កម្ពុជាស្នើឡាវ ចែករំលែកព័ត៌មានតាមព្រំដែនប្រសិនមានបញ្ហា ដើម្បីដោះស្រាយដោយសន្តិវិធី
អុន សម្ផស្ស
10 ម៉ោងមុន

រាជធានីភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានស្នើដោយត្រង់ទៅកាន់សមភាគីឡាវ ឱ្យផ្តល់ដំណឹង និងព័ត៌មានទៅវិញទៅមក ដើម្បីបញ្ចៀសការប៉ះទង្គិចណាមួយ ក្នុងករណីកើតមានបញ្ហា..។

ផ្អែកតាមសេចក្តីប្រកាសព័ត៌មានក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា សំណើរបស់ លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា នេះ ធ្វើឡើងក្នុងជំនួបជាមួយលោកឧត្ដមសេនីយ៍ឯក សាយចៃ គុមម៉ាក់ស៊ីត អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនឡាវ កាលពីថ្ងៃទី១៧កុម្ភៈ។ ក្នុងជំនួបនោះ ប្រមុខការពារជាតិកម្ពុជា មានប្រសាសន៍ថា ឆ្នាំនេះ ជាខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ប្រមុខរដ្ឋាភិបាលទាំងពីរ បានឯកភាពរួមគ្នារៀបចំសកម្មភាពឱ្យបានច្រើន ជំរុញការផ្លាស់ប្ដូរដំណើរទស្សនកិច្ចកម្រិតខ្ពស់ ដើម្បីអបអរសាទរឆ្នាំដ៏សំខាន់នេះ។

ចំពោះវិស័យការពារជាតិ កងទ័ពប្រទេសទាំងពីរ បានបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរ ក្នុងនាមជាអ្នកជិតខាងល្អ។ ក្នុងន័យនេះ លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានស្នើតាមរយៈអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនឡាវថា៖«ប្រសិនបើមានបញ្ហាអ្វីកើតឡើងនៅតាមបណ្តាយព្រំដែននៃប្រទេសទាំងពីរ សូមជូនដំណឹង និងផ្តល់ព័ត៌មានទៅវិញទៅមកជាមួយគ្នា ដើម្បីដោះស្រាយប្រកបដោយសន្តិវិធី»ទន្ទឹមគ្នា លោកឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងលទ្ធផលជាផ្លែផ្កា រវាងអគ្គសេនាធិការកងទ័ពប្រជាជនឡាវ ជាមួយអគ្គបញ្ជាការដ្ឋាននៃកងយុទ្ធពលខេមរភូមិន្ទនាពេលនេះ។ 

លោកឧត្តមសេនីយ៍ឯក សាយចៃ គុមម៉ាក់ស៊ីត បានជម្រាបជូនអំពីដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ និងលទ្ធផលជាផ្លែផ្កា នៃជំនួបពិភាក្សាការងារទ្វេភាគី រវាងអគ្គសេនាធិការកងទ័ពប្រជាជនឡាវ ជាមួយអគ្គបញ្ជាការដ្ឋាននៃកងយុទ្ធពលខេមរភូមិន្ទ ដែលភាគីទាំងពីរ បានឯកភាពគ្នានៅលើចំណុចជាច្រើន។ ក្នុងនោះរួមមាន៖ ការផ្លាស់ប្ដូរគណៈប្រតិភូនៅគ្រប់កម្រិត, ការសិក្សាអប់រំ និងបណ្ដុះបណ្ដាល, (បច្ចុប្បន្ន សិក្ខាកាមយោធាកម្ពុជា សិក្សានៅប្រទេសឡាវចំនួន២៤រូប ហើយសិក្ខាកាមយោធាឡាវ កំពុងសិក្សានៅកម្ពុជាចំនួន២០រូប) បន្តកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ និងបានឯកភាពគ្នាជំរុញឱ្យមានការបោះបង្គោលព្រំដែនដែលនៅសេសសល់១៦ភាគរយ រវាងប្រទេសទាំងពីរ ឱ្យបានចប់សព្វគ្រប់ និងឆាប់រហ័ស៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត