ក្រសួងអប់រំ គ្រោងសាងសង់សាលារៀនបណ្ដោះអាសន្ន ក្នុងជំរំភៀសសឹកនៅខេត្តបន្ទាយមានជ័យ
L
Linda Sorn
12 ម៉ោងមុន

រាជធានីភ្នំពេញ៖ បន្ទាប់ពីពលរដ្ឋភៀសសឹកខេត្តបន្ទាយមានជ័យមួយចំនួនធំ នៅមិនទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ ហើយសិស្សានុសិស្សក៏ពិបាកធ្វើដំណើរទៅសិក្សា លោកឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីមន្រ្តីក្រសួងអប់រំ បានបើកកិច្ចប្រជុំមួយមន្រ្តីពាក់ព័ន្ធ ដើម្បីពិភាក្សាពី «ការរៀបចំសាលារៀននៅជំរំក្នុងខេត្តបន្ទាយមានជ័យ»...

លោកឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា។ រូបភាព៖​ ក្រសួងអប់រំ
លោកឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា។ រូបភាព៖​ ក្រសួងអប់រំ

បើតាមការឱ្យដឹងពីក្រសួងអប់រំ កិច្ចប្រជុំពិនិត្យ និងសម្រេចលើផែនការរៀបចំសាលារៀនក្នុងជំរំខេត្តបន្ទាយមានជ័យ នៅថ្ងៃពុធទី១៨កុម្ភៈ ឆ្នាំ២០២៦ ធ្វើឡើងបន្ទាប់ពីក្រុមការងារជំនាញ បានចុះពិនិត្យផ្ទាល់នៅទីតាំងជាក់ស្ដែង និងជួបសម្ភាសន៍ជាមួយគណៈគ្រប់គ្រងសាលារៀន លោកគ្រូអ្នកគ្រូ និងអ្នកពាក់ព័ន្ធតាមរយៈកម្រងសំណួរសម្ភាសន៍ ថតផ្តិតយករូបភាពសំខាន់ៗ និងរៀបចំរបាយការណ៍ជូនថ្នាក់ដឹកនាំក្រសួងអប់រំ។ ក្រសួងបញ្ជាក់ថា កិច្ចប្រជុំបានពិនិត្យពិភាក្សាលម្អិតលើរបាយការណ៍នៃការខូចខាតក្រោយសង្គ្រាមយោធាថៃឈ្លានពាន និងតម្រូវការជាក់ស្តែង ដើម្បីរៀបចំសាលារៀននៅជំរំ និងបានពិភាក្សាផ្លាស់ប្ដូរយោបល់ប្រមូលធាតុចូល ដើម្បីកែលម្អលើគម្រោងផែនការសាងសង់សាលារៀនបណ្ដោះអាសន្ននៅក្នុងជំរំក្នុងខេត្តបន្ទាយមានជ័យ និងការសាងសង់កន្លែងប្រើប្រាស់បណ្ដោះអាសន្ន ដើម្បីសម្រួលដល់ដំណើរការរៀន និងបង្រៀនអំឡុងពេលសាងសង់អគារសិក្សាស្ដង់ដារឹងមាំ។

មន្រីពាក់ព័ន្ធចូលរួមកិច្ចប្រជុំស្តីពី «ការរៀបចំសាលារៀននៅជំរំក្នុងខេត្តបន្ទាយមានជ័យ»។ រូបភាព៖​ ក្រសួងអប់រំ
មន្រីពាក់ព័ន្ធចូលរួមកិច្ចប្រជុំស្តីពី «ការរៀបចំសាលារៀននៅជំរំក្នុងខេត្តបន្ទាយមានជ័យ»។ រូបភាព៖​ ក្រសួងអប់រំ

ក្នុងកិច្ចប្រជុំ លោកឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន បានណែនាំឱ្យមន្រ្តីពាក់ព័ន្ធ រៀបចំបង្កើតគណៈកម្មាធិការក្រុមការងារចំពោះកិច្ច ដើម្បីជំរុញរៀបចំសាលារៀនក្នុងជំរំខេត្តបន្ទាយមានជ័យនេះ ដោយរក្សារចនាសម្ព័ន្ធសាលារៀនគោលដៅនៅដដែល។ លោកគូសបញ្ជាក់ថា៖«ពាក់ព័ន្ធនឹងការផ្លាស់ប្ដូរទីតាំងនៃការសាងសង់សាលារៀន សូមក្រុមការងារជំនាញសិក្សាឱ្យបានច្បាស់លាស់ពីចំនួនសិស្ស និងទំហំនៃការវិនិយោគឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផល។ ​ត្រូវចុះពិនិត្យផ្ទាល់ដល់ទីតាំងថ្មីដោយសហការឱ្យបានល្អជាមួយមន្ទីរអប់រំ យុវជន កីឡាខេត្ត អាជ្ញាធរដែនដី ដៃគូអភិវឌ្ឍន៍ និងម្ចាស់ជំនួយនានា ដែលបានចូលរួមចំណែកក្នុងគម្រោងជួសជុល និងសាងសង់សាលារៀនដែលខូចខាតឡើងវិញ»

បន្ទប់រៀនបណ្តោះអាសន្នក្នុងខេត្តបន្ទាយមានជ័យ។ រូបភាព៖ ក្រសួងអប់រំ
បន្ទប់រៀនបណ្តោះអាសន្នក្នុងខេត្តបន្ទាយមានជ័យ។ រូបភាព៖ ក្រសួងអប់រំ

លោកក៏បានណែនាំឱ្យបន្តយកចិត្តទុកដាក់ លើកទឹកចិត្តនាយក នាយិកាសាលា និងលោកគ្រូអ្នកគ្រូ នៅតំបន់ដែលរងផលប៉ះពាល់ ដោយគូសបញ្ជាក់ពីភាពចាំបាច់ក្នុងការបន្តតាមដានសភាពការណ៍បច្ចុប្បន្នភាពនៅតំបន់ព្រំដែន និងបន្តពង្រឹងកិច្ចសហការគ្នាឱ្យបានល្អប្រសើរផងដែរ។ ក្រសួងអះអាងថា ឆ្លើយតបនឹងស្ថានភាពបច្ចុប្បន្ននៅតាមតំបន់ព្រំដែនជាមួយប្រទេសថៃ ក្រសួងបានរៀបចំផែនការស្តារសាលារៀនឡើងវិញដោយបែងចែកជាតំបន់មានការហ៊ុមព័ទ្ធដោយយោធាថៃ ជាតំបន់ក្រហម និងតំបន់ផ្សេងៗទៀត ដែលអាចចាប់ផ្តើមចូលទៅរៀបចំ និងស្តារឡើងវិញបានជាបណ្តើរៗ ដើម្បីធានាបានថា ការអប់រំនៅតែបន្ត ជាពិសេសដើម្បីអភិវឌ្ឍសាលារៀននៅតាមតំបន់ព្រំដែនឱ្យរឹងមាំ និងល្អប្រសើរសម្រាប់ប្រើប្រាស់យូរអង្វែង ស្របតាមផែនការយុទ្ធសាស្ត្រអាទិភាពរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍធនធានមនុស្សឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០ និង២០៥០។

បន្ទប់រៀនបណ្តោះអាសន្នក្នុងខេត្តបន្ទាយមានជ័យ។ រូបភាព៖ ក្រសួងអប់រំ
បន្ទប់រៀនបណ្តោះអាសន្នក្នុងខេត្តបន្ទាយមានជ័យ។ រូបភាព៖ ក្រសួងអប់រំ

គួរបញ្ជាក់ថា ផ្ទះប្រជាពលរដ្ឋចំនួនជាង២ពាន់ខ្នង ក្នុងខេត្តបន្ទាយមានជ័យ ត្រូវបានបំផ្លាញ និងភូមិចំនួន៦ ត្រូវបានកងទ័ពថៃ ដាក់ទូរកុងតឺន័រ និងរាយបន្លាលួសហ៊ុំព័ទ្ធយកគ្រប់គ្រងទាំងកម្រោល ក្នុងដែនអធិបតេយ្យរបស់កម្ពុជា។ កត្តាទាំងនេះ ធ្វើឱ្យពលរដ្ឋចំនួន៣ពាន់គ្រួសារ កំពុងបន្តស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាព និងមួយចំនួនស្នាក់នៅផ្ទះសាច់ញាតិ រីឯព្រះសង្ឃ៤៤អង្គ បន្តគង់នៅវត្តផ្សេងៗដែលមានសុវត្ថិភាព៕

បន្ទប់រៀនបណ្តោះអាសន្នក្នុងខេត្តបន្ទាយមានជ័យ។ រូបភាព៖ ក្រសួងអប់រំ
បន្ទប់រៀនបណ្តោះអាសន្នក្នុងខេត្តបន្ទាយមានជ័យ។ រូបភាព៖ ក្រសួងអប់រំ
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត