
រាជធានីភ្នំពេញ៖ លោកឧបនាយករដ្ឋមន្រ្តី ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ ទៅរដ្ឋធានីវៀងចន្ទន៍ ចូលរួមអបអរសាទរខួប៥០ឆ្នាំ ថ្ងៃបង្កើតសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ…។

ដំណើរអញ្ជើញចូលរួមអបអរសាទរខួប៥០ឆ្នាំ ថ្ងៃបង្កើតសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ «២ធ្នូ ១៩៧៥-២ធ្នូ ២០២៥» ពីសំណាក់រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា ធ្វើឡើងតបតាមការអញ្ជើញរបស់លោក ខាំលៀង ឧថាក់កៃសន រដ្ឋមន្ត្រីក្រសួងការពារប្រទេស នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ពិធីនេះ នឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១-២ ខែធ្នូ ឆ្នាំ២០២៥។

ក្នុងឱកាសចូលរួមអបអរសាទរពិធីខាងលើ លោកឧបនាយកករដ្ឋមន្រ្តី ទៀ សីហា នឹងអញ្ជើញចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោក ខាំលៀង ឧថាក់កែសន រដ្ឋមន្ត្រីក្រសួងការពារជាតិប្រទេសឡាវ ដើម្បីបញ្ជាក់ឡើងវិញនូវការរឹតចំណងសាមគ្គីភាព មិត្តភាពរវាងកងទ័ព និងប្រជាជននៃប្រទេសទាំងពីរកម្ពុជា-ឡាវ។ ដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការពារជាតិកម្ពុជា ទៅកាន់ប្រទេសឡាវនាពេលនេះ ក៏ជាការជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការការពារជាតិ រវាងប្រទេសទាំងពីរឱ្យកាន់តែមានភាពរឹងមាំ ដើម្បីរួមគ្នាថែរក្សាសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពទៅថ្ងៃអនាគត៕




