
ក្រុងពោធិ៍សាត់៖ មន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ បានចេញមកអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋប្រើប្រាស់ទឹកដោយសន្សំសំចៃបំផុត ស្របពេលអាងស្តុកទឹកទំនប់ទី៣ បានបើកបង្ហូរទឹកចេញអស់មួយចំនួនធំហើយ…។

មន្ទីរធនធានទឹកខេត្តពោធិ៍សាត់ បានឱ្យដឹងនៅថ្ងៃទី១៨កុម្ភៈនេះថា អាងស្តុកទឹកទំនប់ទី៣ មានលទ្ធភាពស្តុកទឹកបាន២៥,៥លានម៉ែត្រគូប សម្រាប់ផ្គត់ផ្គង់ដល់ការស្រោចស្រពលើវិស័យកសិកម្ម និងប្រើប្រាស់តាមដងស្ទឹងពោធិ៍សាត់។ យ៉ាងណា អាងស្តុកទឹកនេះ បានបើកបង្ហូរទឹកជូនដល់បងប្អូនប្រជាកសិករ សម្រាប់ស្រោចស្រពការបង្កបង្កើនផលស្រូវប្រាំង និងស្រូវបន្ថែមទឹកចុងរដូវប្រាំង បានមួយចំនួនធំហើយ។ ដូច្នេះ ជាវិធានការរក្សាទឹកទុកប្រើប្រាស់ប្រចាំថ្ងៃនារដូវប្រាំងនេះ កុំឱ្យជួបបញ្ហាខ្វះខាត សូមប្រជាពលរដ្ឋក្នុងខេត្តទាំងអស់ ប្រើប្រាស់ទឹកប្រកបដោយការសន្សំសំចៃខ្ពស់បំផុត ដើម្បីប្រយោជន៍រួមសម្រាប់ខេត្តពោធិ៍សាត់។

ពោធិ៍សាត់ ជាខេត្តមួយក្នុងចំណោមបណ្ដាខេត្ត៧ផ្សេងទៀតនៅភាគខាងជើង និងជុំវិញបឹងទន្លេសាប រួមមាន៖ ខេត្តបន្ទាយមានជ័យ, ឧត្តរមានជ័យ, ព្រះវិហារ, សៀមរាប, កំពង់ធំ, បាត់ដំបង, និងកំពង់ឆ្នាំង ដែលប្រឈមនឹងមានភ្លៀងតិចជាងមធ្យម ហើយអាចបណ្ដាលឱ្យមានការខ្វះខាតទឹកប្រើប្រាស់នៅក្នុងខែកុម្ភៈ និងខែមីនា ឆ្នាំនេះ។ បើយោងតាមលទ្ធផលតាមដាន វិភាគ និងព្យាករស្ថានភាពអាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម ក្រៅពីប្រើប្រាស់ទឹកសន្សំសំចៃ ក្រសួងបានលើកទឹកចិត្តឱ្យអាជ្ញាធរដែនដី និងប្រជាពលរដ្ឋយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នចំពោះអាកាសធាតុដែលមានបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតមានច្រើននៅក្នុងខែមេសា និងខែឧសភាផងដែរ៕




