អ្នកស្នងអំណាចកូរ៉េខាងជើង! ចារកម្មកូរ៉េខាងត្បូងទម្លាយ កូនស្រីលោក គីម ជុងអ៊ុន ជាអ្នកបន្តវេន
N
Nary Vann
16 ម៉ោងមុន

រដ្ឋធានីសេអ៊ូល៖ ពិភពលោកកំពុងតាមដានយ៉ាងដិតដល់ ចំពោះការផ្លាស់ប្ដូរអំណាចនៅរដ្ឋធានីព្យុងយ៉ាង បន្ទាប់ពីសមាជិកសភាជាន់ខ្ពស់កូរ៉េខាងត្បូងម្នាក់ បានទម្លាយនៅថ្ងៃទី១២ ខែកុម្ភៈនេះថា លោក គីម ជុងអ៊ុន កំពុងចាត់វិធានការយ៉ាងច្បាស់លាស់ ដែលនឹងបង្កកតំណែងបុត្រីរបស់លោក ឱ្យក្លាយជាអ្នកបន្តវេននៃមេដឹកនាំកូរ៉េខាងជើង។

បើតាមរបាយការណ៍ពីទីភ្នាក់ងារចារកម្មជាតិកូរ៉េខាងត្បូង (NIS) កូនស្រីរបស់លោក គីម ដែលគេជឿថា មានឈ្មោះ គីម ជូអេ (Kim Ju Ae) មិនត្រឹមតែបង្ហាញខ្លួនជាការបំពេញមុខនោះទេ ប៉ុន្តែថែមទាំងចាប់ផ្ដើមផ្តល់មតិយោបល់លើគោលនយោបាយជាតិសំខាន់ៗទៀតផង។ សមាជិកសភា លោក លី សឹងគាន់ (Lee Seong-kweun) បានប្រាប់អ្នកយកព័ត៌មានថា កាលពីមុន ទីភ្នាក់ងារចារកម្មជាតិកូរ៉េខាងត្បូង ធ្លាប់ប្រើពាក្យថា កញ្ញា ជូអេ ស្ថិតក្នុងដំណាក់កាល «សិក្សាដើម្បីធ្វើជាអ្នកបន្តវេន» ប៉ុន្តែពេលនេះ ទីភ្នាក់ងារចារកម្មបានប្ដូរមកប្រើពាក្យថា នាងស្ថិតក្នុងដំណាក់កាល «ត្រូវបានតែងតាំងជាអ្នកបន្តវេនផ្ទៃក្នុង» រួចជាស្រេច។ កញ្ញា ជូអេ ដែលគេជឿថា ស្ថិតក្នុងវ័យជំទង់ ប្រហែល១៣ទៅ១៤ឆ្នាំ ត្រូវបានគេចាត់ទុកថា ជាមេដឹកនាំលំដាប់ទីពីរ បន្ទាប់ពីឪពុករបស់នាង តាមរយៈសកម្មភាពចុះត្រួតពិនិត្យអាវុធ និងកិច្ចការរដ្ឋជាបន្តបន្ទាប់។

អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍នោះ គឺ កូរ៉េខាងជើង បានប្រកាសថា នឹងរៀបចំមហាសន្និបាតបក្សពលករនៅចុងខែកុម្ភៈនេះ ដែលអ្នកវិភាគជឿថា ជាវេទិកាបង្ហាញពីគោលដៅសេដ្ឋកិច្ច ការបរទេស និងការពារជាតិដ៏ធំ។ ស្របពេលជាមួយគ្នានេះ NIS ក៏បានបញ្ជាក់ថា លោក គីម ជុងអ៊ុន កំពុងដឹកនាំការផលិតនាវាមុជទឹកខ្នាតយក្សទម្ងន់៨៧០០តោន ដែលអាចផ្ទុកមីស៊ីលផ្លោងរហូតដល់១០ដើម ហើយវាអាចនឹងត្រូវដើរដោយថាមពលនុយក្លេអ៊ែរទៀតផង។ ទោះបីជាស្ថានភាពប្រតិបត្តិការរបស់នាវាមុជទឹកនេះនៅមិនទាន់ច្បាស់លាស់ ប៉ុន្តែវត្តមានរបស់កញ្ញា គីម ជូអេ អមដំណើរឪពុកក្នុងគម្រោងអាវុធយុទ្ធសាស្ត្រធំៗបែបនេះ សបញ្ជាក់ថា នាងកំពុងត្រូវបានហ្វឹកហាត់ឱ្យក្លាយជាមេដឹកនាំជំនាន់ទី៤ នៃអាណាចក្រត្រកូល គីម ដែលកាន់អំណាចនៅកូរ៉េខាងជើង៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត