
រដ្ឋធានីហាណូយ៖ កំលុងទៅបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃនៅរដ្ឋធានីហាណូយប្រទេសវៀតណាម រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា មានជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំសមត្ថកិច្ចកំពូលៗ ឡាវ និងវៀតណាម។ នេះបើតាម លោក រ៉េន រតនៈ អ្នកនាំពាក្យផ្ទាល់ លោកឧបនាយករដ្ឋមន្រ្តី ស សុខា បានលើកឡើងនៅរាត្រីថ្ងៃទី១៧សីហា ឆ្នាំ២០២៥..។

តាមរយៈដំណើរទៅបំពេញទស្សនកិច្ចចូលរួមកម្មវិធីខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃប្រពៃណីកងកម្លាំងនគរបាលប្រជាជនវៀតណាម ចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី១៧សីហា នៅរដ្ឋធានីហាណូយ លោកឧបនាយករដ្ឋមន្រ្តី ស សុខា មានជំនួបពិភាក្សាទ្វេភាគីជាមួយ លោកឧបនាយករដ្ឋមន្ត្រី វិល័យ ឡាខាំហ្វង (ວິໄລລັກ ຄຳຟອງ) រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ កាលពីថ្ងៃទី១៧។ ក្នុងជំនួបនោះ លោកឧបនាយករដ្ឋមន្រ្តីទាំងពីរ បានឯកភាពគ្នាលើចំណុចធំៗមួយចំនួន៖«ក្នុងស្ថានភាពដែលប្រទេសកម្ពុជា និងថៃ មានជម្លោះព្រំដែនជាមួយគ្នា អាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ចជាប់ព្រំដែនកម្ពុជា-ឡាវ ប្ដេជ្ញាបន្តកិច្ចសហការល្អជាមួយគ្នា ទាំងការចេញល្បាតពិនិត្យភូមិសាស្ត្របង្គោលព្រំដែន ការផ្លាស់ប្ដូរព័ត៌មាន និងការបង្ក្រាបបទល្មើស»។

ក្នុងថ្ងៃដដែលនោះ រដ្ឋមន្ត្រីមហាផ្ទៃកម្ពុជា ក៏មានជំនួបដាច់ដោយឡែកជាមួយ លោក លឿង តាមក្វាង រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម ដើម្បីពិភាក្សា និងប្ដូរយោបល់គ្នា អំពីសភាពការណ៍ប្រទេសរៀងៗខ្លួន សភាពការណ៍តំបន់ និងអន្តរជាតិ ដែលពាក់ព័ន្ធ ព្រមទាំងពិនិត្យឡើងវិញនូវបច្ចុប្បន្នភាព នៃការអនុវត្តយន្តការកិច្ចសហប្រតិបត្តិការ ឆ្នាំ២០២៥ ជំរុញនិងជួយជ្រោមជ្រែងការអនុវត្តឱ្យកាន់តែទទួលបានលទ្ធផលផ្លែផ្កា ស្របតាមការព្រមព្រៀង។ ភាគីទាំងពីរ ក៏បានគូសបញ្ជាក់ជាថ្មីទៀតនូវគុណតម្លៃនៃភាពជាអ្នកជិតខាងល្អ និងមិត្តភាពជាប្រពៃណី។

ជាការកត់សម្គាល់ ក្នុងជំនួបដាច់ដោយឡែកជាមួយរដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈឡាវ និងរដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម លោកឧបនាយករដ្ឋមន្រ្តី ស សុខា គូសបញ្ជាក់អំពីឆន្ទៈ និងការអនុវត្តយ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ អំពើជួញដូរមនុស្ស និងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ទាំងកម្រិតផ្ទៃក្នុងប្រទេស កិច្ចសហប្រតិបត្តិការទ្វេភាគី និងជាអន្តរជាតិ។ ទន្ទឹមនោះ កម្ពុជាក៏បានស្នើសុំការយោគយល់ ចំពោះការសម្រេចចិត្តរបស់ក្រសួងមហាផ្ទៃ លើកពេលទទួលរៀបចំកិច្ចប្រជុំត្រីភាគី ថ្នាក់រដ្ឋមន្រ្តីលើកទី២ ដោយសារភាពតានតឹងតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ។

ចំពោះបញ្ហាព្រំដែនជាមួយភាគីថៃ កម្ពុជាប្រាប់វៀតណាម និងឡាវ ពីគោលជំហរសន្តិភាព នឹងកិច្ចការពារបូរណភាពទឹកដីរបស់រាជរដ្ឋាភិបាល ជាពិសេស ការអនុវត្តបទឈប់បាញ់ និងការបន្តដោះស្រាយបញ្ហាព្រំដែន តាមយន្តការសន្ធិសញ្ញាទ្វេភាគី និងច្បាប់អន្តរជាតិ៕



