
រដ្ឋធានីវ៉ាស៊ីនតោន៖ ភាពសប្បាយរីករាយក្នុងការប្រកួតកីឡាហុកគីលើទឹកកកកម្រិតវិទ្យាល័យមួយ ក្នុងរដ្ឋ រ៉ូដអាយស្លេន (Rhode Island) បានក្លាយជាសង្វៀនបង្ហូរឈាម បន្ទាប់ពីមានហេតុការណ៍បាញ់ប្រហារយ៉ាងរន្ធត់ បណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់២នាក់បាត់បង់ជីវិត និង៣នាក់ទៀត កំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់បំផុត។

ស្នងការប៉ូលិសក្រុងប៉ាវទុកឃីត (Pawtucket) បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានថា ខ្មាន់កាំភ្លើងបានស្លាប់នៅនឹងកន្លែងកើតហេតុ ដែលមើលទៅហាក់ដូចជាការបាញ់សម្លាប់ខ្លួនឯង ក្រោយពេលធ្វើសកម្មភាពរួច។ តាមការស៊ើបអង្កេតបឋម អាជ្ញាធរជឿជាក់ថា នេះគឺជាការរៀបចំទុកជាមុន ដែលអាចបណ្ដាលមកពីវិវាទក្នុងគ្រួសារ។ យោងតាមវីដេអូសុវត្ថិភាព សំឡេងកាំភ្លើងប្រហែល១៣គ្រាប់ បានបន្លឺឡើងយ៉ាងរហ័សក្នុងរយៈពេលត្រឹមតែ៦វិនាទីប៉ុណ្ណោះ បង្កឱ្យមានការភ័យខ្លាចយ៉ាងខ្លាំងដល់អ្នកទស្សនា និងកីឡាករក្មេងៗ ដែលរកកន្លែងពួន និងរត់គេចចេញពីពហុកីឡដ្ឋាន Dennis M. Lynch Arena ទាំងព្រលឹងចុងសក់។

ហេតុការណ៍នេះ កើតឡើងក្រោយពេលត្រឹមតែ២ខែប៉ុណ្ណោះ បន្ទាប់ពីមានការបាញ់ប្រហារដ៏សាហាវមួយនៅសាកលវិទ្យាល័យប្រោន (Brown) ស្ថិតនៅមិនឆ្ងាយពីទីនោះ។ រលកនៃអំពើហិង្សាដោយប្រើប្រាស់អាវុធនេះ កំពុងតែដុតកម្ដៅក្ដីបារម្ភអំពីសុវត្ថិភាពក្នុងសហគមន៍ ជាពិសេសនៅក្នុងទីក្រុងប៉ាវទុកឃីត ជាទីក្រុងធំជាងគេលំដាប់ទី៤ ក្នុងរដ្ឋរ៉ូដអាយស្លេន ដែលមានប្រជាជនរស់នៅប្រមាណ៧៥០០០នាក់។ បច្ចុប្បន្ន ប៉ូលិសកំពុងបន្តប្រមូលភស្តុតាង ដើម្បីបញ្ជាក់ឱ្យច្បាស់ពីមូលហេតុពិតប្រាកដនៅពីក្រោយការវាយប្រហារដ៏សាហាវនេះ៕



