
រាជធានីភ្នំពេញ៖ ស្របពេលបរិបទសភាពការណ៍តំបន់ និងពិភពលោកកំពុងវិវត្តយ៉ាងឆាប់រហ័ស និងស្មុគស្មាញ កម្ពុជា-ឡាវ ប្ដេជ្ញារឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរឱ្យកាន់តែតឹងណែន កក់ក្ដៅ និងជិតស្និទ្ធ...។

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងលោក ថងលុន ស៊ីសុលីត អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ បានយល់ឃើញដូចគ្នាពីសារសំខាន់នៃការរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ ហើយមិនព្រមអនុញ្ញាតឱ្យកម្លាំងអមិត្តណាមួយប្រើប្រាស់ទឹកដីរបស់ប្រទេសមួយ ដើម្បីបំផ្លាញសន្តិសុខ ស្ថិរភាព ឬអធិបតេយ្យរបស់ប្រទេសមួយទៀតឡើយ។ ការប្ដេជ្ញាចិត្តនេះ ស្របតាមស្មារតី មិត្តភាពជាប្រពៃណី សាមគ្គីភាព ភាពជាអ្នកជិតខាងល្អ និងទំនាក់ទំនងជាបងប្អូនយូរអង្វែងរវាងកម្ពុជា និងឡាវ ដើម្បីវិបុលភាពរួម។ នេះបើតាមលទ្ធផលក្នុងជំនួបកំពូលរវាងសម្ដេចតេជោ ហ៊ុន សែន និងលោកថងលុន ស៊ីសុលីត ក្នុងឱកាស អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាពីថ្ងៃទី៦-៧កុម្ភៈ ឆ្នាំ២០២៦។

សម្ដេចតេជោ ហ៊ុន សែន និង លោក ថងលុន ស៊ីសុលីត បានកោតសរសើរចំពោះកិច្ចសហការ និងការរក្សាបានសន្តិសុខតាមព្រំដែន ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន សំដៅធ្វើឱ្យព្រំដែនមានសុខសន្តិភាព។ ថ្នាក់ដឹកនាំទាំងពីរ បានឯកភាពបង្កើន និងពង្រឹងទំនាក់ទំនងរវាងកងកម្លាំងប្រដាប់អាវុធនៃប្រទេសទាំងពីរ តាមរយៈការផ្លាស់ប្ដូរបទពិសោធ ដើម្បីចូលរួមចំណែកឆ្លើយតបទៅនឹងតម្រូវការក្នុងបរិបទបច្ចុប្បន្ន ព្រមទាំងពង្រឹងយន្តការយោធាក្នុងក្របខ័ណ្ឌបីប្រទេសកម្ពុជា-ឡាវ-វៀតណាម។ បន្ថែមពីលើការសម្រេចបានការងារខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនបាន៨៦ភាគរយ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានឯកភាពរួមគ្នាដោះស្រាយបញ្ហាព្រំដែនដែលនៅសេសសល់ប្រមាណ១៤ភាគរយ ដើម្បីប្រែក្លាយតំបន់ព្រំដែនជាព្រំដែនកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍសម្រាប់ផលប្រយោជន៍នៃប្រជាជនទាំងពីរ។

ក្នុងជំនួបដដែល ថ្នាក់ដឹកនាំទាំងពីរ កម្ពុជា-ឡាវ បានស្វាគមន៍ចំពោះការប្រាស្រ័យទាក់ទងគ្នាកម្រិតខ្ពស់ជាបន្តបន្ទាប់ និងទំនាក់ទំនងនៅគ្រប់កម្រិតលើគ្រប់វិស័យ ដែលបានពង្រឹងមិត្តភាពជាប្រពៃណីបន្ថែមទៀត និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែមានអត្ថន័យ និងមានប្រសិទ្ធភាព។ សម្ដេចតេជោ ហ៊ុន សែន និងលោក ថងលុន ស៊ីសុលីត ពេញចិត្តយ៉ាងខ្លាំងចំពោះការរីកចម្រើនជាវិជ្ជមាននៃទំនាក់ទំនងជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងកម្ពុជា-ឡាវ ក្នុងរយៈពេលកន្លងមកដែលបាននាំមកនូវផលប្រយោជន៍រួម ជាក់ស្តែងសម្រាប់ប្រជាជននៃប្រទេសទាំងពីរ និងបានឯកភាពរួមគ្នារៀបចំសកម្មភាពនានាឱ្យបានអធិកអធម ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ក្នុងឆ្នាំ២០២៦៕




