជើរ៉ាល់ អរ ហ្វដ (Gerald R Ford) ចេញដំណើរទៅកាន់មជ្ឈិមបូព៌ាបន្ថែមទៀត។ថ្លែងនៅលើស្តេចយន្តហោះ AIR FORCE ONE ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បញ្ជាក់ថា លោកនឹងចូលរួមដោយប្រយោល ក្នុងកិច្ចចរចារវាងអ៊ីរ៉ង់ និងសហរដ្ឋអាម៉េរិក លើកម្មវិធីនុយក្លេអ៊ែររបស់រដ្ឋធានីតេហេរ៉ង់ ដោយលោកជឿថា អ៊ីរ៉ង់ចង់បានកិច្ចព្រមព្រៀងមួយ។ «ខ្ញុំនឹងចូលរួមក្នុងកិច្ចចរចាទាំងនោះ ដោយប្រយោល។ ហើយវានឹងមានសារសំខាន់ខ្លាំងណាស់»។ នេះជាសម្តីដ៏មុតស្រួចហោះចេញពីមាត់ លោក ដូណាល់ ត្រាំ

លោក ដូណាល់ ត្រាំ
លោក ដូណាល់ ត្រាំ

យ៉ាងណា មន្ត្រីអាម៉េរិកបានប្រាប់រ៉យទ័រថា យោធាអាម៉េរិកកំពុងត្រៀមខ្លួនប្រយុទ្ធ និងធ្វើសង្គ្រាមរយៈពេលវែងជាមួយអ៊ីរ៉ង់ ប្រសិនបើការចរចាមិនទទួលបានជោគជ័យ។ តើភ្លើងសង្គ្រាមនៅមជ្ឈិមបូព៌ាអាចឆាបឆេះឡើងដែរឬទេ...? ព្រោះថា កាលពីខែមិថុនាឆ្នាំ២០២៥កន្លងទៅ សហរដ្ឋអាម៉េរិកបានរួមដៃគ្នាជាមួយអ៊ីស្រាអែល បើកការវាយប្រហារកម្ទេចទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ ដោយសារតែកិច្ចចរចានុយក្លេអ៊ែរអ៊ីរ៉ង់-អាម៉េរិកជាប់គាំង៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត